ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​ដល់​សុខភាព និង​ការខាតបង់​សេដ្ឋកិច្ច ខណៈ​ដែល​ការស្រាវជ្រាវ​មួយ​របស់ដេប៉ាតឺម៉ង់ចិត្តវិទ្យានៃ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ បាន​រកឃើញ​ថា​ ២៨% ​នៃ​បារី​នាំចូល​ទាំងអស់​ដែល​កំពុង​ដាក់​លក់​នៅលើ​ទីផ្សារ​មិនមាន​បិទ​តែមប្រិ៍​ពន្ធ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពី​ម្សិលមិញ​ថា បារី​ដែល​មិនមាន​បិទ​តែមប្រិ៍​ពន្ធ​ទាំងនោះ មាន​បារី​ម៉ាក ESSE Hero-Oris និង Gold Seal ជាដើម​។

តាម​កិច្ចសម្ភាសន៍​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ជាមួយ​អាជីវករ​លក់​បារី​បាន​ឱ្យ​ដឹងថា បារី​ដែល​មិនមាន​តែមប្រិ៍​ពន្ធ​ទាំងនោះ​បាន​មកពី​ការចែកចាយ​ដោយ​ភ្នាក់ងារ​ក្រុមហ៊ុន​បារី និង​បាន​មកពី​ការទិញ​ផ្ទាល់​នៅតាម​ដេប៉ូ​បោះដុំ​។ អាជីវករ​លក់​បារី​បាន​ប្រាប់ថា ភ្នាក់ងារ​ក្រុមហ៊ុន​បារី​តែងតែ​ចែកចាយ​បារី​ដល់​ពួកគាត់​ជាប្រចាំ ហើយ​ពេល​ដែល​មិនមាន​ភ្នាក់ងារ​ក្រុមហ៊ុន​មក គាត់​ទៅ​ទិញ​ផ្ទាល់​នៅ​ដេប៉ូ​លក់ដុំ​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា​៖ «​ការប្រើប្រាស់​ថ្នាំជក់​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បង្ក​ឱ្យ​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ធំធេង​។ ក្នុង​ ១ ​ឆ្នាំៗ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥ ០០០ ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​បង្ក​ពី​ការប្រើប្រាស់​ថ្នាំជក់ ហើយ​ថវិកា​ប្រមាណ​ ៦៥៦ ​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ខាតបង់​»​។

លោក​វេជ្ជបណ្ឌិត​ មុំ គង់ នាយកប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​បន្ថែម​កាលពី​ម្សិលមិញ​ថា ក្រៅពី​បារី​ដែល​មិនបាន​បង់ពន្ធ​មាន​ការតាំង​លក់​ព្រោងព្រាត​លើ​ទីផ្សារ កម្ពុជា យកពន្ធ​លើ​ផលិតផល​ថ្នាំជក់​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែល​ការណ៍​នេះ​ជំរុញ​ទៅរក​មហន្តរាយ​សុខភាព និង​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​។

តាម​ការស្រាវជ្រាវ​របស់​អង្គការ UNDP FCTC WHO និង RIT International​ បាន​បង្ហាញថា បារី​ដែល​មិនបាន​បង់ពន្ធ​បាន​រួមចំណែក​ធ្វើឲ្យ​បាត់បង​ចំណូល​ពន្ធ​របស់​រដ្ឋាភិបាល​។ ប្រសិនបើ​រដ្ឋាភិបាល​ទប់ស្កាត់​បារី​គេចពន្ធ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​កម្ពុជា​នឹង​ទទួលបាន​ចំណូល​ពន្ធ​ចំនួន ៧% បន្ថែម​ពីលើ​ពន្ធ​ដែល​ប្រមូល​បាន​ពី​ពន្ធ​ថ្នាំជក់​ក្នុងពេល​បច្ចុប្បន្ន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ខាងលើ​។

លោក នុប សុធនវិចិត្រ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​នឹង​សិក្សា​ពី​ករណីនេះ​ជាមុនសិន​ជាមួយ​នឹង​នាយកដ្ឋាន​ពន្ធដារ ហើយ​នឹង​ធ្វើការ​ឆ្លើយតប​នៅពេល​ក្រោយ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ករណីនេះ​។ យ៉ាងណា​ក្តី​លោក​ថា ក្នុង​នាម​ស្ថាប័ន​ប្រមូល​ពន្ធ ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​ផលិតផល​ខុសច្បាប់​ដែល​គេចវេះ​ពន្ធ​នេះ​។ «​ខាង​គយ​គេ​ឆ្លើយតប​ប្រយ័ត្នប្រយែង​ណាស់ មិនមែន​ដូច​អង្គការ​ដែល​គាត់​ចេះ​ថា​ថា​ទៅ ហើយ​ការទទួល​ខុសត្រូវ​ខុសគ្នា​។ ការឆ្លើយតប​លឿន​ឱ្យតែបានៗ​គឺ​មិន​បានទេ​ព្រោះ​ការទទួល​ខុសត្រូវ​ខុសគ្នា​មិន​ដូច​ខាង​អង្គការ​ទេ​»​។

លោក​ យ៉ិល ដារ៉ាវុធ មន្ត្រី​បច្ចេកទេស​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៃ​អង្គការ​សុខភាព​ពិភពលោក​ថ្លែង​ថា បារី​ដែល​មិនមាន​បិទ​តែមប្រិ៍​ពន្ធ​គឺជា​បារី​ខុសច្បាប់​។ «​បារី​ខុសច្បាប់​គឺជា​ឧបសគ្គ​ដ៏ធំ​មួយ​នៃ​កិច្ចការ​ត្រួតពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ខាតបង់​ចំណូល​ពន្ធ​រដ្ឋ​នោះទេ​ថែមទាំង​ធ្វើឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ជំងឺ​បង្ក​ពី​ការជក់បារី​កាន់តែ​ច្រើន​»៕