ភ្នំពេញៈ អង្គការ​ស្បៀង ​និង​កសិកម្ម​នៃ​សហប្រជា​ជាតិ ​(FAO) មន្ត្រី​ជំនាញ​នៃក្រសួង​កសិកម្ម ​និង​ក្រសួងប​រិស្ថាន​ បាន​ជួប​ពិភាក្សាគ្នា​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​កាលពី​ថ្ងៃទី ១៤ ​ខែ ​មិថុនា​ នៅ​សណ្ឋាគារ​សាន់វេ ​ដើម្បី​សម្រេចលើ​សេចក្ដីព្រាង​មួយ​ស្ដីពី​ការផ្សាំុនឹង​អាកាស​ធាតុ​និង​ភាព​ធន់​ចំពោះ​សហ​គមន៍​នេសាទ​ឆ្នេរសមុទ្រ​នៅ​កម្ពុជា ហៅថា CamAdapt​​ មុននឹង​ស្នើ​សុំ​ថវិកា​ពី​មូលនិធិ​សកល​ជួយ​ដល់​សហគមន៍​នេសាទ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ FAO បញ្ជាក់ថា ​គម្រោង​ CamAdapt ជា​គម្រោង​រួមគ្នា​ដែល​អនុវត្ត​ដោយ​អង្គការ​ FAO ក្រសួង​បរិស្ថាន ​និង​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ​ដើម្បី​រួមចំណែក​ដល់​វិធានការ​សម្រប​សម្រួល​លើ​គំនិត​ផ្ដួច​ផ្ដើម​ស្ដីពី​ការនេសាទ​និង​ការគ្រប់គ្រង​ឆ្នេរ​សមុទ្រ។ គម្រោង​រួមគ្នានេះ​ គាំទ្រ​ដល់​សហគមន៍​ពឹង​ផ្អែកលើ​ជលផល​នៅ​តាម​មាត់សមុទ្រ​ ដើម្បីឱ្យ​ពួក​គេ​សម្រប​ខ្លួន​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ ​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរ​សមុទ្រ​ និង​សម្រប​សម្រួល​ជីវភាព​រស់​នៅ​របស់​ពួកគេ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ​ថ្វី​ដ្បិត​ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរ​សមុទ្រ​និង​សមុទ្រ​ មាន​សារ:សំខាន់​ខ្លាំង​សម្រាប់​អភិវឌ្ឍសេដ្ឋ​កិច្ច​កម្ពុជា​ និង​ជីវភាព​រស់នៅ​របស់​សហគមន៍​​នេសាទក្ដី ​ប៉ុន្តែ​សហគមន៍​នេសាទ​នៅតាម​ឆ្នេរ​សមុទ្រ ​នៅ​តែស្ថិតក្នុង​ភាព​ងាយ​រងគ្រោះ​ដោយ​បញ្ហា​មួយ​ចំនួន។ ​

បញ្ហា​ទាំងនោះ​ មានដូចជា ​ការរស់នៅ​ពឹង​ផ្អែកលើ​ធនធាន​ធម្មជាតិ ​ការប្រែប្រួល​អាកាសធាតុ ​ដែល​រួមមាន ​ព្យុះ ​ការឡើង​កម្ពស់​ទឹក​សមុទ្រ​ និង​ការផ្លាស់​ប្ដូរ​របប​ទឹកភ្លៀង ​ភាពក្រីក្រ ​ការរស់នៅ​ដាច់ស្រយាល ​និង​ការ​មិនបាន​ចាត់​បញ្ចូល​ក្នុងការ​អភិវឌ្ឍ។

លោក​ អេង ជា​សាន ​ប្រធាន​រដ្ឋបាល​ជលផល ​ដែលចូលរួម​ក្នុង​សិក្ខា​សាលា​មិនអាច​សុំ​ការបញ្ជាក់​​អំពី​គម្រោង​នេះ​បានទេ​កាលពី​ម្សិលមិញ៕