
ភ្នំពេញៈ អង្គការមូលនិធិសកល បានគំរាមព្យួរ ឬកាត់បន្ថយជំនួយសុខាភិបាលដល់កម្ពុជា ដែលមានចំនួនសរុបជាង ១០០ លានដុល្លារប្រសិនបើក្រសួង សុខាភិបាល មជ្ឈមណ្ឌលជាតិប្រឆាំងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការ MEDi-CAM មិនប្រគល់ប្រាក់ដែលប្រើមិនត្រឹមត្រូវ ដែលបានកំណត់ក្នុងការស៊ើបអង្កេតរបស់អង្គការមូលនិធិសកលនេះទេនោះ។
ក្នុងលិខិតផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី សុខាភិបាល នៅថ្ងៃ ទី៩ ខែ ធ្នូ ហើយទទួលបានដោយ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ អង្គការមូលនិធិសកល បានឲ្យដឹងថា ប្រសិនបើប្រាក់ ៤៧២ ៨៤១ ដុល្លារមិនត្រូវបានប្រគល់ឲ្យមកវិញក្នុងរយៈពេល ៣០ ថ្ងៃទៀតទេនោះ អង្គការអាចមិនបន្ត ជំនួយ ឬកាត់បន្ថយជំនួយសរុប ១០៦ លានដុល្លារ។ ចំនួនថវិកាដែលត្រូវប្រគល់មកវិញស្មើនឹង ៤១០ ៧១២ ដុល្លារត្រូវបានស្នើសុំពីក្រសួង សុខាភិបាល ហើយទាក់ទងនឹងកម្រៃជើងសាមិនត្រឹមត្រូវ ដែលមន្រ្តី ជាន់ខ្ពស់នៅមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺគ្រុនចាញ់ បានទទួលពីអ្នកផ្គត់ផ្គង់មុងអន្តរជាតិរវាងឆ្នាំ ២០០៦ និង ២០១២។
លោក Mark Eldon-Edington ប្រធានផ្នែកគ្រប់គ្រងជំនួយរបស់អង្គការ មូលនិធិសកល បានសរសេរថា៖ «សូមជ្រាបថាក្រសួង សុខាភិបាល មជ្ឈមណ្ឌលជាតិប្រឆាំងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការ MEDiCAM ត្រូវបានកំណត់ឲ្យប្រគល់ប្រាក់មកឲ្យអង្គការមូលនិធិសកលវិញនៅថ្ងៃតែមួយ ក្នុងរយៈពេលតែ ៣០ ថ្ងៃទៀតទេ។ ខ្ញុំសូមសង្កត់ធ្ងន់លើភាពបន្ទាន់នៃសំណើនេះ»។ ប្រាក់ជំនួយ ដែលរងផលប៉ះពាល់ នៅថ្ងៃ ទី៩ ខែ មករា ដែលជាថ្ងៃចុងក្រោយនៃរយៈពេល ៣០ ថ្ងៃ រាប់បញ្ចូលជំនួយជំងឺអេដស៍/មេរោគអេដស៍ដែលមានតម្លៃ ៥៧ លានដុល្លារ ជំនួយទាក់ទងនឹងជំងឺគ្រុនចាញ់ដែលមានតម្លៃប្រហែលជា ២៨ លានដុល្លារ និងជំនួយពង្រឹងប្រព័ន្ធសុខាភិបាលដែលមានតម្លៃជិត ២០ លានដុល្លារទៀត។
អង្គការក្រៅរដ្ឋាភិបាលផ្នែកសុខភាពកាល ពីម្សិលមិញបានថ្លែងថា ការព្យួរ ឬកាត់បន្ថយជំនួយទាំងនោះអាចប៉ះពាល់ធ្ងន់ធ្ងរលើកម្មវិធីដែល ធ្វើសកម្មភាពប្រឆាំងជំងឺគ្រុនចាញ់ និងជំងឺអេដស៍/មេរោគអេដស៍នៅកម្ពុជា។
បើទោះបីជាអង្គការមូលនិធិសកល ប្រើពាក្យខ្លាំងៗក៏ដោយ ក៏ប៉ុន្តែក្រសួង សុខាភិបាល ហាក់បីដូចជាមិនបានខិតខំដើម្បីបំពេញតាមការកំណត់នេះទេ។
មន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួង សុខាភិបាល ដែលមិនចង់បញ្ចេញឈ្មោះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «បើទោះបីជាខ្ញុំមិនបានមើលឃើញលិខិតក៏ដោយខ្ញុំក៏មិនខ្វល់ អំពីការគំរាមរបស់អង្គការមូលនិធិសកលដែរ ហើយថា ក្រសួងមិនគួរទទួលខុសត្រូវបង់សងនោះទេ»។ លោកបន្ថែមថា៖ «យើងត្រូវរកបុគ្គលពិតដែលប្រើប្រាក់នោះបង់ឲ្យគេ។ យើងមិនចាំបាច់បង់សងទេ ប៉ុន្តែវាមិនមែនមានន័យថា យើងគួរនៅស្ងាត់ដែរ។ យើងត្រូវស៊ើបអង្កេតរឿងក្តីរកឲ្យឃើញបុគ្គលពិតដែលពាក់ព័ន្ធ។ វាមិនសំខាន់ទេ [ប្រសិនបើមូលនិធិសកលកាត់ជំនួយ] ក៏ដោយ យើងមានអង្គការដទៃទៀតជួយ។ កុំស្តីបន្ទោសរដ្ឋាភិបាល ពីព្រោះយើងមិនដឹងអ្វីគ្រប់យ៉ាងទេ»។ លោកបានបង្វែរសំណួរបន្ថែមទៀតទៅរដ្ឋមន្រ្តី សុខាភិបាល លោក ម៉ម ប៊ុនហេង ដែលមិនអាចទាក់ទងសុំអត្ថាធិប្បាយបាន។
លោក មាន ឈីវុន នាយក NCHADS មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ខណៈនាយកប្រតិបត្តិនៃ MEDiCAM លោក សិន សុមុនី បានថ្លែងថា លោក «មិនមានពេលវេលា» សម្រាប់ឆ្លើយតបសំណួរទេ។
លោក ទីម វ៉ូរ៉ា នាយកប្រតិបត្តិនៃអង្គការសម្របសម្រួលស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ (HACC) បានថ្លែងថា កម្ពុជាពឹងផ្អែកលើអង្គការមូលនិធិសកល សម្រាប់ថវិកាជួយជនរងគ្រោះដោយមេរោគអេដស៍ និងជំងឺអេដស៍។ លោកបានថ្លែងបន្តថា៖ «ខ្ញុំគិតថា វាពិតជាប៉ះពាល់ ពីព្រោះ [រដ្ឋាភិបាល] កំពុងទិញឱសថក្រោមថវិការបស់អង្គការមូលនិធិសកល។ ដូច្នេះ មនុស្សជាង ៥ ម៉ឺននាក់ដែលកំពុងរស់នៅដោយផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ដែលប្រើឆ្នាំពន្យារអាយុ នឹងទទួលរងប៉ះពាល់ប្រសិនបើពួកគេកាត់ថវិកា។ តើនរណានឹងឧបត្ថម្ភចំពោះការទិញថ្នាំសម្រាប់មនុស្សទាំងនោះ?»។
«ខ្ញុំគិតថា អង្គការមូលនិធិសកលមិនគួរធ្វើដូច្នេះទេ។ ពួកគេគួរតែស្វែងរកយន្តការមួយទៀតដើម្បីដោះស្រាយជាមួយរដ្ឋាភិបាល ហើយមិនត្រូវកាត់ជំនួយបែបនេះទេ ពីព្រោះវាមិនប៉ះពាល់ដល់អ្នកដែលប្រព្រឹត្តអំពើពុករលួយទេ ប៉ុន្តែវាប៉ះពាល់ដល់អ្នកដែលកំពុងតែរស់នៅផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍»។
លោក អ៊ឹម សារុន នាយកប្រចាំប្រទេសនៅអង្គការដៃគូសម្រាប់ការអភិវឌ្ឍ (PFD) ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការងារលើគម្រោងដែលផ្តល់មូលនិធិដោយអង្គការមូលនិធិសកលសម្រាប់ការការពារនិងគ្រប់គ្រង ជំងឺគ្រុនចាញ់ បានថ្លែងថា ការកាត់ជំនួយចំពោះកម្មវិធីជំងឺគ្រុនចាញ់អាចមានផលប៉ះពាល់ធំមួយ។
លោកបានបន្តថា៖ «ចំពោះខ្ញុំ ខ្ញុំគិតថា វានឹងមានផលប៉ះពាល់ច្រើនវាពិតជាមានផលប៉ះពាល់ហើយក្នុងនាមជាដៃគូសំខាន់នៅក្នុងវិស័យជំងឺគ្រុនចាញ់អង្គការ PFD គឺពិតជាបារម្ភអំពីបញ្ហានេះ»។ «កម្មវិធីជាតិគឺជាឆ្អឹងខ្នង ហើយនៅពេលវាមិនអាចដំណើរការវានឹងមានផលប៉ះពាល់ជាច្រើនទៅលើប្រជាជនដែលត្រូវទទួលអត្ថប្រយោជន៍»។
លោក Seth Faison នាយកផ្នែកប្រាស្រ័យទាក់ទងនៅអង្គការមូលនិធិសកល ដែលមានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ បានថ្លែងកាលពីម្សិលមិញថា អង្គការតែងតែមានការប្រុងប្រយ័ត្ននៅពេលព្យួរជំនួយ។ លោកបានថ្លែងនៅក្នុងអ៊ីមែលថា៖ «យើងតែងតែធ្វើការដោយប្រុងប្រយ័ត្ន មិនទុកជីវិតមនុស្សក្នុងហានិភ័យទេ។ នៅពេលវាចាំបាច់ដើម្បីព្យួរឬកាត់បន្ថយជំនួយ យើងខិតខំធ្វើការស្វែងរកជម្រើសផ្សេងៗដែលអាចនាំឲ្យមានការបន្តសេវាសម្រាប់អ្នកដែលទទួលរងគ្រោះ»។
នៅក្នុងលិខិតមួយចុះថ្ងៃ ទី៩ ធ្នូ អង្គការមូលនិធិសកល បានសុំឲ្យរដ្ឋមន្រ្តី សុខាភិបាល លោក ម៉ម ប៊ុនហេង ទាក់ទងនាយកអង្គការ NCHADS និង MEDiCAM ដើម្បី «ធានាថាព័ត៌មានបច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពនៃការផ្តល់ថវិកាវិញ» ត្រូវបានផ្តល់ឲ្យត្រឹមថ្ងៃ ទី១៦ ធ្នូ។
លោក Faison កាលពីម្សិលមិញ មិនបានឆ្លើយតបអំពីថា តើព័ត៌មានបច្ចុប្បន្នភាពណាមួយត្រូវបានទទួល ហើយលោកក៏មិនបាននិយាយផងដែរថា តើស្ថាប័នពាក់ព័ន្ធណាមួយ ធ្វើការប្តេជ្ញាចិត្តចំពោះការផ្តល់ថវិកាវិញ។
អង្គការមូលនិធិសកល បានថ្លែងនៅក្នុងការ «ប៉ាន់ប្រមាណ» របស់ខ្លួនការចំណាយមិនសមស្របនៃថវិកាចំនួន ៤១០ ៧១២ ដុល្លារទៅ CNM ដោយអ្នកផ្គត់ផ្គង់បានបង្ខំឲ្យថវិកានោះចំណាយលើសសម្រាប់មុង ដែលនេះជាមូលហេតុនាំឲ្យមានការស្នើសុំថវិកាទាំងមូលត្រឡប់ទៅវិញ។
អង្គការមូលនិធិសកលបានសុំឲ្យ NCHADS ប្រគល់ថវិកាវិញចំនួន ៤១ ៤០៤ ដុល្លារ ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីបន្លំនៅក្នុងគម្រោងលទ្ធកម្មដោយមន្រ្តីជាន់ខ្ពស់ម្នាក់ ខណៈ MEDiCAM បន្លំថវិកាចំនួន ២០ ៧២៥ ដុល្លារ សម្រាប់តំណែងបុគ្គលិកពីរនាក់ក្នុងឆ្នាំ ២០០៩ ដែលមិនមែនជាតំណែងពិតប្រាកដ៕ TK/PS