ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​លើកឡើងថា ប្រទេស​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី​ ៤ ​នៅក្នុង​ពិភពលោក​ដែល​ហូតពន្ធ​លើ​ថ្នាំជក់​ទាប​បំផុត​។ បើ​ប្រទេស​កម្ពុជា​ដំឡើង​ពន្ធ​រហូតដល់​ ៧៥ ​ភាគរយ​នៃ​តម្លៃ​បារី​លក់រាយ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ និង​ធនាគារ​ពិភពលោក​នោះ​កម្ពុជា​នឹង​ទទួល​ពន្ធ​ចំណូល​បន្ថែម​ ២៣៥ ​លាន​ដុល្លារ​សហរដ្ឋ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ និង​ ៩៣៣ ​លាន​ដុល្លារ​សហរដ្ឋ​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​ខាងមុខ​។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ គឺជា​វិធានការ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​ការខាតបង់​សេដ្ឋកិច្ច​បណ្តាលមកពី​ថ្នាំជក់​។

លោក​បាន​ប្រាប់ថា​៖ «​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ត្រូវបាន​សកលលោក​ទាំងមូល​បាន​ចាត់ទុកថា​ជា​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ ដែល​យុទ្ធសាស្ត្រ​ឈ្នះ​ទី​ ១ ​គឺ​រដ្ឋ​នឹង​ប្រមូលបាន​ប្រាក់ចំណូល​ពន្ធ​បន្ថែម និង​យុទ្ធសាស្ត្រ​ឈ្នះ​ទី​ ២ ​គឺ​នៅពេលដែល​យើង​ដំឡើង​ពន្ធ យើង​នឹង​កាត់បន្ថយ​នូវ​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ដែល​កើតឡើង​ដោយសារ​ការប្រើប្រាស់​បារី ដែល​ការជក់បារី​អាច​នាំឱ្យ​កើតមាន​ជំងឺ​ផ្សេងៗ បាត់បង់​​ជីវិត និង​ពិការភាព​ជាដើម​»​។

លោក​ថា នៅពេល​ដែលមាន​សមាជិក​គ្រួសារ​ណា​ម្នាក់​ដែលមាន​ជំងឺ​ ឬ​ពិការ ឬ​ស្លាប់ នោះ​នឹង​នាំឱ្យមាន​ទុក្ខវេទនា​របស់​គ្រួសារ​ក៏ដូចជា​សង្គមជាតិ​ទាំងមូល ហើយ​វា​នឹង​ធ្វើឱ្យ​បាត់បង់​នូវ​ធនធាន​មនុស្ស​ និង​ធ្វើឱ្យមាន​បញ្ហា​ជាច្រើន​ទៀតផង​ដែរ​។

នាយក​ប្រតិបត្តិ​អង្គការ​ដដែល​នេះ​បានបញ្ជាក់​ទៀតថា នៅក្នុង​តំបន់​អាស៊ាន ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ទាប​ជាងគេ​បំផុត មានន័យថា កម្ពុជា​មាន​ពន្ធ​លើ​ថ្នាំជក់​ត្រឹមតែ​ ២៥ ​ភាគរយ​ចំពោះ​បារី​ក្នុងស្រុក (​ពន្ធ​ធៀប​នឹង​តម្លៃ​លក់រាយ​) និង​ ៣១ ​ភាគរយ​ចំពោះ​បារី​នាំចូល បើ​ប្រៀបធៀប​នឹង​ប្រទេស​ថៃ​គឺមាន​អត្រាពន្ធ​ធៀប​នឹង​តម្លៃ​លក់រាយ​រហូតដល់​ ៧០ ​ភាគរយ ប្រទេស​សិង្ហបុរី​មាន​ ៦៩ ​ភាគរយ ហើយ​សូម្បីតែ​ប្រទេស​ដែល​នៅ​ជិតខាង​កម្ពុជា​ក៏មាន​អត្រាពន្ធ​ប្រមាណ​ជា​ ៤០ ​ទៅ​ ៥០ ​ភាគរយ​ដែរ​។

លោក មុំ គង់ ប្រាប់ថា​៖ «​ការដំឡើង​ពន្ធ​ដែល​យើង​ហៅថា ឧត្តមានុភាព​របស់​អង្គការ​សុខភាព​ពិភពលោក​ ឬ​របស់​ពិភពលោក​រដ្ឋ​ជា​ភាគី​តែ​ម្តងថា ការដំឡើង​ពន្ធ​ដើម្បីឱ្យ​រដ្ឋ​បាន​ប្រាក់ចំណូល​ពន្ធ​បន្ថែម ហើយ​កាត់បន្ថយ​ទុក្ខវេទនា​ប្រជាពលរដ្ឋ​នោះ ទាល់តែ​ការដំឡើង​ពន្ធ​ផលិតផល​ថ្នាំជក់​ស្មើនឹង​ ២ ​ភាគ​ ៣ ​នៃ​តម្លៃ​រាយ ឬ​ប្រមាណ​ជា​ ៧០ ​ភាគរយ​នៃ​តម្លៃ​លក់រាយ​»​។

លោក​ថា​៖ «​ប្រទេសមួយ​ចំនួន​ដូចជា​ថៃ សិង្ហបុរី គឺ​គេ​បាន​ឡើង​ទៅដល់​ពន្ធ​នេះហើយ ប៉ុន្តែ​ប្រទេស​យើង​នៅមាន​គម្លាត​ឆ្ងាយ​នៅឡើយ​។ ដូចនេះ​អ្វីដែល​យើង​ចង់បាន​នោះ​គឺ​យើង​ចង់ឱ្យមាន​ការដំឡើង​ពន្ធ​លើ​ផលិតផល​បារី​ឱ្យបាន​ខ្ពស់​ហើយ​ទៅតាម​ឆន្ទៈ​របស់​រដ្ឋាភិបាល និង​ឱ្យ​ការដំឡើង​ពន្ធ​នោះ​ទៀងទាត់​ទៅតាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​»​។

លោក​ថា បើតាម​ការសិក្សា​របស់​អង្គការ​សហប្រជាជាតិ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ​អង្គការ​សុខភាព​ពិភពលោក (WHO) ​ជាដើម បាន​បង្ហាញថា ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ ១៥ ០០០ ​នាក់​បាន​ស្លាប់​ដោយសារ​ថ្នាំជក់​ជា​រៀងរាល់ឆ្នាំ​ដែល​ក្នុង​ ១ ​ថ្ងៃ​មាន​ប្រហែលជា​ ៤០ ​នាក់​បាន​ស្លាប់​ដែល​នេះ​នៅតែ​ជា​ចំនួន​ដ៏ច្រើន​ក្នុងនោះដែរ​វា​បាន​ធ្វើឱ្យ​ខាតបង់​ទឹកប្រាក់​ ៦៤៩ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ដែល​ស្មើនឹង​ ៣ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​។ ក្នុងនោះ ៥៨៤ ​លាន​ដុល្លារ​បណ្ដាល​មកពី​ការខាតបង់​ផលិតភាព​សេដ្ឋកិច្ច​គឺ​មរណភាព​មុន​អាយុកំណត់ ផលិតភាព​ធ្លាក់ចុះ​ពី​ការសម្រាក​ជក់បារី និង​អវត្តមាន​ពី​ការងារ​។

លោក​ មុំ គង់ ថ្លែងថា ការអនុវត្ត​ការហាម​ជក់បារី​នៅ​កន្លែងធ្វើការ ហាង​ ឬ​ភោជនីយដ្ឋាន​ពី​មធ្យម​ទៅ​ខ្នាត​ធំ​សណ្ឋាគារ​ ឬ​ផ្ទះសំណាក់ និង​កន្លែង​សាធារណៈ​ផ្សេងៗ​ទៀត​នោះ មាន​ការផ្លាស់ប្តូរ​ច្រើន និង​បាន​អនុវត្ត​ទៅតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ដូចជា ក្រសួង​ទេសចរណ៍​ជាដើម​ដែល​តែងតែ​ចុះ​ធ្វើការ​ពិនិត្យ និង​បានផ្តល់​ការលើកទឹកចិត្ត​ទៅដល់​អ្នក​ដែល​បាន​អនុវត្ត​បានល្អ និង​បាន​ជំរុញ​ឱ្យ​ហាង​តូចៗ​ត្រូវ​អនុវត្តតាម​ផងដែរ​។ យើង​ឃើញថា​មានការ​ផ្លាស់ប្តូរ​ច្រើន យើង​មាន​មោទនភាព​របស់​យើង​ដែល​យើង​បានធ្វើ ប៉ុន្តែ​មិនទាន់​ទៅដល់​កម្រិត​ដែល​យើង​ចង់បាន​ទៅតាម​ច្បាប់​នៅឡើយ​ទេ​»​។

យោងតាម​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០ កម្ពុជា​ជា​ប្រទេស​ដែល​មាន​អត្រា​ស្រូប​ផ្សែង​បារី ខ្ពស់​ជាងគេ​នៅ​ភោជនីយដ្ឋាន​។ អ្នក​ដែល​រងផលប៉ះពាល់​ភាគច្រើន​គឺ​កុមារ​និង​ស្ត្រី​។ វិធាន​ការហាម​ជក់​បារី​នៅ​កន្លែងធ្វើការ​ ឬ​កន្លែង​សាធារណៈ​មិន​ត្រឹមតែ​ជួយ​អ្នក​មិន​ជក់បារី​ពី​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​ទេ ថែមទាំង​ជួយ​អ្នក​ជក់​ឱ្យ​កាត់បន្ថយ និង​ឈានទៅ​ផ្តាច់​បារី​ទៀតផង​។

ឆ្នាំ​ ២០១៩ ​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មានការ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ផលិតផល​ថ្នាំជក់ ដោយ​ក្នុងនោះ​អត្រា​នៃ​ការប្រើប្រាស់​ថ្នាំជក់​ក្នុងចំណោម​មនុស្ស​ពេញវ័យ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើងទៅ​បាន​ថយចុះ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ គឺ​ចុះ​ពី​ជិត​ ៤៩ ​ភាគរយ​មក​នៅ​ជាង​ ៣៥ ​ភាគរយ​ចំពោះ​បុរស និង​ស្ត្រី​ពី​ ២០,៥៣ ភាគរយ​មក​នៅត្រឹម​ ១១,៦ ​ភាគរយ​៕