ភ្នំពេញៈ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញ​ឯកសារ​មួយ​ចំនួន​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ចាប់​តាំងពី​ខែ​មិថុនា​ឆ្នាំ​មុន​ដោយ​បង្ហាញ​ថា​ការិយាល័យ​បាន​លើក​ឡើង​នូវ​ក្តីបារម្ភ​របស់​ខ្លួន​អំពី​បញ្ហា​ជាច្រើន​ដែល​មាន​តាំងពី​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​។

លោកស្រី​បាន​សរសេរ​ថា​កាលពី​ថ្ងៃទី​ ៨ ខែ​កញ្ញា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី Rhona Smith បាន​លើក​ឡើង​នូវ​មន្ទិលសង្ស័យ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ៥ ​ថ្ងៃ​ជា​មុន ដែល​ «​ទំនង​ជា​ផ្ទុយ​នឹង​សិទ្ធិ​ទទួល​បាន​សេរីភាព និង​សន្តិសុខ និង​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​»​។

គ្រាន់​តែ​ ២ ​ថ្ងៃ​មុន​នោះ​លោកស្រី Smith និង​លោក David Kaye អ្នក​រាយការណ៍​ពិសេស​ស្តីពី​សេរីភាព​នៃ​ការបញ្ចេញមតិ​បាន​សុំ​ឲ្យ​មាន​ការ​ពន្យល់​ចំពោះ​បញ្ហា​បំណុល​ពន្ធ​ដែល​ដាក់​ទៅ​លើ​កាសែត​ឌឹខេមបូឌាដេលី និង​មូលដ្ឋាន​ច្បាប់​ចំពោះ​ការដក​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ​នៃ​ស្ថានីយ​វិទ្យុ​ជាច្រើន​។

កាសែត​ឌឹខេមបូឌាដេលី បាន​បិទ​នៅ​ពេល​កាសែត​នេះ​មាន​បញ្ហា​បំណុល​ពន្ធ​ចំនួន​ ៦,៣ ​លាន​ដុល្លារ​កាលពី​ខែ​សីហា​ឆ្នាំ​មុន​។

ជាង​មួយ​ខែ​កន្លះ​ក្រោយ​មក​នៅ​ថ្ងៃ​ទី​ ៣០ ខែ​តុលា បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ឆ្លើយតប​ដោយ​អះអាង​ថា អ្នក​គ្រប់គ្រង​របស់​កាសែត​នេះ​មិន​សហការ​ជាមួយ​នីតិវិធី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​សរសេរ​ថា​៖ «[​អគ្គនាយកដ្ឋាន​ពន្ធដារ​] ​បាន​ទូរស័ព្ទ​ជាច្រើន​ដង​ទៅ​ការិយាល័យ​ [​កាសែត​ឌឹខេមបូឌាដេលី​] និង​បាន​ផ្ញើលិខិត​អញ្ជើញ​មួយ​ចំនួន​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​មក​ការិយាល័យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​បញ្ហា​មិន​អនុលោមភាព​ពន្ធដារ​ដើម្បី​ដោះស្រាយ​កាតព្វកិច្ច​ពន្ធដារ​របស់​ពួកគេ ហើយ​លិខិត​ទាំងអស់​នោះ​មិន​ត្រូវ​បាន​អើពើ​ដោយ​កាសែត​ឌឹខេមបូឌាដេលី​ដោយ​ចេតនា​»​។

អ្នក​រាយការណ៍​ពិសេស​ជាច្រើន​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​ ១ ខែ​មិថុនា​បាន​សម្ដែង ​«​ក្តីបារម្ភ​ធ្ងន់ធ្ងរ​» ​ចំពោះ​ការដាក់​ពន្ធនាគារ​ «​មន្ត្រី​អាដហុក​ ៥ ​នាក់​» ព្រម​ទាំង​ការ​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​ដីធ្លី​អ្នកស្រី ទេព វន្នី​។

នៅ​ខែ​ជាមួយ​គ្នា​នោះ​ «​មន្ត្រី​អាដហុក​​ ៥ ​នាក់​» ​ដែល​ ៤ ​នាក់​ជា​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក និង​ម្នាក់​ទៀត​ជា​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​លោក​ ឌឿម គុនឌី និង លោក ហ៊ុន វណ្ណៈ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការថតរូប​នាវា​ដឹក​ខ្សាច់​នៅ​ខេត្ត​កោះកុង​ក៏​ជា​បញ្ហា​មួយ​នៃ​ក្តីបារម្ភ​ផង​ដែរ ហើយ​បាន​លេចឡើង​នៅក្នុង​លិខិត​ប្រាស្រ័យ​ទាក់ទង​ថ្ងៃ​ទី​ ៦ ខែ​តុលា​។

ចាប់​តាំងពី​ពេល​នោះ​ពួកគេ​ត្រូវ​បាន​កាត់ទោស​ព្យួរទោស​មួយ​ផ្នែក និង​ត្រូវ​បាន​ដោះលែង​កាលពី​ដើម​ខែ​នេះ​។

ទន្ទឹម​នេះ​លិខិត​ប្រាស្រ័យ​ទាក់ទង​ខែកក្កដា​បាន​បង្ហាញ​ «​ក្តីបារម្ភ​ធ្ងន់ធ្ងរ​អំពី​របៀប​ដែល​គម្រោង​ [​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២] ​ដំណើរការ​យ៉ាងម៉េច​»​។

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ផ្ទះ​របស់​ខ្លួន​ដើម្បី​បើក​ផ្លូវ​គម្រោង​វារីអគ្គិសនី​នេះ​។

នៅក្នុង​ការឆ្លើយតប​របស់​ខ្លួន​កាលពី​ខែ​កញ្ញា​បេសកកម្ម​នេះ​បាន​ធ្វើ​ទឡ្ហីករណ៍​ថា ទំនប់​នេះ​បម្រើ​ «​ប្រជាជន​ខ្មែរ​» ​ទាំងអស់​រួម​ទាំង​ក្រុម​ជនជាតិ​ភាគតិច​ដែល​ទទួល​រង​ការប៉ះពាល់​។

ក្រុម​បេសកកម្ម​បាន​សរសេរ​ថា​៖ «[​យើង​] ​មាន​ឈាម​ខ្មែរ​មិន​មាន​ជាតិសាសន៍​ដទៃ​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ខ្លួន​យើង​នោះ​ទេ​»​។ ​[​ដូច្នេះ​] ​គម្រោង​វារីអគ្គិសនី​ទាំងអស់​គឺ​មាន​ការ​ពិចារណា​ពេញលេញ និង​ច្បាស់លាស់​»​។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី​បាន​ថ្លែង​ថា លិខិត​ប្រាស្រ័យ​ទាក់ទង​ទាំងនេះ​គឺ​ «​សំខាន់​ណាស់​» ​ចំពោះ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​។

លោក​បាន​ថ្លែង​ថា​៖ «[​ឯកសារ​ទាំង​នេះ​គឺជា​ការបង្ហាញ​ដោយ​សុក្រឹត​អំពី​ក្តីបារម្ភ​ពី​អ្នក​ជំនាញ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​អំពី​ការរំលោភបំពាន​សិទិ្ធ​មនុស្ស​ហើយ​ឯកសារ​ទាំងអស់​នេះ​គឺជា​មូលដ្ឋាន​ដើម្បី​ឲ្យ​មាន​ចំណាត់ការ​បន្ថែម​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​»​។

លោក​បាន​បន្ត​ថា​៖ «[​វា​] ​ក៏​ជំរុញ​ឲ្យ​មាន​ទំនុកចិត្ត​ផង​ដែរ​ចំពោះ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​អង្គការ​ដែល​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ដឹងថា ពួកគេ​មិនមែន​នៅ​ម្នាក់ឯង​ទេ​ ដោយសារ​មនុស្ស​មាន​ឥទ្ធិពល​កំពុង​ការពារ​សិទ្ធិ​របស់​ពួកគេ​ និង​ដើរតួ​ជួយ​ពួកគេ​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា ដៃ​របស់​កម្ពុជា​ត្រូវ​បាន​ចង​ដោយ​នីតិរដ្ឋ​របស់​ខ្លួន​។ លោក​បន្តថា​៖ «​យើង​យល់​ថា ពួកគេ​លើក​អំពី​ក្តីបារម្ភ​របស់​ពួកគេ ប៉ុន្តែ​យើង​ត្រូវតែ​គោរព​ច្បាប់​»​។ «​ស្ថិរភាព​គឺជា​ [​កត្តា​] ​សំខាន់​បំផុត​។ តើ​យើង​អាច​ផ្លាស់ប្តូរ​ច្បាប់​យ៉ាង​ម៉េច​ទៅ​?»៕ PS