ភ្នំពេញៈ អង្គការ​ចំនួន ១៦ លើ​ពិភពលោក​បាន​រកឃើញថា ១ ​ភាគ​ ៣ ​នៃ​ប្រភេទ​ត្រី​ទឹកសាប ដែល​ពិភពលោក​មិនសូវ​ផ្តោត​ការយកចិត្ត​ទុកដាក់​កំពុង​ទទួលរង​ការឈាន​ទៅ​រក​ការផុត​ពូជ ខណៈ​ត្រី​ទឹកសាប​ជាច្រើន​ប្រភេទ​របស់​កម្ពុជា​ដែល​ត្រូវបាន​ហាមឃាត់ នៅតែ​ប្រឈម​នឹង​ការជួញដូរ​។

ការរកឃើញ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​របស់​អង្គការ WWF នៅ​ថ្ងៃទី ​៤ ខែ មីនា ឆ្នាំ​ ២០២១ ដោយបាន​បង្ហាញ​ពី​ការរកឃើញ​ថ្មី​របស់​អង្គការ​ទាំងនេះ​នៅក្នុង​របាយការណ៍​ស្តីអំពី​ប្រភេទ​ត្រី​ទឹកសាប​នៅលើ​ពិភពលោក (World''s Forgotten Fish)​។

របាយការណ៍​នេះ​បាន​​ពណ៌នា​លម្អិត​ពី​ប្រភេទ​ត្រី​ទឹកសាប​ដ៏អស្ចារ្យ​ជាច្រើន រួមទាំង​ប្រភេទ​ត្រី​ដែល​ទើបតែ​ស្រាវជ្រាវ​រកឃើញ​ថ្មីៗ សរុប​ប្រមាណ​ជា ១៨ ០៧៥ ​ប្រភេទ ដែលជា​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​ប្រភេទ​ត្រី​ទាំងអស់​ក្នុង​ពិភពលោក​ហើយ​ស្មើនឹង​ ១ ​ភាគ​ ៤ នៃ​ប្រភេទ​សត្វ​ឆ្អឹង​កង​ទាំងអស់​នៅលើ​ភពផែនដី​នេះ​។

អង្គការ​អភិរក្ស​ចំនួន​ ១៦ បានបង្ហាញ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា ត្រី​ទឹកសាប​ជាច្រើន​ប្រភេទ​នៅលើ​ពិភពលោក មាន​សារៈសំខាន់​សម្រាប់​សុខភាព សន្តិសុខ​ស្បៀង និង​ជីវភាព​របស់​មនុស្ស​រាប់​លាន​នាក់​។ ប៉ុន្តែ​ត្រី​ទាំងនេះ​បាននិង​កំពុង​រង​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង ហើយ​ ១ ​ភាគ ​៣ នៃ​ប្រភេទ​ត្រី​ទាំងនេះ​កំពុង​ទទួលរង​ការផុត​ពូជ​។

របាយការណ៍​បាន​បញ្ជាក់ថា​៖ «​ធនធាន​ជលផល​ទឹកសាប គឺជា​ប្រភព​ប្រូតេអ៊ីន​ចម្បង​បំផុត​សម្រាប់​មនុស្ស​ ២០០ ​លាន​នាក់​នៅ​តំបន់​អាស៊ី អាហ្វ្រិក និង​អាមេរិក​ខាងត្បូង​ព្រមទាំង​ជា​ប្រភព​ផ្តល់​ការងារ និង​របរ​ចិញ្ចឹមជីវិត​ដល់​មនុស្ស​ចំនួន ៦០ ​លាន​នាក់​ផងដែរ​»​។

ទិន្នផល​ត្រី​ទឹកសាប​ច្រើន​សម្បូរបែប ក៏​ជួយ​ទ្រទ្រង់​ដល់​ឧស្សាហកម្ម​ធំៗ​របស់​សកលលោក​ចំនួន​ ២ ​ប្រភេទ​ដូចជា​ការនេសាទ​ត្រី​បែប​កម្សាន្ត​មាន​ទំហំ​ទឹកប្រាក់​ជាង ១០០ ​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ខណៈ​ការចិញ្ចឹម​ត្រី​សម្រាប់​លម្អ​ដែល​កំពុង​ពេញនិយម​បំផុត​លើ​ពិភពលោក​ក្លាយ​ជា​ការរួមចំណែក​ពាណិជ្ជកម្ម​ដែលមាន​តម្លៃ​ដល់​ទៅ ៣០ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​។

លោក ស្ងួត អរ នាយក​កម្មវិធី​ធនធាន​ទឹកសាប​អន្តរជាតិ​នៃ​អង្គការ WWF ថ្លែងថា ទន្លេ បឹង និង​តំបន់ដីសើម​នានា នៅក្នុង​ពិភពលោក​ជា​កន្លែង​ដែល​ទទួលរង​ការខូចខាត​ធនធាន​ធម្មជាតិ​ធ្ងន់ធ្ងរ​ជាងគេ​ទាំងអស់ ហើយ​សញ្ញា​យ៉ាងច្បាស់​បំផុត​នៃ​ការខូចខាត​ធនធាន​ធម្មជាតិ​ទាំងនេះ គឺ​ការធ្លាក់ចុះ​ចំនួន​ត្រី​ទឹកសាប​យ៉ាង​ឆាប់រហ័ស​។

លោក​ថា ការធ្លាក់ចុះ​នេះ​ជា​ការប្រកាសអាសន្ន​សម្រាប់​ធនធាន ទឹកសាប ដែល​គ្រប់គ្នា​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​ខ្លាំង​បំផុត​។ ​«​អ្វីដែល​ពួកយើង​ត្រូវការ​ឥឡូវនេះ គឺ​ការទទួល​ស្គាល់​នូវ​គុណតម្លៃ​របស់​ត្រី​ទឹកសាប និង​ធនធាន​ជលផល​ទឹកសាប ដើម្បី​ឱ្យ​រដ្ឋាភិបាល​កំណត់​ការអនុវត្ត​គោលដៅ និង​ដំណោះស្រាយ​ថ្មីៗ​ក៏ដូចជា​ការកំណត់​អាទិភាព​ក្នុង​កិច្ចការពារ និង​ការស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប​ឡើងវិញ​។ យើង​ទាំងអស់​គ្នា​ត្រូវការ​ភាពជា​ដៃគូ និង​ភាព​ច្នៃប្រឌិត​តាមរយៈ​ចំណាត់ការ​សកម្មភាព​រួម​ដោយ​មាន​ការចូលរួម​ពី​រដ្ឋាភិបាល វិស័យ​ធុរកិច្ច អ្នកវិនិយោគ​សង្គម​ស៊ីវិល និង​សហគមន៍​»​។

តាម​របាយការណ៍​នៃ​ការរកឃើញ​ថ្មី ត្រី​ទឹកសាប ៨០ ​ប្រភេទ​ត្រូវបាន​ចាត់ជា​ប្រភេទ​ផុត​ពូជ ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ទទួលរង​គ្រោះ​របស់​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUC-N) ក្នុងនោះ​រួមមាន​ទាំង​ត្រី​ទឹកសាប​ចំនួន ១៦ ​ប្រភេទដែល​បាន​កត់ត្រា​ជា​ប្រភេទ​ផុតពូជ​ក្នុង​ឆ្នាំ​ ២០២០ ផងដែរ​។ ទន្ទឹមនឹងនេះ ចំនួន​ត្រី​ទឹកសាប​ដែលជា​ប្រភេទ​ត្រី​បំផ្លាស់​ទី​បាន​ធ្លាក់ចុះ ៧៦ ​ភាគរយ ចាប់​តាំងពី​ឆ្នាំ​ ១៩៧០ ហើយ​ពពួក​ត្រី​មេពូជ​បាន​ធ្លាក់ចុះ ៩៤ ​ភាគរយ​។

លោក សេង ទៀក នាយក WWF ឱ្យដឹង​ដែរ​ថា តាម​ការវាយតម្លៃ​បឋម​ស្តីអំពី​ការជួញដូរ​ត្រី និង​នេសាទ​ខុសច្បាប់​ឆ្នាំ​ ២០២០ ​របស់ WWF កម្ពុជា រកឃើញ​មាន​ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ក្របី ត្រី​ខ្លា ត្រី​ត្រចៀក​ដំរី និង​ត្រី​បបែល​ទឹកសាប ក្នុង​ចំណោម​ត្រី ៣៥ ​ប្រភេទ​ផ្សេងទៀត​ត្រូវបាន​គេ​លក់​តាម​ទីផ្សារ​នៅ​កម្ពុជា​ក៏ដូចជា​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​។

ត្រី​គល់រាំង និង​ត្រី​ត្រសក់​ក្រហម​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ទទួល​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​ទាំង​នៅលើ​សកលលោក និង​នៅក្នុង​ប្រទេស​កម្ពុជា ចំណែកឯ​ត្រី​ក្របី ត្រី​ខ្លា និង​ត្រី​ត្រចៀកដំរី​ត្រូវ​បាន​ចាត់ថ្នាក់​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ក្នុងប្រទេស​កម្ពុជា​។

លោក​ថា​៖ «​ត្រី​ទឹកសាប​ទាំងនេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​សហគមន៍​មូលដ្ឋាន ប៉ុន្តែ​ត្រី​ទាំងនេះ​មិនសូវ​ទទួល​បាន​ការផ្តោត​ការយកចិត្ត​ទុកដាក់​។ ត្រី​ទាំងនេះ​មាន​សារៈសំខាន់​ចាំបាច់​សម្រាប់​សុខភាព​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប​ទាំងមូល​ដែល​មនុស្ស និង​ជីវិត​នៅលើ​ផែនដី​ទាំងអស់​ពឹង​អាស្រ័យ​។ សារៈសំខាន់​ទាំងអស់​នេះ​ទាមទារ​ឱ្យ​យើង​ទាំងអស់​គ្នា​ត្រូវផ្តោត​ការយកចិត្ត​ទុកដាក់ និង​អភិរក្ស​ជានិច្ច​»៕

វីដេអូ៖