ខេត្តមណ្ឌលគិរីៈ ​អង្គការ​អភិរក្ស​សត្វ​ដំរី​ស្រុក​ក្នុង​ខេត្តមណ្ឌលគិរី បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ដំរី​ស្រុក ហើយ​អាច​នឹង​ឈានទៅ​ផុត​ពូជ​សត្វដំរី បន្ទាប់ពី​ដំរី​ឈ្មោល​ ១ ​ក្បាល​ទៀត​ឈ្មោះ ខាំឃឺន របស់​ជនជាតិដើម​ភាគតិច​ព្នង​ក្នុង​ភូមិ​ពូរ៉ាប៉េត ឃុំ​ក្រង់តេះ ស្រុក​ពេជ្រាដា​បាន​ងាប់​កាលពី​ថ្ងៃទី​ ២០ ខែ កក្កដា ឆ្នាំ​ ២០២០ ដោយសារ​ជំងឺ​បូស​លើ​ខ្នង​រ៉ាំរ៉ៃ​។

លោក ឃុន ឌីយ៉ូន ប្រធាន​អង្គការ​ការពារ​សត្វ​ដំរី​ហៅ​កាត់​ «ELIE» បាន​និយាយថា​៖ «​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ​មក​សត្វ​ដំរី​ស្រុក​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ងាប់​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​ចំនួន​សត្វ​ដំរី​ស្រុក​នៅក្នុង​ខេត្ត​នេះ​មាន​ការថយចុះ​គួរ​ឲ្យ​បារម្ភ ខណៈ​មកទល់​ពេល​នេះ​ការ​បង្កាត់​ពូជ​ដំរី​ស្រុក​នៅ​កម្ពុជា​ពុំទាន់​ទទួល​បាន​ជោគជ័យ​នៅឡើយ​»​។

លោក​បន្តថា តាម​ការអង្កេត និង​កត់ត្រា​ដោយ​ក្រុម​ការងារ​នៃ​អង្គការ​របស់លោក​នៅក្នុង​ឆ្នាំ​ ២០១៧ ដំរី​ស្រុក​ចំនួន ៥ ​ក្បាល​បាន​ងាប់​ក្នុង​នោះ​សត្វ​ដំរី ៣ ​ក្បាល​បាន​ឈឺ​ងាប់ ខណៈ ១ ​ក្បាល​មាន​អាការ​ចុះប្រេង​អុកឡុក​អ្នកភូមិ ត្រូវ​អាជ្ញាធរ​បាញ់សម្លាប់ និង​ ១ ​ក្បាល​ទៀត ងាប់​ដោយសារ​ដើរ​ធ្លាក់​រណ្ដៅ​ខេត្តក្រចេះ​។

ចំណែក​នៅ​ឆ្នាំ​ ២០១៨ ​មាន​ដំរី​ងាប់​ចំនួន ២ ​ក្បាល​ក្នុងនោះ​ ១ ​ក្បាល​ឈឺ​ងាប់ និង​ ១ ​ក្បាល​ទៀត មាន​អាការ​ចុះប្រេង​ត្រូវ​ម្ចាស់​ចង​បង្អត់​ចំណី​រហូត​ដល់​ងាប់​។ សរុប​គិតពី​ឆ្នាំ​ ២០១៧ ​មក​ដល់​ខែកក្កដា ឆ្នាំ​ ២០២០ ​នេះ​មាន​ដំរី​ស្រុក ៨ ​ក្បាល​បាន​ងាប់​។

បើ​តាម​លោក​ ឌីយ៉ូន ដំរី​ស្រុក​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ ២០ ​ឆ្នាំ​មុន មាន​ចំនួន​ច្រើនជាង ៧០ ​ក្បាល​។ ប៉ុន្តែ​ដោយសារ​តែ​ជំនឿ​តៗ​គ្នា​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​មិន​អនុញ្ញាត​ឲ្យ​ដំរីស្រុក​បង្កាត់​ពូជ និង​ការប្រើប្រាស់​ជា​មធ្យោបាយ​អូសទាញ​ហួសប្រមាណ ភាពចាស់ជរា និង​មាន​ជំងឺ​បាន​ធ្វើឲ្យ​ដំរី​ស្រុក​នៅក្នុង​ខេត្ត​នេះ​ងាប់​ជា​បន្តបន្ទាប់ ដែល​រហូត​មកទល់​ឆ្នាំ​ ២០១៩ មាននៅ​សេសសល់​ចំនួន​ ៣៨ ​ក្បាល​។

លោក​បាន​ថ្លែងថា​៖ «​ក្រោយ​ការស្លាប់​របស់ ខាំឃឺន [​ដំរីឈ្មោល​] បាន​ធ្វើឲ្យ​ចំនួន​ដំរី​ស្រុក​ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​សល់​ត្រឹម ៣៧​ ក្បាល ​ហើយ​អាច​នឹង​ឈាន​ទៅ​រក​ការផុត​ពូជ​ដំរី​ស្រុក​ពី​តំបន់​នេះ បើ​គ្មាន​ការចូលរួម​ការពារ និង​អភិរក្ស និង​បើ​អ្នកភូមិ​នៅ​តែ​បន្ត​ប្រកាន់​តាម​ជំនឿ​ពី​ដូនតា​របស់​ពួកគេ​មិន​ឲ្យ​ដំរី​បន្ត​ពូជ​តទៅទៀត​នោះ​»​។

ស្រដៀង​គ្នា​នេះដែរ លោក​ កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា ការមិន​ឲ្យ​សត្វ​ដំរី​ស្រុក​បន្ត​ពូជ​តាម​បែប​ធម្មជាតិ ពិតជា​ប្រឈម​នឹង​ការបាត់បង់​ពូជ​សត្វ​ដំរី​ស្រុក ខណៈ​ចំនួន​សត្វ​ដំរី​ស្រុក​ដែល​នៅ​សេសសល់​មិន​ដល់ ៤០ ​ក្បាល​នេះ​មួយ​ចំនួន​មាន​វ័យ​ចំណាស់​ស្ទើរតែ​មិនអាច​មាន​លទ្ធភាព​បន្ត​ពូជ​បាន​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​កំពុង​លើក​ទឹកចិត្ត​ដល់​ម្ចាស់​ដំរី​ឲ្យ​ពួកគាត់​ចូលរួម​អភិរក្ស​សត្វ​ដំរី​ស្រុក តាមរយៈ​ការអនុញ្ញត​ឲ្យ​ពួកវា​បន្ត​ពូជ​តាមបែប​ធម្មជាតិ និង​បញ្ឈប់​ការប្រើប្រាស់​សត្វ​ដំរី​ជា​មធ្យោបាយ​អូសទាញ និង​ដឹកជញ្ជូន​»៕