ភ្នំពេញៈ អង្គការ​ឃ្លាំមើល​សិ​ទិ្ធមនុស្ស (Human Rights Watch)​ អំពាវនាវ​ កាល​ពីចុងសប្តាហ៍មុន ឲ្យ​អាជ្ញាធរ​កម្ពុជា​ បង្ហាញខ្លួន​សកម្មជន​ដីធ្លី​ម្នាក់ នៅ​ខេត្តព្រះ​វិហារ ​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល​ ២ ខែ ​ក្រោយ​ទាហាន​ចាប់ខ្លួន​កាល​ពី​ខែ​មករា​កន្លង​ទៅ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ Human Rights Watch ចេញថ្ងៃទី ២០ ខែ មីនា បាន​និយាយ​ថា ​កាលពីថ្ងៃ​ទី ២០ ​ខែ​មករា ​លោក​ស៊ុំ ម៉ឺន​ អាយុ ៥៤ ឆ្នាំ ​និង​កូនប្រុស​គាត់ ​ត្រូវបាន​យោធា​​មកពី​ទីបញ្ជាការ​​វរសេនា​តូច​អន្តរាគមន៍​លេខ​ ២៦១ ស្ថិតនៅក្រោម​ទីបញ្ជា​ការ​កងពល​តូច​អន្តរាគមន៍​លេខ ៦ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ចាប់ខ្លួន​ពេល​កំពុងបើក​គោយន្ត​ដឹក​សម្ភារ​លក់​ដូរ។

បន្ទាប់​មក អ្នក​ទាំង​​ ២ ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ​ជាទី​កន្លែង​ដែល​អ្នក​ទាំង ២ ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​មួយ​យប់។

អង្គការនេះ​លើកឡើង​បន្តថា ​សាក្សី​មួយចំនួន​បាន​រាយ​ការណ៍​ថា ​ស៊ុំ ម៉ឺន ​និង​កូនប្រុស​គាត់​ត្រូវ​បាន​វាយដំ ​ក្រោយ​អ្នក​ទាំង ២ ​ត្រូវបាន​ចាប់ខ្លួន ​ហើយ​សាច់ញាតិ​របស់​លោក​ មឿន ​បានទទួល​​ព័ត៌មាន​ថា ​ទាហាន​បាន​បាញ់​សម្លាប់​គាត់​ដោយ​ប្រើ​កាំភ្លើង ​ហើយ​វាយ​គាត់​នៅពេល​ពួកគេ​ចាប់​ខ្លួន​គាត់ ​ព្រោះ​រូបថត​ដែល​ថត​នៅពេល​គាត់​ស្ថិតនៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ហាក់​ដូចជា​បង្ហាញ​ស្នាម​ជាំ​នៅ​លើ​មុខ​របស់​គាត់។

ទោះជា​យ៉ាងណា ​កន្លងទៅ​អាជ្ញាធរ​ខេត្ត​នេះ ​ធ្លាប់​បដិសេធ​ និង​ថា​ ករណីនេះ​មិនមាន​ការឃាត់ខ្លួន​លាក់ទុក​នោះទេ​ ហើយ​ការបាត់​ខ្លួន​នេះ​ ក៏​ព្រោះតែ​លោក ស៊ុំ ម៉ឺន ​បាន​រត់គេច​ដោយ​ខ្លួនឯង ​ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​តែ​ប៉ុណ្ណោះ។

លោក ​អ៊ុន ចាន់​ដា​ អភិបាល​ខេត្ត​ព្រះវិហារ ​ធ្លាប់បាន​អះ​អាងថា​៖ «គាត់​អត់​មាន​ទៅណា​ទេ ​គឺនៅ​ក្បែរៗ​ផ្ទះ​គាត់​ហ្នឹង​ទេ គឺ​គាត់​បាន​រត់​រួច​ពី​ការ​ឃាត់​ខ្លួន​របស់​សម​ត្ថ​កិច្ច ​ហើយ​មក​ទល់ពេលនេះ​ គ្មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​គាត់​ទៀត​ទេ។ តាម​ព័ត៌មាន​​ពី​អ្នកជិត​ខាង​គាត់​ហ្នឹង​ គឺ​គាត់​នៅ​ក្បែរៗ​ហ្នឹង​ទេ ខ្ញុំ​បាន​ឲ្យ​អភិបាល​ស្រុក​ទៅ​ជួប​ប្រពន្ធ​គាត់​ដែរ គាត់​និយាយ​មក​ធម្មតា​ទេ​ ហើយ​ប្រពន្ធ​គាត់​ក៏​ជួយ​លាក់​ប្ដី​ដែរ ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន ​យើង​លែងមាន​វិធានការ​តាម​ចាប់​គាត់​ហើយ»។

លោក ​Brad Adams នាយក​​ប្រចាំ​ទ្វីបអាស៊ី​នៃ Human Rights Watch បាន​ថ្លែង​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​ គួរតែ​នាំយក​លោក​ ស៊ុំ ម៉ឺន​ ទៅ​តុលា​ការ​ ហើយ​ត្រូវ​ចោទប្រកាន់​គាត់​តាមច្បាប់ ​ឬក៏​ត្រូវបញ្ជូន​គាត់​ទៅផ្ទះ​ឲ្យ​ជួបជុំ​គ្រួសារ​វិញ។ បន្ថែម​ពីនេះ ​លោក​ Brad Adams បាន​ថ្លែង​​ថា​ អាជ្ញាធរគួរ​មានការ​ស៊ើបអង្កេត​ជាបន្ទាន់​ដោយ​ឯករាជ្យ​អំពី​ករណី​បាត់​ខ្លួន​នេះ​ ដោយ​ត្រូវមាន​កិច្ច​សហ​​ប្រតិបត្តិការ​ពេញលេញ​ពី​កង​​ទ័ព ​ដែល​បញ្ជា​ដោយ​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​គឺ​លោក​ ហ៊ុន ម៉ាណែត។

លោក​អាដាម បានបញ្ជាក់ថា​៖ «​ប្រទេស​កម្ពុជា​មិនមាន​ប្រវត្តិ​នៃ​ការបាត់​ខ្លួន​ដោយ​បង្ខំ​ទេ​ក្នុង​រយៈ​ពេល​ថ្មីៗនេះ ​ប៉ុន្តែ​ការ​គ្រប់គ្រង​​​ដោយ​បក្ស​តែ​មួយ​និង​ការកើនឡើង​នៃ​ទំនាស់​ដីធ្លី​ មានការ​កើនឡើង​ដល់​ចំណុច​ប្រកាស​អាសន្ន។

រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្ហាញ​ខ្លួន​លោក​ស៊ុំ ម៉ឺន​ឱ្យបាន​ឆាប់ ​និង​បង្ហាញ​ថា​ ខ្លួន​ប្តេជ្ញា​ដោះ​ស្រាយ​បញ្ហា​សិទ្ធិមនុស្ស ​ដែលជា​ក្តីបារម្ភ​របស់​សហភាព​​អឺរ៉ុប​ និង​រដ្ឋាភិបាល​ដទៃ​ទៀត»។

នៅ​ខែ មិថុនា ឆ្នាំ ២០១៣ ប្រទេស​ កម្ពុជា​ បានផ្តល់​សច្ចាប័ន​លើ International Convention for the Protection of All Persons from Enforced Disappearance (ICPPED) ដែល​កំណត់​និយមន័យ​នៃ​ការបាត់​ខ្លួន​ដោយ​បង្ខំ​ហើយ​ពលរដ្ឋ​ខ្មែរ ត្រូវតែ​ទទួល​បាន​​ការការពារ​ដោយ​ស្របច្បាប់ ​និង​តម្រូវឱ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់​ជុំវិញ​ការបាត់​ខ្លួន​ដោយ​បង្ខំ ​បើ​ទោះ​ជា​មិនមាន​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ក៏ដោយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​​ដែរថា​ អាជ្ញាធរ​ក៏ត្រូវ​បាន​តម្រូវឱ្យ​ចាត់វិធានការ​សមស្រប​ដើម្បី​ការពារ​សាច់ញាតិ​ពី​ការ​បំភិត​បំភ័យឬ​ការដាក់​ទណ្ឌកម្ម​ណាមួយ ​ពី​ការស្វែងរក​ព័ត៌មាន​អំពី​មនុស្ស​ដែល ​"បាត់​ខ្លួន" ផងដែរ ​ខណៈ​លោក Brad Adams បាន​​អះអាងថា ​គ្រួសារ​របស់​លោក​ស៊ុំ ម៉ឺន ​មានការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​ហើយ​ប្រពន្ធ​របស់​លោក​ ស៊ុំ ម៉ឺន ​មិន​ដែល​ឮ​ពី​ដំណឹង​របស់​ស្វាមី​ខ្លួន​នោះទេ​ ចាប់​តាំងពី​គាត់​ត្រូវបាន​ចាប់ខ្លួន ​បន្ទាប់​ពី​ធ្លាប់​បាន​អំពាវនាវ​ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត​ដល់​អាជ្ញាធរ​ឱ្យជួយ​រក​ប្តី​ពី​ការ​បាត់​ខ្លួន​នេះ។

លោ​ក ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បដិ​សេធ​ចំពោះ​ការទទួលខុសត្រូវ​ជុំវិញ​ការបាត់​ខ្លួន​នេះ​ ហើយ​ថា​ ការ​លើក​ឡើង​របស់​អង្គការ​មួយ​នេះ ​គ្រាន់តែ​ជា​ចេតនា​អាក្រក់​ ក្នុងការ​បំបាក់​មុខ​កម្ពុជា​ ស្របពេល​សហគមន៍​អឺរ៉ុប ចុះ​មក​កម្ពុជា​តែ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នោះ ​លោកក៏បាន​បង្វែរ​សំនួរ​ជុំវិញ​ការបាត់​ខ្លួន​នេះ ​ឲ្យទៅ​សួរក្រសួង​មហាផ្ទៃ​ផងដែរ ដោយ​អះអាង​ថា​ នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​គ្មាន​អី​ត្រូវ​ឆ្លើយតប​នោះទេ​ ព្រោះ​ពួក​អង្គការ​នេះ​ គ្រាន់តែ​ជា​ការ​បង្អើល​ពាក់ព័ន្ធ​នឹង​សហភាពអឺរ៉ុប​អីហ្នឹង​ទេ​ ហើយ​រឿង​បែប​ហ្នឹង​មាន​ច្រើន​ណាស់។ អ្វី​ដែល​ល្អ ​គួរតែ​ធ្វើការ​ស៊ើបអង្កេត​មួយ​ទៅ​ថា ​ការ​បាត់​ខ្លួន​មែន​ ឬ​គេ​ឃុំ ​ឬ​ក៏​គេ​ព្រលែង​ហើយ»។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ​ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បានទេ​ កាលពី​ម្សិលមិញ ​ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

​តាមរបាយការណ៍រ​បស់​អង្គការ​​​សិទ្ធិមនុស្ស ​​(លីកាដូ)​ ចាប់តាំង​ពី​ថ្ងៃទី​ ២១​ ខែ មករា​ ប្រជា​ពល​រដ្ឋ​ចំនួន ១៤ នាក់ ​ត្រូវបាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​​ព្រះវិហារ ​រង់ចាំ​សវនាការ​ដោយ​ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់តាម​មាត្រា​ ៦២ និង​មាត្រា ​៥៤ នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ (ទាក់ទង​នឹង​ការ​កាប់​គាស់​រុករាន​ដីព្រៃ) ​ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់ ១៥០ លាន​រៀល៕