ភ្នំពេញៈ មួយថ្ងៃ​បន្ទាប់ពី​រដ្ឋសភា​​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម សហព័ន្ធ​សហជីព​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជិត ១០ ​បាន​បង្ហាញ​ការខកចិត្ត​ជាខ្លាំង​ដោយ​បាន​អះអាង​ថា សេចក្តី​ព្រាងច្បាប់​នេះ​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​មិន​បាន​ផ្ដល់​ឱកាស​ដល់​តំណាង​ពួកគេ​បាន​ចូលរួម​ពិគ្រោះ​យោបល់​ឲ្យ​បាន​ពេញលេញ​។

កាលពី​ថ្ងៃទី​ ៨ ​ខែ​ តុលា​ ឆ្នាំនេះ សភា​ពេញអង្គ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែល​មាន​ ១១ ​ជំពូក​ និង​ ១០៧ ​មាត្រា បន្ទាប់ពី​ច្បាប់​នេះ​ត្រូវបាន​​គណៈរដ្ឋមន្ត្រី​បញ្ជូន​មកកាន់​រដ្ឋសភា​ជាតិ​ ដើម្បី​បន្ត​នីតិវិធី​កាលពី​ថ្ងៃទី​ ២ ខែ​ សីហា ឆ្នាំ​ ២០១៩​។

តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ សមាគម​ទាំងនោះ​បាន​​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​កាលពី​ថ្ងៃទី​ ១៨ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ ពួកគេ​បាន​ដាក់​លិខិត​រួមមួយ​មក​លោក ហេង សំរិន ប្រធានរដ្ឋសភា​ក្នុង​បំណង​ស្នើសុំ​អត្ថបទ​សេចក្តី​ព្រាងច្បាប់​មួយ​នេះ និង​ស្នើសុំ​ឲ្យ​មាន​ការពិគ្រោះ​យោបល់​ពេញលេញ​ជាមួយ​អ្នក​ពាក់ព័ន្ធ​គ្រប់​វិស័យ​ឡើងវិញ​។

សេចក្តី​ថ្លែងការណ៍​បាន​បន្តថា ជា​អកុសល​រហូត​មក​ទល់​ពេល​នេះ​សហព័ន្ធ សហជីព សមាគម​ និង​អង្គការ​សង្គម​ស៊ីវិល​មិនទាន់​បាន​ទទួល​​បាន​សេចក្តី​ព្រាងច្បាប់​នេះ​នៅឡើយ ហើយ​ស្រាប់តែ​បាន​ឃើញ​សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភាជាតិ​បាន​បញ្ជាក់​ពី​ការ​លើកយក​សេចក្តី​ព្រាង​ច្បាប់​នេះ និង​សេចក្តី​ព្រាង​ច្បាប់​មួយចំនួន​ទៀត​មក​ពិភាក្សា និង​អនុម័ត​។

សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ស្នើ​ដោយ​ទទូច​ជាថ្មីទៀត​សូម​ឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ធ្វើការ​ពិចារណា​ឡើងវិញ ដោយ​ពន្យារពេល​នៃ​ការអនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ ហើយ​ផ្សព្វផ្សាយ​សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​សាធារណៈ​និង​ធ្វើការ​ពិគ្រោះយោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​ពេញលេញ​ ជាពិសេស​តំណាង​កម្មករនិយោជិត និង​សហគមន៍​ដែល​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ចំពោះ​អ្នកទទួល​ផលប្រយោជន៍ និង​ប៉ះពាល់​ដោយសារ​ច្បាប់​នេះ​»​។

ជាមួយ​គ្នា​នេះ​ក្រុម​អង្គការ​សមាគម​ទាំងនោះ​បាន​លើកឡើង​ថា ​ស្របតាម​គោលការណ៍​នីតិរដ្ឋ​ដែល​ឈរ​លើ​មូលដ្ឋាន​គណនេយ្យភាព និង​តម្លាភាព​ក្នុងសង្គម​ក្នុង​ន័យ​នេះ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​អង្គការ​​សហប្រជាជាតិ​បាន​ផ្តល់​ជា​អនុសាសន៍​ថា កម្ពុជា​គួរតែ​ធានា​ឱ្យ​បាន​នូវ​តម្លាភាព​ក្នុង​ដំណើរ​ការធ្វើ​ច្បាប់ ឬ តាក់តែង​ច្បាប់ និង​ដាក់​រាល់​សេចក្តីព្រាង ឬស្នើច្បាប់​ទាំងអស់​ឱ្យ​សាធារណជន​រកបាន​ដើម្បី​ជួយ​សម្រួល​ដល់​ការសន្ទនា និង​ការជជែក​ពិភាក្សា​ជា​សាធារណៈ​ដោយ​ប្រជាពលរដ្ឋ​ជាមួយ​អ្នកតំណាង​របស់​ខ្លួន​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភាជាតិ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ដោយសារ​សេចក្តី​ព្រាង​ច្បាប់​នេះ​បានអនុម័ត​នៅក្នុង​ដំណាក់កាល​រដ្ឋសភា​រួចទៅ​ហើយ និង​បាន​បញ្ជូន​ទៅដល់​ស្ថាប័នព្រឹទ្ធសភា ដូច្នេះ​លោក​ក៏​​សង្ឃឹម​ថា ស្ថាប័នព្រឹទ្ធសភា​ក៏​នឹង​ពិចារណា​លើ​ការស្នើសុំ​របស់​ក្រុម​អង្គការ​ទាំងនេះ​ផងដែរ បើ​ពិនិត្យ​ឃើញ​ថា ការស្នើសុំ​នេះ​ពិតជា​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់​ថា គាត់​ឲ្យ​យោបល់​មាន​តម្លៃ​អាច​ថា យក​មក​ពិចារណា​ដែរ​ដើម្បី​ឲ្យ​គ្រប់​គ្នា​អាច​យកមក​ពិចារណា ទោះ​ច្បាប់​នេះ​មក​ដល់​ព្រឹទ្ធសភា​ក៏ដោយ ក៏ត្រូវ​ប្រើពេល​យូរ​ទៀត​មុននឹង​ប្រកាស​ឲ្យ​ប្រើ​ដែរ​។ គំនិត​ហ្នឹង មើល​ទៅ​ល្អ ឬ​ត្រឹមត្រូវ ហើយ​បើ​ប្រើ​ទៅ​មាន​ការពិបាក គួរតែ​ពិចារណា​ដែរ​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​លោក​មិន​មាន​អ្នកទទួល​។

ប៉ុន្តែ​ក្នុង​កិច្ចប្រជុំសភា​មុនពេល​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ លោក អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែងថា សេចក្តី​ព្រាង​នេះ​ពិតជា​មាន​សារៈសំខាន់​​បំផុត​សម្រាប់​បុគ្គល​ដែល​ស្ថិត​​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​ឯកជន និង​បុគ្គល​ស្វ័យ​និយោជន៍​។

លោក​ថា​៖ «​សេចក្តី​ព្រាង​ច្បាប់​​ស្តីពី​របប​សន្តិសុខ​សង្គម​នេះ មាន​គោលបំណង​បង្កើត​ឱ្យ​មាន​របប​សន្តិ​សុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​គោលការណ៍​​សាមគ្គីធម៌ និង​សមធម៌​សង្គម​ដែល​រួមមាន​​ ៤ ​ផ្នែក​គឺ​ផ្នែក​​ប្រាក់​សោធន​ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ​សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិតក្រោម​ច្បាប់​ស្តីពី​ការងារ​គិត​រួម​ទាំង​បុគ្គលិក​ផ្លូវអាកាស នាវា​​សមុទ្រ និង​អ្នកបម្រើ​តាម​ផ្ទះ ព្រម​ទាំង​បុគ្គល​ស្វ័យ​និយោជន៍​»​។

យ៉ាងណា​ក៏ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​ស្វែងរក​ខ្លឹមសារ​រួម​នៃ​សេចក្តី​ព្រាង​​ច្បាប់​នេះ​បាន​នៅ​ឡើយ​ទេ​។

លោក ម៉ម ប៊ុននាង អ្នក​នាំពាក្យ​របស់​ស្ថាប័ន​ព្រឹទ្ធសភា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិល​ថា ការពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​​គឺ​ផ្អែកលើ​ការស្នើ​របស់​រាជរដ្ឋាភិបាល ហើយ​រដ្ឋសភា​បាន​អនុម័ត និង​បាន​បញ្ជូន​មក​​កាន់​ព្រឹទ្ធសភា ដូច្នេះ​ដោយសារ​តែ​ច្បាប់​នេះ​បាន​កំណត់​ថា​ជា​ការ​ប្រញាប់​មិន​អាច​ឲ្យ​ព្រឹទ្ធសភា​មាន​ពេលវេលា​គ្រប់គ្រាន់​ធ្វើ​តាម​សំណើ​ទាំងនេះ​​បានទេ​។

ម្យ៉ាង​ទៀត​លោក​បាន​​អះអាង​ថា ដោយសារ​សេចក្តី​ព្រាង​ច្បាប់​នេះ មុន​ឈាន​មក​ដល់ដៃ​ព្រឹទ្ធសភា គឺ​បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ណាស់ ដូច្នេះ​ព្រឹទ្ធសភា​នឹង​ប្រើ​ពេលវេលា​ដែល​ខ្លួន​មាន​ដើម្បី​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រាយ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិន​អាច​ទៅ​ធ្វើ​តាម​សង្គម​ស៊ីវិល​ទាមទារ​បាន​ទេ ព្រោះ​មុន​នឹង​ច្បាប់​ហ្នឹង​បង្កើត​ក៏​គេ​បាន​ធ្វើ​សិក្ខាសាលា​គ្រប់​ជាន់ថ្នាក់​ហើយ ​ដោយសារ​គាត់​មិន​ចាប់​អារម្មណ៍​ខ្លួន​គាត់​ទេ​ក្នុង​ការពិនិត្យ​តាំងពី​ហ្នឹង ហើយ​មកសុំ​ពិគ្រោះ​ និង​ផ្តល់យោបល់​មក​ដល់​ព្រឹទ្ធសភា​ហើយ អត់​បាន​ទេ បើ​យោង​តាម​រដ្ឋធម្មនុញ្ញ យើង​មាន​ពេល​តែ​ ៥ ​ថ្ងៃ​ទេ​ដើម្បី​បំពេញ​ឲ្យ​បាន​ទាន់ពេល​មុន​នឹង​ចូល​កិច្ចប្រជុំ​ព្រឹទ្ធសភា​ពេញអង្គ​»៕