ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់ប្រឆាំងនឹងជំងឺកូវីដ ១៩ ដល់ពលរដ្ឋរបស់ខ្លួនបានជាង ១ លាននាក់នៅទូទាំងប្រទេស។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃទី ១១ ខែមេសាថា លោកស្រីពិតជាមានមោទនភាពចំពោះប្រទេសកម្ពុជា ដែលបានសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួននៅទូទាំងប្រទេស។
លោកស្រីថ្លែងថា៖ «សូមអបអរសាទរចំពោះកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការចាក់វ៉ាក់សាំងប្រចាំងនឹងជំងឺកូវីដ ១៩។ គិតត្រឹមថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ នេះ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋខ្លួនបានជាង ១ លាននាក់។ ដោយក្តីរីករាយ និងកត់សម្គាល់ឃើញថា បុគ្គលិកថែទាំសុខភាព និងក្រុមមនុស្សចាស់ក្នុងចំណោមនុស្សដែលត្រូវទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងកាលពីម្សិលមិញថា នៅក្នុងចំណោមពលរដ្ឋ ១ លាននាក់ ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ អ្នកដែលស្ថិតនៅលេខរៀងទី ១ លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅក្នុងទីក្រុងភ្នំពេញ ហើយមនុស្សដំបូងគេបំផុតដែលទទួលវ៉ាក់សាំង គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រីថ្លែងថា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី ១ លាន លោក ប៉ាន់ សុវណ្ណរិទ្ធិ បានទទួលអំណោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួនទឹកប្រាក់ ៥ លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ ១៩។
លោកស្រីថ្លែងថា៖ «សូមបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួនឱ្យបានគ្រប់គ្នា ដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ កាត់បន្ថយនូវអត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺសាហាវនេះ»៕