កំពតៈ អង្គការ​សង្គមស៊ីវិល និង​សហគមន៍​ចំនួន ៨ រួម​ទាំង​អាជ្ញាធរ​ខេត្ត​កំពត​បាន​សម្រេចចិត្ត​រួម​គ្នា​ធ្វើ​យុទ្ធនា​ការដាំ​ដើម​កោងកាង​ឲ្យ​បាន ១ សែន​ដើម​ក្នុង​រយៈពេល ៩ ​ខែ​នៅក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​ បន្ទាប់ពី​ពួកគេ​បារម្ភ​ពី​ការបាត់បង់​ព្រៃកោងកាង​ដែល​ជា​ធនធាន​ដ៏មាន​សារៈសំខាន់​ដូចជា សម្រាប់​ការពារ​លំនឹង​នៃ​ទឹកសមុទ្រ ធានា​សន្តិសុខ​ស្បៀង និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។

លោកស្រី​ ហ៊ុន បូរមី ​នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​អាក់សិនអេត​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រកាស​យុទ្ធនាការ​កាលពី​ចុង​សប្ដាហ៍​ទី​ ១ នៃ​ខែ​កញ្ញា​នៅ​សហគមន៍​ត្រពាំងសង្កែ​បាន​ឲ្យ​ដឹងថា យុទ្ធនាការ​ដាំដើម​កោងកាង ១ សែន​ដើម​នេះ​នឹង​ចាប់ផ្តើម​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ ដល់​ខែ​ឧសភា ឆ្នាំ​ ២០២០​។

យុទ្ធនាការ​នេះ​មាន​សហគមន៍​ទាំង​ ៨ ក្នុង​ខេត្ត​​កំពត​ចូលរួម​មាន​សហគមន៍​ត្រពាំង​សង្កែ សហគមន៍​កំពង់​សាមគ្គី សហគមន៍​ត្រពាំងរពៅ សហគមន៍​ព្រែក​ត្នោត សហគមន៍​កែប​ថ្មី សហគមន៍​ទទឹង​ថ្ងៃ សហគមន៍​កោះគ្រឹស្នា និង​សហគមន៍​លក​។

លោកស្រី​បាន​ថ្លែងថា​៖ «​ព្រៃកោងកាង ផ្កាថ្ម និង​ស្មៅ​សមុទ្រ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​រក្សា​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី និង​តំបន់ឆ្នេរ​នៅ​កម្ពុជា​ដោយ​ស្រូប​យក​នូវ​ឧស្ម័ន​កាបូនិច និង​ជាតិពុល​ផ្សេង​។

ក្រៅពី​នេះ​ព្រៃកោងកាង​ជួយ​ទប់ទឹក ខ្យល់ ការពារ​ចម្រោះ​ដី និង ជម្រក​សត្វ​ពង ហើយ​ការបាត់បង់​ធនធាន​ទាំងនេះ​នឹង​នាំមក​នូវ​ការបាត់បង់​នូវ​ជម្រក​សត្វ​ពង អាហារ​សម្រាប់​ចិញ្ចឹមសត្វ ដែល​នាំឲ្យ​បាត់បង់​នូវ​ទិន្នផល​នេសាទ រុក្ខជាតិ​សមុទ្រ និង​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សមត្ថភាព​របស់​មនុស្ស​»​។

តាម​របាយការណ៍​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ឆ្នាំ​ ១៩៩២ ខេត្ត​កំពត បូករួម​នឹង​ខេត្ត​កែប​ធ្លាប់​មាន​គម្រប​ព្រៃកោងកាង​ចំនួន ៧ ៩០០ ហិកតា​។

ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៨ ព្រៃ​កោងកាង​នៅ​ខេត្ត​នេះ​បាន​បាត់បង់​ប្រមាណ ៦២ ​ភាគរយ​ដោយ​នៅ​ត្រឹម​តែ ១៩៦៦ ​ហិកតា​នៅ​ខេត្ត​កំពត និង​នៅត្រឹម ១ ០០៥ ហិកតា​នៅ​ខេត្ត​​កែប​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត​។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​ការបាត់បង់​ធនធាន​ព្រៃកោងកាង​បាន​កើនឡើង​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ ការ​បូម​ខ្សាច់ ការរុករក​រ៉ែ និង​ការបំផ្លាញ​ព្រៃកោងកាង​ដែល​ជា​គម្រប​ព្រៃ​ការពារ​សមុទ្រ​ដោយ​ការប្រព្រឹត្ត​សកម្មភាព​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ រួមទាំង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

ទិដ្ឋភាព​នៃ​ព្រៃកោងកាង​នាពេល​កន្លង​មក​។ រូបថត សហការី

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​ព្រៃកោងកាង​បាន​ផ្តល់​នូវ​ធនធាន​នេសាទ​ដែល​កំពុង​ចិញ្ចឹម​ប្រជានេសាទ​ចំនួន​ ៣ ៥០០ គ្រួសារ​នៅ​ខេត្តកំពត​ដែល​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ហោច​ណាស់ ៥ ​ម៉ឺន​រៀល​ទៅ ៧ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​មួយ​ឆ្នាំ​ព្រៃកោងកាង​អាច​ផ្តល់​ប្រាក់​ចំណូល​ដល់​ប្រជានេសាទ​ទូទាំង​ខេត្ត​កំពត​ក្នុង​ចន្លោះ​ពី​ ១៦ ​លាន​ដុល្លារ​រហូត​ដល់ ២២០ ​លាន​ដុល្លារ​។

របាយការណ៍​ឲ្យ​ដឹងថា​៖ «​ជីវភាព​របស់​ប្រជានេសាទ​ទាំងនោះ​នឹង​រងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ប្រសិន​បើ​ធនធាន​ព្រៃកោងកាង ស្មៅ​សមុទ្រ ត្រូវ​បាន​បំផ្លាញ​ដោយ​គម្រោង​អភិវឌ្ឍ​»​។

លោក សឹម ហ៊ីម ប្រធាន​សហគមន៍​នេសាទ​ត្រពាំងសង្កែ​បាន​និយាយថា វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​សហគមន៍​របស់​លោក​ក៏​ដូចជា​សហគមន៍​ដទៃ​ទៀត​ក្នុង​ខេត្ត​កំពត ខណៈ​មក​ដល់​បច្ចុប្បន្ន​សហគមន៍​ត្រពាំងសង្កែ​បាន​ដាំ​ដើម​កោងកាង​ប្រមាណ​ជិត ៤ ​ម៉ឺន​ដើម​ហើយ ដូច្នេះ​ការដាំ​ដើម​កោងកាង​ប្រមាណ ១ សែន​ដើម​បន្ថែម​ទៀត​នៅក្នុង​សហគមន៍​ទាំង​ ៨ នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការអភិរក្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​បញ្ជាក់​ថា​៖ «​អ្នកនេសាទ​គាត់​បាន​ប្រយោជន៍​ពី​ព្រៃកោងកាង ប៉ុន្តែ​បើសិន​ជា​អត់​មាន​ព្រៃកោងកាង គឺ​មិន​មាន​ជីវចម្រុះ​នោះ​ទេ​នឹង​នាំ​ឲ្យ​យើង​ហូប​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​ប្រើប្រាស់​ជាតិគីមី​។ អ៊ីចឹង​បើ​មិន​មាន​ព្រៃកោងកាង​ទេ នឹង​មាន​ការកើនឡើង​នូវ​ជាតិពុល​ស្រប​ពេល​ដែល​ការបាត់បង់​ព្រៃកោងកាង​មួយរយៈ​កន្លង​មក ព្រោះ​តែ​ទង្វើ​របស់​មនុស្ស​យើង​»​។

លោក ស សូរិន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត​បាន​និយាយថា កាលពី​ ៥ ​ឆ្នាំ​មុន​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤ ខេត្ត​រួមមាន​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​កោះកុង​មាន​គម្រប​ព្រៃកោងកាង​ប្រមាណ ៧ ​ម៉ឺន​ហិកតា ប៉ុន្តែ​តួលេខ​នេះ​នៅ​សល់​តែ​ប្រមាណ ៥ ​ម៉ឺន​ហិកតា​ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ​ ២០១៩ ហើយ​ស្ថិតិ​នេះ​នៅ​តែ​មាន​ការថយចុះ​ជា​បន្តបន្ទាប់ ព្រោះ​មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ព្រៃកោងកាង​ជួបប្រទះ​នូវ​ការបាត់បង់​។

លោក​បញ្ជាក់​ថា​៖ «​សហគមន៍​គាត់​មាន​សមត្ថភាព​ការពារ​តាម​ចំនួន​ដែល​សហគមន៍​របស់​គាត់​អាច​ការពារ​បាន ហើយ​ក្រៅពី​នោះ​មិនមែន​មាន​ន័យ​ថា ព្រៃកោងកាង​ទាំងនោះ​ពុំ​មាន​ការការពារ​នោះទេ​។ ពី​លើ​សហគមន៍​នេសាទ​ (​ការពារ​) គឺ​មាន​រដ្ឋបាល​ជលផល​បាន​បោះបង្គោល​ធំ ដើម្បី​ការពារ​ខាង​ក្រៅ​ទៀត​។ អ៊ីចឹង​ទំហំ​ដែល​យើង​ការពារ​ហ្នឹង​មិនមែន​តែ​គ្រាន់​តែ​តួលេខ​ព្រៃកោងកាង​ដែល​សហគមន៍​ការពារ​នោះទេ​»​។

លោក ស សូរិន នៅតែ​ស្នើឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការយល់ច្រឡំ និង​នៅតែ​កាប់បំផ្លាញ​តាម​អំពើ​ចិត្ត​នូវ​ព្រៃកោងកាង​ទាំងនោះ ហើយ​ងាក​ចូលរួម​អភិរក្ស និង​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃកោងកាង​ទាំង​នេះ​ដោយ​​ការចូលរួម​យុទ្ធនាការ​ ១ ​សែន​ដើម​នេះ​ទាំងអស់​គ្នា​។

យោងតាម​របាយការណ៍​អង្គការ​សហជីព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​ (IUCN) ​ឆ្នាំ​ ២០០៤ ​បាន​ឲ្យ​ដឹងថា ក្រៅពី​ព្រៃកោងកាង​ដែល​ចូលរួម​រក្សា​លំនឹង​នៃ​ធម្មជាតិ តំបន់ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​កំពត​ធ្លាប់​ជា​តំបន់​មាន​កម្រាស់​ស្មៅ​សមុទ្រ​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​។

ស្មៅ​សមុទ្រ​មាន​ទំហំ​ដល់​ទៅ ២៥ ២០០ ហិកតា ប៉ុន្តែ​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅត្រឹម​ប្រមាណ ៨ ៤៣៥ ហិកតា នៅ​ឆ្នាំ​ ២០១៤​។ កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​មាន​ការថយចុះ​នូវ​ធនធាន​ធម្មជាតិ​ទាំងនោះ​ដូចជា សកម្មភាព​បូម​ខ្សាច់​ ឬ​រុករក​រ៉ែ ការបំផ្លាញ​ព្រៃកោងកាង សកម្មភាព​នេសាទ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ សកម្មភាព​ពង្រីក​ដី​កសិកម្ម វារីវប្បកម្ម និង​កត្តា​បម្រែបម្រួល​អាកាសធាតុ​។

លោក ទិត រីន អាយុ​ ៤៣ ឆ្នាំ​ជា​ប្រធាន​សហគមន៍​ត្រពាំងរពៅ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មាន​ផលប៉ះពាល់​ជាច្រើន​ដែល​កើត​មាន​ដល់​សហគមន៍ បន្ទាប់ពី​បាត់បង់​ព្រៃកោងកាង​ជា​បន្តបន្ទាប់​ដោយ​ការអភិវឌ្ឍ និង​កត្តា​ផ្សេងៗ ជាពិសេស​នោះ​គឺ​ការចាក់ដី​លុប​សមុទ្រ​ដែល​​កំពុង​មាន​សម្ទុះ​ខ្លាំង​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​បើសិន​ជា​បាត់បង់ (​ព្រៃកោងកាង​) នៅ​កន្លែង​ហ្នឹង​ទៅ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ទាំងអស់​គ្នា កន្លែង​ជា​ឆ្នាំង​បាយ​របស់​គាត់ បាត់បង់​អាជីព​របស់​គាត់ ហើយ​នឹង​អាច​ធ្វើ​ (​ពួកយើង​) ​ចំណាកស្រុក ព្រោះ​តែ​ទិន្នផល​ត្រី​វា​បាត់បង់​។ សមុទ្រ​យើង វា​កាន់តែ​រេចរឹល​ទៅៗ រក​ផល​នេសាទ​ដូចជា​នៅ​ខេត្តកំពត​យើង​រក​មួយ​ថ្ងៃ​បាន ១០ តោន ទៅ ២០ ​តោន​សម្រាប់​គ្រប់គ្រង​ខេត្ត ប៉ុន្តែ​បើសិន​ជា​បាត់បង់​ព្រៃកោងកាង​ហ្នឹង គាត់​តែង​រក​មិន​បាន ដូច្នេះ​ត្រី បង្គា ស្អីហ្នឹង គឺ​ត្រូវ​ដឹក​ពី​វៀតណាម​»​។

លោក ទិត រីន រំពឹង​ថា​ការដាំ​ដើម​កោងកាង​ឡើងវិញ​នេះ​គឺ​ពិតជា​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សហគមន៍ ជាពិសេស​វា​ជា​ធនធាន​ធម្មជាតិ​ដ៏មាន​តម្លៃ​សម្រាប់​ផែនដី​ទៅ​ថ្ងៃ​អនាគត​៕