ភ្នំពេញៈ អង្គការបរិស្ថានមួយ ដែលមានមូលដ្ឋាននៅអង់គ្លេស ដែលបានធ្វើការសិក្សា និងបានអះអាងថា មានកងយោធាជាប់ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើជាប្រព័ន្ធ នៅក្នុងតំបន់ដែលត្រូវបានការពារដោយគម្រោងឥណទានកាបូននោះ បានថ្លែងការពារការរកឃើញរបស់ខ្លួន បន្ទាប់ពីក្រុមឈ្មួញកណ្តាល បានច្រានចោលការលើកឡើងនេះថា ហួសកំណត់។
លោកស្រី Julia Christian ជាមួយនឹងអង្គការអភិរក្ស Fern ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីខែវិច្ឆិកាកន្លងទៅ បានថ្លែងថា ចំពោះការអះអាងដែលថា ព័ត៌មាននៅក្នុងការសិក្សានោះ គឺផ្អែកលើព័ត៌មាន ចាប់ពីកាលពី ២ទៅ៤ឆ្នាំមុន គឺជា«ការរិះគន់ដ៏ចម្លែក» ដោយលោកស្រីបន្ថែមថា៖«ការនិយាយដូច្នេះគឺវាមិនអាចទៅរួចនោះទេ»។
ក្រុមអ្នកជំនាញខាងអភិរក្ស បាននិយាយថា គម្រោងឥណទានកាបូន នៅខេត្តឧត្ដរមានជ័យ គឺជាគម្រោង REDD + ដំបូងបំផុតរបស់ប្រទេសកម្ពុជា ហើយវាមានបញ្ហាជាច្រើនចាប់តាំងពីចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០០៨ មកមេ្ល៉ះ ដោយសារតែនៅពេលនោះ អ្នកតាំងលំនៅឋានជាច្រើន ក្នុងតំបន់នោះ គឺជាទាហានដែលពាក់ព័ន្ធនៅក្នុងការឈូសឆាយដីព្រៃ ដែលជាសកម្មភាពមួយពិបាកក្នុងការទប់ស្កាត់។
បន្ទាប់ពីរបាយការណ៍នោះ ត្រូវបានចេញផ្សាយ ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic របស់អង់គ្លេសដែលបានទិញឥណទានកាបូន ពីគម្រោងនេះ ដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័ន ពីការហោះហើររបស់ខ្លួន បានស្នើទៅអង្គការ Capital Capital Partners ដែលជាអ្នកសម្របសម្រួលការទិញឥណទានកាបូននេះឲ្យធ្វើការស៊ើបអង្កេត ចំពោះការអះអាងដែលបានលេចឡើង នៅក្នុងរបាយការណ៍នោះ។
ក្រុមហ៊ុនដែលជាឈ្មួញកណ្តាល បានច្រានចោលចំពោះការអះអាងនេះ ដោយពួកគេបាននិយាយថា វាត្រូវបានដកស្រង់ចេញពីរបាយការណ៍ហួសកាលកំណត់ ដែលបានយកចេញពីរបាយការណ៍ផ្សេងកាលពីឆ្នាំ ២០១៤ និង ២០១៦។
ទោះបីជាយ៉ាងណាកាលពីម្សិលមិញ លោកស្រី Christian ដែលមកពីអង្គការអភិរក្ស Fern បានថ្លែងការពាររបាយការណ៍នេះ ដោយលោកស្រីបញ្ជាក់ថា ចន្លោះរយៈពេលពីរឆ្នាំ គឺមិនគ្រប់គ្រាន់ទេ សម្រាប់ការកាប់បំផ្លាញព្រៃឈើ ដែលបានរីករាលដាលរហូតដល់ក្លាយទៅជាបញ្ហានោះ។
លោកស្រី Christian បានថ្លែងតាមរយៈអ៊ីមែលថា៖«គោលបំណងសំខាន់នៃរបាយការណ៍ និងករណីនៃការសិក្សារបស់យើង គឺថា ការកាប់បំផ្លាញព្រៃឈើបានកើតឡើងនៅក្នុងតំបន់នៃគម្រោង នោះ»។
ចំនុចនេះ វាមានន័យថា គម្រោងឥណទានកាបូន ដែលបានលក់ទៅឱ្យភាគីផ្សេងៗទៀត (រួមទាំងក្រុមហ៊ុន Virgin Airlines) គឺក្លែងក្លាយ ដោយពួកគេបានផ្អែកទៅលើការកាត់បន្ថយការបំភាយឧស្ម័ន ដែលវាមិនដែលកើតឡើងសោះ ពីព្រោះព្រៃឈើនៅតំបន់នោះ ត្រូវបានបំផ្លាញមិនមែនត្រូវបានការពារនោះទេ»។
លោកស្រីបានបន្តទៀតថា វាមិនអាចទៅរួចទេ ដែលថា របាយការណ៍នេះ ហួសកាលកំណត់នោះ ពីព្រោះអ្វីដែលបានធ្វើចាប់តាំងពីពេលនោះមក គឺដើម្បីកែតម្រូវវា។ លោកស្រីបញ្ជាក់ថា៖«ប្រសិនបើព្រៃឈើត្រូវបានបំផ្លាញនោះមានន័យថា គឺវាត្រូវបានបំផ្លាញហើយ ហើយឥណទានដែលបានលក់សម្រាប់ការពារវា ក្នុងកំឡុងពេលនោះ គឺតែងតែក្លែងក្លាយជានិច្ច»។
លោកស្រី Anna Catchpole អ្នកនាំពាក្យឱ្យក្រុមហ៊ុន Virgin Atlantic បានថ្លែងកាលពីម្សិលមិញថា គម្រោង REDD + នៅខេត្តឧត្តរមានជ័យនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងផលប័ត្ររបស់ក្រុមហ៊ុន Virgin Atlantic ដោយក្រុមហ៊ុន មានជំនឿយ៉ាងមុតមាំ ចំពោះគម្រោងនេះ ហើយអង្គការ Capital Capital Partners បានបញ្ជាក់ថា ឥណទានទាំងនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ ដើម្បីឱ្យស្របទៅនឹងអាកាសធាតុសហគមន៍និងជីវចម្រុះ (CCB) និងស្តង់ដារកាបូន ដែលបានផ្ទៀងផ្ទាត់កាលពីឆ្នាំ ២០១៣»។
លោកស្រីថ្លែងតាមរយៈអ៊ីមែលថា៖«ក្នុងនាមជាអតិថិជនម្នាក់ យើងពឹងផ្អែកទៅលើគម្រោងដែលមានលក្ខណៈត្រឹមត្រូវ និងឯករាជ្យដើម្បីធានាដល់គុណភាព។ ប៉ុន្តែអ្វីៗក៏អាចផ្លាស់ប្តូរបានដែរ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រវាងការផ្ទៀងផ្ទាត់ហើយដោយសារតែមានការព្រួយបារម្ភ ដែលវាត្រូវបានគេលើកឡើងជាបន្តបន្ទាប់នោះ យើងក៏បានស្នើទៅអង្គការ NCP ឲ្យដកគម្រោងនេះចេញ ពីផលប័ត្ររបស់យើង»។
ជាលទ្ធផលលោកស្រីបានបន្ថែមថា គ្មានអតិថិជនរបស់ក្រុមហ៊ុន Virgin Atlantic បានទិញទេ ចាប់តាំងពីឆ្នាំ ២០១៧ មក រួមទាំងគម្រោងនៅក្នុងខេត្តឧត្តរមានជ័យនេះផងដែរ៕ NS