ភ្នំពេញៈ អង្គការ​ស៊ីដ​កម្ពុជា​ (NGOCEDAW) ​ដែល​ធ្វើការ​ពាក់ព័ន្ធ​យេនឌ័រ​ ​និង​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា រកឃើញ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​អំឡុងពេល​រាតត្បាត​កូវីដ​ ១៩ ពាក់ព័ន្ធ​នឹង​សុខភាព​សិទ្ធិ ការអប់រំ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច​​គ្រួសារ​ដែល​កំពុង​ជួប​ហានិភ័យ​។

របាយការណ៍​តាមដាន​ការអនុវត្ត​អនុសញ្ញា​ស៊ីដ​ឆ្នាំ​ ២០២០ សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​ ១៨ ​ទំព័រ​ចេញ​ផ្សាយ​ពី​ម្សិលមិញ​បានឱ្យ​ដឹងថា ឆ្នាំ​ ២០២០ ប្រទេស​កម្ពុជា​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​សិទ្ធិ​ស្ត្រី​។ ​ទន្ទឹម​នឹង​នោះ​ក៏មាន​ឱកាស​ប្រសើរឡើង​នៃ​កិច្ចសន្ទនា​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនោះ​ផងដែរ​។

របាយការណ៍​បន្តថា​ «​បញ្ហា​ប្រឈម​ដែល​លេចធ្លោ​បំផុត​គឺ​ទាក់ទង​សុខភាព​​ការអប់រំ និង​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ដែល​ធ្វើឱ្យ​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រឈម​នឹង​ការលំបាក​ក្នុង​អត្រា​មួយ​ដែល​គ្មាន​សមាមាត្រ​»​។

ជាមួយ​គ្នា​នេះ​របាយការណ៍​ក៏បាន​​បង្ហាញ​ដែរ​ថា​ «​ក្នុង​ឆ្នាំ​ ២០២០ ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ធ្វើឱ្យ​មាន​ការកាត់បន្ថយ​សកម្មភាព​ជាច្រើន​រួមទាំង​ការលុបចោល​នូវ​កិច្ចប្រជុំ​អន្តរជាតិ​ធំៗ​ពាក់ព័ន្ធ​នឹង​ស្ត្រី ខណៈ​ដៃគូ​អន្តរជាតិ​ជាច្រើន​បាន​ចេញពី​ប្រទេស​កម្ពុជា​ជា​បណ្តោះអាសន្ន ហើយ​សកម្មភាព​បណ្តុះបណ្តាល និង​កិច្ចប្រជុំ​ជាមួយ​រដ្ឋាភិបាល​ភាគច្រើន​ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​កាលកំណត់ ឬ​ត្រូវ​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​»​។

របាយការណ៍​ដដែល​ឱ្យដឹង​ដែរ​ថា​ចំណែក​អាជីវកម្ម​ដែល​ស្ត្រី​ធ្លាប់​បម្រើការងារ ដែល​ត្រូវ​បាន​បិទទ្វារ រួមមាន បារ៍ កន្លែង​ម៉ាស្សា រោងភាពយន្ត ភ្នាក់ងារទេសចរណ៍ ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន វិស័យ​សំណង់ ជាដើម​។

អង្គការ​ស៊ីដ​បាន​គូសបញ្ជាក់​ថា ពេញ​​មួយ​ឆ្នាំ​ ២០២០ មាន​របាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ស្ដីអំពី​បុរស​សម្លាប់​ដៃគូ​របស់ខ្លួន​ដែល​ធ្វើ​​ឱ្យ​ករណី​ហិង្សា​ក្នុង​គ្រួសារ​កើនឡើង​។ «​សេដ្ឋកិច្ច​គ្រួសារ​ដែល​បណ្តាល​មកពី​វិបត្តិ​កូវីដ​១៩​នេះ​អាច​ជា​ហានិភ័យ​នាំឱ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែរ​។

ជាក់ស្តែង​ចំនួន​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​ដែល​បាន​វិល​ត្រឡប់​មកផ្ទះ​វិញ មាន​ការកើនឡើង ហើយ​មិន​មាន​ឱកាស​ស្វែងរក​ប្រាក់ចំណូល​នៅ​កម្ពុជា​ដែល​ធ្វើឱ្យ​បាត់ប្រាក់​ចំណូល និង​មើល​ការខុសត្រូវ​លើ​កូនៗ​ដែល​មិនអាច​ទៅ​សាលារៀន​បាន​»​។

ទន្ទឹមនឹង​នេះដែរ​អង្គការ​ស៊ីដ​កម្ពុជា​បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បីឱ្យ​ការអនុវត្ត​អនុសញ្ញា​ស៊ីដ​កាន់តែ​ប្រសើរ រួមមាន​ត្រូវ​បែងចែក​ផ្តល់​ថវិកាជាតិ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​លើក​ទី​ ៣ ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​,​ធ្វើ​វិសោធនកម្ម និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព សំដៅ​លុបបំបាត់​អំពើ​ហិង្សា​លើ​ដៃគូ​សិ្នទ្ធស្នាល អំពើហិង្សា​ផ្លូវភេទ​ទៅលើ​ក្មេង ស្ត្រី និង​រាល់​ទម្រង់​នៃ​អំពើហិង្សា​ផ្អែកលើ​យែនឌ័រ​។

រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​លោកស្រី ម៉ាន ចិន្តា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ក្រសួង​កំពុង​បន្ត​ផ្តល់​ប្រឹក្សា​ (​ផ្នែក​ច្បាប់ និង​ផ្លូវចិត្ត​) ​និង​សម្របសម្រួល​បញ្ជូនទៅរ​ក​សេវា​ពាក់ព័ន្ធ​ក្នុងករណី​ស្ត្រី​មាន​បញ្ហា​ហិង្សា​ក្នុងអំឡុងពេល​បាត់បង់​ការងារ ការអប់រំ និង​បាត់បង់​ប្រាក់ចំណូល​។

ដោយឡែក ចំពោះ​ការអនុវត្ត​ច្បាប់​វិញ​លោកស្រី​មាន​ប្រសាសន៍​ថា មិន​ត្រឹម​តែមាន​ការជំរុញ​ពី​អង្គការ​សង្គមស៊ីវិល​ទេ សម្រាប់​រាជរដ្ឋាភិបាល​ក៏​​បានរៀបចំ និង​យកចិត្ត​ទុកដាក់​ខ្លាំង​ដើម្បី​ចូលរួម​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា​ផងដែរ​។

លោកស្រី​ថា​៖ «​ក្រសួង​កិច្ចការនារី​​ក៏បាន​រៀបចំ​ជា​គោលនយោបាយ​យន្តការ និង​សកម្មភាព​នានា​ផែនការ​យុទ្ធសាស្ត្រ​នារីរតន: ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពី​ហិង្សា​លើ​ស្ត្រី ផែនការ​សកម្មភាព​ស្តី​ពី​ការបង្ការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​វ័យ​​ក្មេង និង​ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់ និង​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែរ​»​។

កាលពី​ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដែលជា​ឧបករណ៍​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយសារ​ជំងឺ​កូវីដ​ ១៩​ ដ៏សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​ដើម្បី​ផ្ដល់ជំនួយ​បណ្ដោះអាសន្ន​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា ជា​គ្រួសារ​ក្រីក្រ​ (​ក្រ​ ១ ​និង​ក្រ​ ២) ​ហើយ​ត្រូវបាន​អនុវត្ត​ស្របគ្នា​នឹង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ និង​កុមារ (​អាយុ ០-២ ​ឆ្នាំ​) ផងដែរ​៕