
សត្វទន្សោងនៅក្នុងតំបន់ព្រៃអភិរក្សភ្នំត្នោតកន្លងមក។ រូបថត សហការី
ព្រះវិហារៈ អង្គការអភិរក្សកំពុងជំរុញរដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ «អត្រាបំផ្លាញយ៉ាងលឿន» ទៅលើដែនជម្រកសត្វព្រៃភ្នំត្នោត ដែលទើបត្រូវបានបង្កើតកាលពីពេលថ្មីៗនៅក្នុងខេត្តព្រះវិហារ ដែលពពួកសត្វជិតផុតពូជមួយចំនួនត្រូវបានរកឃើញនៅក្នុងតំបន់ការពារនេះ។
ក្រុមអង្គការបរិស្ថានចំនួន ៨ រួមទាំងអង្គការមូលនិធិសត្វព្រៃពិភពលោក អង្គការសម្ព័ន្ធសត្វព្រៃ និងអង្គការសង្គមអភិរក្សសត្វព្រៃបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០១៨ ដោយសម្ដែង «ក្តីបារម្ភយ៉ាងខ្លាំង» ចំពោះស្ថានភាពក្នុងដែនជម្រកសត្វព្រៃនេះ។
ក្នុងចំណោមពពួកសត្វជិតផុតពូជដែលកំពុងស្ថិតនៅក្នុងការគំរាមកំហែងនៅដែនជម្រកសត្វព្រៃ រួមមានសត្វគោព្រៃ ខ្លារខិន ខ្លាឃ្មុំព្រះអាទិត្យ ទោច សត្វពង្រូល ឆ្កែព្រៃ និងពពួកសត្វបក្សីទឹកធំៗជាច្រើនដទៃៗទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ក្តីបារម្ភនេះកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលកាលពីខែមុនបានរំសាយដែនជម្រកសត្វព្រៃស្នួលក្នុងខេត្តក្រចេះ និងដែនជម្រកសត្វព្រៃរនាមដូនសំក្នុងខេត្តបាត់ដំបង បន្ទាប់ពីតំបន់ការពារទាំង ២ ត្រូវបានរកឃើញថា ត្រូវបានឈូសឆាយទាំងស្រុង និងខុសច្បាប់។
សេចក្តីថ្លែងការណ៍របស់អង្គការទាំងនេះបានលើកឡើងថា៖ «ដូចកើតមានកាន់តែច្រើនឡើង ករណីនៅក្នុងតំបន់ការពារដទៃៗទៀតទូទាំងប្រទេសកម្ពុជាដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងជួបការរំលោភបំពានខ្លាំងក្លា តាមរយៈការរំលោភយកដីដើម្បីទុកលក់ ការកាប់ឈើខុសច្បាប់ និងការបរបាញ់ខុសច្បាប់ទៅពពួកសត្វព្រៃកម្ពុជា»។ «ប្រសិនបើមិនមានវិធានការជាបន្ទាន់ដោយអាជ្ញាធរដើម្បីអនុវត្តនីតិរដ្ឋ និងការពារបេតិកភណ្ឌធម្មជាតិនេះទេ ធនធានធម្មជាតិទាំងនេះអាចនឹងត្រូវខូចខាត ឬបាត់បង់មិនអាចត្រឡប់មកវិញបាន»។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានមិនអាចទាក់ទងសុំអត្ថាធិប្បាយបាន ខណៈលោក ស្រ៊ុន ដារិន ដែលជាអ្នកនាំពាក្យក្រសួងផងដែរនោះមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ។
ទោះយ៉ាងណាក្តីនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង បរិស្ថានបានបង្ហោះសេចក្តីថ្លែងការណ៍សង្ខេបមួយដោយបាននិយាយសម្រាលចំពោះការលើកឡើងរបស់អង្គការទាំងនេះដោយថ្លែងថាអង្គការទាំងនេះបានអបអរសាទររដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងបានគាំទ្រអាជ្ញាធរក្នុងការចាត់វិធានការប្រឆាំងនឹងការរំលោភបំពានប្រឆាំងនឹងអ្នកកាប់ឈើខុសច្បាប់អ្នកបរបាញ់ដើម្បីធានាឲ្យមានការអភិរក្សនៅក្នុងតំបន់ការពារជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត។
អង្គការទាំងនេះនៅក្នុងសេចក្តីផ្តើមរបស់ខ្លួនបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលពីមុនពេលសម្ដែងក្តីបារម្ភរបស់ខ្លួន។
លោក កែន សេរីរដ្ឋា នាយកប្រចាំប្រទេសសម្រាប់អង្គការសង្គមអភិរក្សសត្វព្រៃបានថ្លែងថាការរំលោភយកដីធ្លី និងការបរបាញ់សត្វព្រៃនៅតែបន្តជាក្តីបារម្ភ ហើយប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការទេនាពេលខាងមុខឆាប់ៗនេះវានឹង «យឺតពេល»។ លោក សេរីរដ្ឋា បានបន្ទោសក្រុមផ្សេងៗចំពោះបទល្មើសទាំងនោះរួមទាំង «ក្រុមឆ្លៀតឱកាស» ថាជាអ្នកជួយឈូសឆាយដី។ លោកថ្លែងថា៖ «វាជាបញ្ហាប្រឈមធំមួយ»។
លោកបន្ថែមថារដ្ឋាភិបាលត្រូវការអនុវត្តច្បាប់ និងអប់រំប្រជាជនអំពីថាតើនរណាមានសិទ្ធិចំពោះតំបន់នោះ។
លោក សេរីរដ្ឋា បានថ្លែងថាលោកក៏ត្រូវបានប្រាប់ផងដែរថាតំបន់នេះមិនមានអ្នកល្បាតបរិស្ថានច្រើនទេ។ លោកបន្តថា៖ «ក្រសួងបរិស្ថានត្រូវការបង្កើនថវិកាដើម្បីមានមនុស្សច្រើនជាងមុននៅមូលដ្ឋាន»។
លោក ផា ស៊ីណា នៅអង្គការមូលនិធិសត្វព្រៃពិភពលោកបានថ្លែងថាមានអ្នកល្បាតបរិស្ថានតែ ៣ នាក់នៅដែនជម្រកនេះ និងសមាជិកល្បាតសហគមន៍ ២-៣ នាក់ទៀតសម្រាប់តំបន់មួយមានទំហំ ៤២០៩៧ ហិកតានៃដីព្រៃឈើ។ សកម្មភាពខុសច្បាប់នៅដែនជម្រកនេះ «គឺជាក្តីបារម្ភធ្ងន់ធ្ងរ»។
លោកថ្លែងតាមអ៊ីមែលថា៖ «ការស៊ើបអង្កេតហ្មត់ចត់ដែលនាំជនល្មើសទៅតុលាការគឺត្រូវការឲ្យមាន»។ «ទន្ទឹមនេះការបង្កើនចំនួនមន្ដ្រីល្បាតនៅមូលដ្ឋាន និងការអនុវត្តការល្បាតទៀងទាត់ និងការអនុវត្តច្បាប់តឹងរ៉ឹងគឺជាសកម្មភាពសំខាន់។ វាសំខាន់ដែលត្រូវដាក់មន្ត្រីល្បាតដែលមានការបណ្តុះបណ្តាល និងមានប្រសិទ្ធភាពសម្រាប់ការការពារ និងអនុវត្ត»។
លោកស្រី Sharyn Davis និងប្តីរបស់លោកស្រី លោក Ben Davis បានសាងសង់ផ្ទះមួយនៅកណ្តាលព្រៃក្នុងខេត្តព្រះវិហារកាលពីឆ្នាំ ២០១៥ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារតំបន់នេះហើយចាប់តាំងពីពេលនោះមកបានបង្កើតអាជីវកម្មអេកូទេសចរណ៍នៅក្នុងព្រៃសហគមន៍ដែលជាផ្នែកនៃដែនជម្រកសត្វព្រៃភ្នំត្នោត ប៉ុន្តែបញ្ហាប្រឈមនៅតែមាន។
លោកស្រីថ្លែងថា៖ «យើងបង្កើតកន្លែងនេះសម្រាប់គោលបំណងការពារព្រៃនៅទីនេះ»។ «បញ្ហាធំបំផុតគឺការបរបាញ់សត្វព្រៃ ការឈូសឆាយដី និងការកាប់ឈើ។ យើងឃើញវាជារៀងរាល់ថ្ងៃ»។
លោកស្រី Davis ដែលប្តីរបស់លោកស្រី ជួយល្បាតតំបន់នេះបាននិយាយថា ជនល្មើសសំខាន់ៗសម្រាប់ផ្នែកភាគច្រើនបំផុតគឺអ្នកភូមិនៅមូលដ្ឋាន និងអ្នកខាងក្រៅដែលមកតាំងពីខេត្តបាត់ដំបង។ លោកស្រីបន្តថានៅពេលមនុស្សទាំងនោះត្រូវបានចាប់នៅពេលកំពុងប្រព្រឹត្តបទល្មើសព្រៃឈើ និងមិនមានការដាក់ទោសទណ្ឌ «មនុស្សកាន់តែច្រើនឡើងឃើញកាន់តែមក» ហើយធ្វើដូចគ្នានេះ។
សេចក្តីថ្លែងការណ៍នេះលើកឡើងថាជម្រកធម្មជាតិ និងពពួកសត្វព្រៃផ្តល់មុខងារអេកូឡូស៊ីយ៉ាងសំខាន់ព្រមទាំងជីវភាពនិរន្តរភាព។
សេចក្តីថ្លែងការណ៍បន្តថា៖ «ហេតុដូច្នេះយើងជំរុញរាជរដ្ឋាភិបាលកម្ពុជាមេត្តាចាត់វិធានការសមស្របដោយមិនពន្យារពេល ប្រឆាំងនឹងអ្នករំលោភបំពានដីធ្លី អ្នកកាប់ឈើខុសច្បាប់ និងអ្នកបរបាញ់សត្វព្រៃដើម្បីធានានូវការការពារនិងការគ្រប់គ្រងប្រកបដោយចីរភាពចំពោះតំបន់ការពារសំខាន់នេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ»។
លោក ស៊ីណា នៅអង្គការមូលនិធិសត្វព្រៃពិភពលោកថ្លែងថា៖ «ប្រសិនបើមិនមានវិធានការឆ្លើយតបដោយអាជ្ញាធរសមស្រប សកម្មភាពខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃនឹងទំនងជាកើនឡើងដែលប៉ះពាល់ដល់សហគមន៍មូលដ្ឋាន និងបរិស្ថាន»៕ PS