ភ្នំពេញៈ អង្គការស៊ីប៉ាបានបន្ដចុះកិច្ចព្រមព្រៀងជាមួយអគ្គនាយកដ្ឋានពន្ធនាគារនិងបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីអនុវត្ដគម្រោងបណ្ណាល័យក្នុងពន្ធនាគារដំណាក់កាលទី៣ រយៈពេល ៣ ឆ្នាំ ដោយអនុវត្តតាមពន្ធនាគារចំនួន ២៧ នៅទូទាំងប្រទេស កម្ពុជា។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញថា កិច្ចព្រមព្រៀងនេះជាការប្រកាសអនុវត្តជាផ្លូវការនូវ «គម្រោងបណ្ណាល័យក្នុងពន្ធនាការដំណាក់កាលទី៣ » (ចាប់ពីខែ មីនា ឆ្នាំ ២០១៩ ដល់ ខែកុម្ភៈ ឆ្នាំ ២០២២)។
លោកបានថ្លែងថា គម្រោងបណ្ណាល័យពន្ធនាគារនេះបានអនុវត្ដតាំងពីឆ្នាំ ២០១២ មក ដោយបានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារក្នុងគោលដៅបណ្ដុះការអានក្នុងចំណោមជនជាប់ឃុំចំនួន ៣០ ០០០ នាក់ ក្នុងពន្ធនាគារចំនួន ២៧ ទូទាំងប្រទេស (ពន្ធនាគារចំនួន ២៣ និងមណ្ឌលកែប្រែចំនួន ៤) ដែលអាចជួយបន្ថយភាពតានតឹងដល់ជនជាប់ឃុំតាមរយៈសេវាកម្មអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពួកគេ មុនពេលធ្វើសមាហរណកម្ម (ចាកចេញពីពន្ធនាគារ)។
លោក សុទ្ធិ បានបន្ដថា៖ «គម្រោងដំណាក់កាលទី ៣ នេះ យើងនឹងបន្ដពង្រឹងសេវាកម្មបណ្ណាល័យដែលមានស្រាប់និងសេវាកម្មអប់រំផ្សេងៗធ្វើយ៉ាងណាឱ្យអគ្គនាយកដ្ឋានពន្ធនាគារមានម្ចាស់ការ និងធានានិរន្តរភាពដល់គម្រោងទៅអនាគតដោយបញ្ចូលគម្រោងនេះទៅក្នុងផែនការយុទ្ធសាស្រ្ដថ្មីរបស់អគ្គនាយកដ្ឋានពន្ធនាគារព្រមទាំងបណ្ដុះបណ្ដាលដៃគូពាក់ព័ន្ធទាំងអស់»។
បើតាមលោក សុទ្ធិ គម្រោងដំណាក់កាលទី ៣ នេះ ត្រូវប្រើថវិកាសរុបចំនួន ៥៣០ ០០០ ដុល្លារអាមេរិក ដោយទទួលបានថវិកាឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ មូលនិធិ Pierre Bellon និងថវិកាផ្ទាល់របស់អង្គការស៊ីប៉ា។
តាមរយៈគម្រោងនេះ លោក សុទ្ធិ បានរំពឹងថា ៣៥ ភាគរយនៃជនជាប់ឃុំនឹងទទួលបានសេវាកម្មអប់រំ ដែលរួមចំណែកកែលម្អស្ថានភាពក្នុងពន្ធនាគារដោយឲ្យពួកគេមានជំនាញមុនពេលធ្វើសមាហរណកម្ម។ ក្រៅពីនោះក៏នឹងជួយដល់មន្រ្ដីសំខាន់ៗដែលបម្រើការនៅតាមបណ្ដាពន្ធនាគារឲ្យទទួលបាននូវការបណ្ដុះបណ្ដាលលើការគ្រប់គ្រងបណ្ណាល័យនិងពង្រឹងសេវាកម្មអប់រំ (ថ្នាក់អក្ខរកម្ម) និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
លោក ព្រុំ ចាន់នី អគ្គានុរក្សថ្នាក់លេខ ១ និងជាប្រធាននាយកដ្ឋានអប់រំកែប្រែនិងស្តារនីតិសម្បទានៃអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងថា៖ «កិច្ចសហការជួយគាំទ្រឧបត្ថម្ភពីអង្គការស៊ីប៉ានេះ ជាផ្នែកមួយសំខាន់ ក្នុងការជួយជំរុញឱ្យការអនុវត្ដកម្មវិធីកំណែទម្រង់ពន្ធនាគារទទួលបានជោគជ័យកន្លងមក»។
លោកបន្ដថា គម្រោងដំណាក់កាលទី៣ នេះជាដំណាក់កាលចុងក្រោយដែលនឹងបញ្ចប់នៅឆ្នាំ ២០២២ ដែលផ្ដោតលើការគាំទ្របណ្ដាញបណ្ណាល័យថ្នាក់ជាតិដើម្បីអប់រំនិងកម្មវិធីសមាហរណកម្មជនជាប់ឃុំមកក្នុងសង្គមវិញ។ ប៉ុន្ដែលោកបានបញ្ជាក់ថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះអគ្គនាយកដ្ឋានពន្ធនាគារមានពេលវេលាគ្រប់គ្រាន់ដើម្បីពង្រឹងសមត្ថភាពបន្ដបំពេញកិច្ចការងារនេះ។
លោក ចាន់នី បញ្ជាក់ថា៖ «ខ្ញុំនៅគិតថា យើងអាចធ្វើបាន ព្រោះអំឡុងស៊ីប៉ាគាំទ្រគម្រោងនេះបានជួយទាំងផ្នែករឹងនិងផ្នែកទន់ជាច្រើនដូចជាការសាងសង់ និងជួសជុលបណ្ណាល័យ បណ្ដុះបណ្ដាលមន្រ្ដីឱ្យចេះគ្រប់គ្រងបណ្ណាល័យ ផ្ដល់សៀវភៅសម្រាប់ជនជាប់ឃុំអាន ការបង្រៀនមន្រ្ដីឱ្យចេះប្រើម៉ាស៊ីនបាញ់លេខកូដសៀវភៅ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រងបណ្ណាល័យជាដើម»។
យ៉ាងណាក្ដីបើតាម លោក ហុក សុទ្ធិ នៅពេលគម្រោងត្រូវបញ្ចប់ ស៊ីប៉ានៅតែបន្ដគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារ បើសិនមានតម្រូវការពាក់ព័ន្ធណាមួយលើគម្រោងនេះ ដោយនឹងប្រឹងប្រែងជួយបន្ដតាមសមត្ថភាព។
លោក នុត សវានា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងដែរថា គម្រោងបណ្ណាល័យក្នុងពន្ធនាគារនេះ មានសារៈសំខាន់ណាស់ ស្របពេលដែលពន្ធនាគារកំពុងជួបបញ្ហាជនជាប់ឃុំច្រើននិងចង្អៀត ដែលវត្តមានបណ្ណាល័យនេះក៏អាចជួយឱ្យជនជាប់ឃុំកាត់បន្ថយភាពតានតឹង និងជួយសម្រួលសុខភាពផ្លូវចិត្ដពួកគេផងដែរ។
លោកបានបញ្ជាក់ថា៖ «ការប្រើប្រាស់បណ្ណាល័យ បានជំរុញឱ្យជនជាប់ឃុំបង្កើតសមត្ថភាពក្នុងការអាន សរសេរ និងការសិក្សាស្រាវជ្រាវចំណេះដឹងផ្សេងៗ ព្រោះក្នុងបណ្ណាល័យមានសៀវភៅច្រើនប្រភេទ ហើយក្នុងអំឡុងពេលដែលពួកគាត់ទៅប្រើប្រាស់បណ្ណាល័យវាបានជួយសម្រួលដល់ស្ថានភាពចង្អៀតក្នុងពន្ធនាគារមួយរយៈខ្លីដែរ»។
លោក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងដែរថា គម្រោងនេះ ជាលើកដំបូងហើយដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានចូលរួមសហការដើម្បីឱ្យអង្គការស៊ីប៉ាអាចជួយបណ្ដុះបណ្ដាលបណ្ណារក្សសម្រាប់ការគ្រប់គ្រង និងប្រើប្រាស់បណ្ណាល័យបានល្អ។
លោកបានបន្ដថា៖ «គម្រោងនេះយើងនឹងបន្ថែមកិច្ចសហប្រតិបត្ដិការឱ្យរឹតតែល្អប្រសើរលើប្រព័ន្ធព័ត៌មានបណ្ណាល័យ និងទិន្នន័យសៀវភៅផ្សេងៗដែលមានតម្កល់នៅតាមបណ្ណាល័យក្នុងពន្ធនាគារ»៕
វីដេអូ៖