ភ្នំពេញៈ តាម​របាយការណ៍​ចេញ​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ពី​ម្សិលមិញ​បង្ហាញ​ថា ចំនួន​អ្នក​ជាប់ឃុំ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​ធ្វើឲ្យ​មាន​ភាព​ចង្អៀត​ណែន និង​ពុករលួយ បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ទៅ​​លើ​អ្នក​ជាប់ឃុំ ផ្តល់​ផលវិបាក​ដល់​មន្ត្រី​ពន្ធនាគារ និង​សង្គម​ជាតិ​ទាំង​មូល ប៉ុន្តែ​មន្ត្រី​ច្រានចោល​ការលើក​ឡើង​នេះ ដោយ​ថា​ការ​កើនឡើង​នេះ​ជា​ការ​ជួយ​សង្គម ក្រុម​គ្រួសារ និង​នីតិវិធី​នៃ​ការ​ស៊ើបសួរ​។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ «​ដល់​ពេល​ដែល​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​៖ ​បញ្ឈប់​ការឃុំ​ខ្លួន​បណ្តោះអាសន្ន​មិន​ចាំបាច់​» ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៨ បាន​លើកឡើង​ថា ដោយសារ​តែ​ការ​មិន​ទាន់​អនុវត្ត​នីតិវិធី​នៃ​ការដោះលែង​ជន​ជាប់ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​ឲ្យ​បាន​ពេញលេញ និង​ដោយសារ​តែ​ការអនុវត្ត​ការឃុំ​ខ្លួន​ជនជាប់ចោទ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​រយៈពេល​ដ៏យូរ​ហួសហេតុ​បាន​បណ្តាល​ឲ្យ​មាន​ផលវិបាក​ជាច្រើន​ដល់​ជីវិត​របស់​ពួកគេ ក្រុមគ្រួសារ និង​សហគមន៍​។

របាយការណ៍​បន្ត​ថា ​ផលប៉ះពាល់​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​បាន​បណ្តាល​ឲ្យ​បាត់បង់​ប្រភព​ចំណូល​ និង​ការបែកបាក់​ក្រុម​គ្រួសារ ហើយ​ថា អ្នក​ជាប់​ពន្ធនាគារ​ត្រូវ​បាន​តុលាការ​រកឃើញ​ថា គ្មាន​ទោស ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ក្នុង​រយៈពេល​មួយ​ដ៏យូរ​រួច​ទៅ​ហើយ​។

របាយការណ៍​បញ្ជាក់​ថា​៖ «​ការឃុំ​ខ្លួន​បណ្តាល​ឲ្យ​បន្សល់​នូវ​ស្លាកស្នាម​អាក្រក់ ក៏ដូចជា​បាត់បង់​នូវ​ប្រភព​ចំណូល និង​ការបែកបាក់​ក្រុមគ្រួសារ​នៅក្នុង​សង្គម​មួយ​ដែល​មនុស្ស​ជាច្រើន​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ និង​ពឹង​ផ្អែក​ទៅ​លើ​ចំណង​គ្រួសារ​នៅក្នុង​ករណី​មួយ​ចំនួន នៅពេល​ដែល​ទោស​ត្រូវ​បាន​សម្រេច​ដោយ​តុលាការ​ជនជាប់ចោទ​គឺ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​រយៈពេល​យូរ​ជាង​រយៈពេល​ទោស​​នៃ​បទល្មើស​ដែល​ជន​ទាំង​នោះ​បាន​ប្រព្រឹត្ត​ទៅ​ទៀត​»​។

របាយការណ៍​ដដែល​អះអាង​ថា​៖ «​នៅក្នុង​ករណី​ផ្សេង​ទៀត​អ្នក​ជាប់​ពន្ធនាគារ ត្រូវ​បាន​តុលាការ​រកឃើញ​ថា​គ្មាន​ទោស ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ក្នុង​រយៈពេល​មួយ​ដ៏យូរ​រួច​ទៅ​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នេះ របាយការណ៍​បន្ថែម​ថា​ភាព​ចង្អៀត​ណែន​យ៉ាង​ធ្ងន់ធ្ងរ ការឃុំ​ខ្លួន​បណ្តោះអាសន្ន រង់ចាំ​សវនាការ​ច្រើន​ហួស​ហេតុ ការផ្តន្ទាទោស​ដោយ​អយុត្តិធម៌ ការរំលោភ​បំពាន​សិទិ្ធ​ជនជាប់ចោទ និង​អំពើ​ពុករលួយ​យ៉ាង​រីក​រាលដាល​នៅក្នុង​ប្រព័ន្ធ​ពន្ធនាគារ​បាន​ធ្វើឲ្យ​ស្ថានភាព​ពន្ធនាគារ​យ៉ាប់យ៉ឺន​។

ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ និង​ធ្ងន់ធ្ងរ​នៅពេល​ការចាប់ផ្តើម​យុទ្ធនាការ “​សង្គ្រាម​គ្រឿងញៀន​” របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០១៧ និង​បាន​គូសបញ្ជាក់​ថា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ១ (​ម​ ១) ដែល​ជា​ពន្ធនាគារ​ធំ​មួយ​មាន​ផ្ទុក​អ្នក​ជាប់ឃុំ​ចំនួន​ ៦ ៧១១ ​នាក់​ទោះ​ជា​ពន្ធនាគារ​នេះ​ត្រូវ​បាន​គេ​កសាង​ឡើង​ដើម្បី​ផ្ទុក​អ្នក​ជាប់​ពន្ធនាគារ​ត្រឹម ២ ០៥០ នាក់​ក៏ដោយ​។

របាយការណ៍​បន្ថែម​ថា​៖ «​ពន្ធនាគារ​នេះ​កំពុង​ផ្ទុក​មនុស្ស​ជាង​ ៣ ​ដង​លើស​ពី​ចំនួន​ដែល​អាច​ផ្ទុក​បាន​តាម​បទដ្ឋាន​។ ស្ទើរតែ​ ៥០ ​ភាគរយ​នៃ​អ្នក​ជាប់​ពន្ធនាគារ​ទាំង​នោះ​គឺជា​អ្នក​ជាប់ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ដែល​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​មាន​លក្ខណ​សម្បត្តិ​ទទួល​បាន​ការដោះលែង​នៅក្រៅ​ឃុំ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ឱកាស​ដើម្បី​ទទួល​បាន​ទេ ដោយសារ​កង្វះខាត​ជំនួយ​ផ្នែក​ច្បាប់ ឬ​ព្រោះ​តែ​ពួកគេ​មិន​បាន​ដឹង​អំពី​សិទិ្ធ​របស់​ពួកគេ​ក្នុង​ការដាក់​ពាក្យ​ស្នើសុំ​»​។

របាយការណ៍​ក៏​លើក​ឡើង​ថា​ដោយសារ​យុទ្ធនាការ​ «​សង្គ្រាម​គ្រឿងញៀន​» ​របស់​រាជរដ្ឋាភិបាល​ចំនួន​នៃ​កុមារ​រស់នៅ​ជាមួយ​ម្តាយ​នៅក្នុង​ពន្ធនាគារ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​ចំនួន​ ៣០ ​នាក់​នៅ​ចុង​ឆ្នាំ​ ២០១៥ កើន​ដល់​ចំនួន​ ១៣៨ ​នាក់​គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​ ២០១៨ ​ហើយ​ថា​កុមារ​តូចៗ​ទាំងនោះ​ទទួល​រង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង​នៃ​ការរីក​ធំធាត់​នៅក្នុង​ពន្ធនាគារ​ និង​ថា​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​មិន​ទទួល​បាន​ការថែទាំ​សុខភាព​មុន​ ឬ​ក្រោយ​ពេល​សម្រាល​កូន​នោះ​ទេ​។

របាយការណ៍​នោះ​ក៏​លើកឡើង​ពី​ស្ត្រី​ម្នាក់​ដែល​សុំ​លាក់​អត្តញ្ញាណ​បាន​ឲ្យ​ដឹងថា នគរបាល​បាន​ចាប់ខ្លួន​នាង​ដែល​​កំពុង​មាន​ផ្ទៃពោះ​រយៈពេល​ ៥ ​ខែ​ និង​មិត្តភក្តិ​នាង​ដាក់​ពន្ធនាគារ​ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទោះបី​ជា​នាង​អះអាង​ថា​នាង​មិន​ដែល​ធ្លាប់​ប្រើប្រាស់ ឬ​ក៏​លក់​គ្រឿងញៀន​ក៏ដោយ​ ប៉ុន្តែ​នគរបាល​ទាំងនោះ​មិន​បាន​ស្តាប់​នាង​ទេ​។

ស្ត្រី​រូប​នោះ​លើក​ឡើង​ថា​៖ «​ទោះ​ជា​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​ក៏ដោយ​ក៏​នាង​ខ្ញុំ​មិន​ត្រូវ​បាន​គេ​ផ្តល់​អាហារ​បន្ថែម ឬ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​អ្វី​នោះ​ទេ​។ នាង​ខ្ញុំ​មិន​មាន​កន្ទប ឬ​សម្លៀកបំពាក់​គ្រប់គ្រាន់​សម្រាប់​កូន​របស់​នាង​ខ្ញុំ​នោះ​ទេ​។ នាង​ខ្ញុំ​មិន​ដែល​ទទួល​បាន​សាប៊ូ​អ្វី​ដើម្បី​លាង​សំអាត​កូន​របស់​នាង​ខ្ញុំ​នោះ​ទេ​។ ដូចនេះ​ខ្ញុំ​តែងតែ​បារម្ភ​ថា កូន​នាង​ខ្ញុំ​អាច​នឹង​ឈឺ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ដែរ​ថា មាន​ការ​កើនឡើង​នូវ​ជន​ជាប់ឃុំ​បណ្តោះអាសន្ន ដោយសារ​តែ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទូទាំង​ប្រទេស​ហើយ​ថា​ចំនួន​នេះ​មិន​បាន​បង្ក​ផលប៉ះពាល់​ទៅ​លើ​អ្នក​ជាប់ឃុំ ក្រុមគ្រួសារ និង​សង្គមជាតិ​ទាំងមូល​នោះ​ទេ តែ​គឺ​ជួយ​សង្គមជាតិ​ និង​គ្រួសារ​។

លោក​បញ្ជាក់​ថា​៖ «​គោលបំណង​នៃ​ការឃុំ​ខ្លួន​បណ្តោះអាសន្ន​គឺ​ដើម្បី​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម និង​រក្សា​សុវត្ថិភាព​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ព្រម​ទាំង​សាក្សី និង​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ដំណើរការ​ស៊ើបអង្កេត​ទៅ​វិញ​ទេ មិនមែន​ធ្វើឲ្យ​ប៉ះពាល់​សង្គម​ជាតិ​ និង​ក្រុមគ្រួសា​នោះ​ទេ ហើយ​ប្រសិន​បើ​យើង​ឲ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ ពួកគេ​អាច​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​សង្គមជាតិ​ និង​គ្រួសារ​ហើយ​ប៉ះពាល់​ដំណើរការ​នៃ​ការស៊ើបអង្កេត​ទៀត​ផង​»​។

លោក​បន្ថែម​ថា​៖ «​ការលើក​ឡើង​ដែល​ថា​តុលាការ​រក​មិន​ឃើញ​ថា​មាន​ទោស​តែ​បាន​ឃុំខ្លួន​យូរ​នោះ​ក៏​មិន​ត្រឹមត្រូវ​ដែរ ដោយសារ​តាម​ផ្លូវ​ច្បាប់​ការឃុំ​ខ្លួន​បណ្តោះអាសន្ន​គឺ​មាន​រយៈពេល​កំណត់​ដូចជា​បទល្មើស​ព្រហ្មទណ្ឌ​គឺ​មាន​រយៈពេល​ ៦ ​ខែ ហើយ​បើ​រក​មិនឃើញ​គេ​អាច​ពន្យារពេល​ដល់​ ៦ ​ខែ​ទៀត ដូច្នេះ​មិនមែន​ចេះ​តែ​ឃុំ​ខ្លួន​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ហើយ​បើ​រក​មិនឃើញ​ត្រូវ​តែ​ដោះលែង​ពួកគេ​»​។

លោក​ថា ​ក្រសួង​យុត្តិធម៌​កំពុង​សិក្សា​បទប្បញ្ញត្តិ​ដែល​មាន​ក្នុង​ក្រមព្រហ្មទណ្ឌ ការអនុវត្ត​ទោស​នៅ​ពន្ធនាគារ​ដូចជា​ទោស​សហគមន៍ ហើយ​បន្ថែម​គឺ​មាន​ភាព​ចាំបាច់​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​៕