ភ្នំពេញៈ អង្គ​ការ និង​ស​មា​គម​ចំនួន ​១៩ បាន​ស្នើ​ឲ្យ​ស្ថា​ប័នរដ្ឋ​ចំ​នួន ៤ ព​ន្លឿ​​ន ការ​​អនុ​ម័ត​​សេច​ក្តី​ព្រាង​ច្បាប់​ ស្តីពី​សិទ្ធិ​ទទួ​ល​បាន​ព័ត៌​មាន​ឲ្យ​បាន​ឆាប់ ដើម្បី​លើក​កម្ពស់​អភិ​បាល​កិច្ច​ល្អ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន ​ខណៈច្បាប់​ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​ក្រសួ​ង​ព័ត៌មាន​​ ដោយ​​កំពុង​បន្ត​នីតិ​វិធី​ ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​​ជា​អន្តរ​ក្រសួង​បន្ត​ទៀត។

លិ​ខិត​ចំនួន​ ៤​ ច្បាប់​ ដាច់​ដោយ​ឡែក​ពីគ្នា​ ផ្ញើ​ទៅ​កាន់​លោក សាយ ឈុំ ប្រធាន​ពឹ​ទ្ធ​សភា លោក ហេង សំរិន ប្រធាន​រដ្ឋ​ស​ភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ខៀវ កា​​ញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន ដោយ​មាន​ខ្លឹម​សារ​ជំរុញ​​ឲ្យ​​ស្ថា​ប័ន​រដ្ឋ​ទាំង​​នេះ ​ធ្វើ​ការ​ពិនិ​ត្យ ដេញ​ដោល និង​អនុ​ម័ត​ច្បាប់​ស្តីពីសិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ឲ្យ​បាន​ឆាប់​ៗ និង​ដា​ក់ប​ញ្ចូល​ក្នុង​ផែន​ការ​យុទ្ធ​សា​ស្ត្រ​ ៥ ឆ្នាំ (២០១៩-២០២៣) ក្នុង​នីតិ​កាល​ទី ៦ ​នេះ។

លោក ឡាំ សុ​ជាតិ នា​យក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោល​ន​យោ​បាយ (API) និង​ជា​តំ​ណាង​អង្គ​ការ សមាគម​ទាំង​ ១៩ ស្ថា​ប័ន​លើក​ឡើង​ថា ច្បាប់​​​​​នេះ​ មាន​គោល​បំ​ណង​ធា​នា​ឲ្យ​សា​ធារ​​ណជន​គ្រប់រូបនូវ​សិទ្ធិ​ និង​សេ​រី​ភាព​ក្នុង​ការ​ទទួល​​បាន​ព័ត៌​មាន អំពី​តួនាទី សកម្មភាព​ប្រតិ​បត្តិ សេចក្តីសម្រេច​នា​នា​របស់​រដ្ឋា​ភិ​បាល ហើយ​ច្បាប់​នេះ ក៏​បាន​ចែង​អំ​ពី​ភារ​កិច្ច​ដែល​ស្ថា​ប័ន​សា​ធា​រណៈ​នា​នា​ ត្រូវ​ផ្តល់​ជូន និង​ធ្វើការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជា​សាធារណៈ។

លោក​បន្ត​ថា៖ «(ច្បាប់) ជំ​រុ​​​ញ​​ឲ្យ​ស្ថា​ប័ន​សា​ធារ​ណៈ​បំ​ពេញ​ភារ​កិច្ច​ប្រកប​ដោយ គុណ​ភាព ប្រសិទ្ធភាព តម្លា​ភាព និង​គណ​នេ​យ្យ​ភាព ជាពិ​សេស​ កាត់​បន្ថយ​ព័ត៌​មាន​សម្ងាត់​ឲ្យ​មាន​កម្រិត​ទាប​បំ​ផុត និង​ធា​នា​ឲ្យ​មាន​ការ​ចូល​រួម​ពី​សា​ធារ​ណជន ​ក្នុង​វិស័យ​នយោបាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​កិច្ច​ការ​វប្ប​ធម៌​ជាតិ​យ៉ាង​សក​ម្ម និង​មាន​គុណភាព​ខ្ពស់»។

លោក មាស សោ​ភ័ណ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន ប្រាប់​ភ្នំ​ពេញ​ប៉ុ​ស្តិ៍​ពី​ម្សិល​មិញ​ថា ប​ច្ចុប្បន្ន​​ សេច​ក្តី​ព្រាង​ច្បាប់​នេះ បានបញ្ចប់​ការ​ពិ​ភា​ក្សា​រវាង​សង្គម​ស៊ីវិល សាធារណជន និង​ក្រុម​បច្ចេកទេស​រួចហើយ ដោយ​កំពុង​បន្ត​នីតិវិធី​ឲ្យ​មាន​ការជជែក​ពិភាក្សា​ ជា​អន្តរ​ក្រសួង​បន្ត​ទៀត ក្នុងពេ​ល​ឆាប់​ៗ​ខា​ងមុ​ខ​។ លោក​បន្តថា ក្នុងនាម​ជា​ក្រសួង​សាមី គឺ​បាន​ប្តេជ្ញា ក្នុងការសម្រេច​​ឲ្យ​បាន​នូវ​ច្បាប់​មួយ​ ដែល​អាច​ទទួលយកបានខណៈ​ការស្នើ​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នេះ គឺ​ជា​​​អ្វី​​ដែល​ក្រសួង​កំពុង​ធ្វើ។

លោក​បន្ត​​ថា៖ «ខ្ញុំ​សូម​បញ្ជាក់ដែរថា ដំណើរការ​នៃ​ការតាក់​តែង​សេចក្តីព្រាង​ច្បាប់​នេះ គឺ​ជា​ការចង់បាន​របស់​រដ្ឋាភិបាល ក្រោម​ការអនុវត្ត​លើកកម្ពស់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ ក្នុងការ​ទទួលបាន​ព័ត៌មាន សេរីភាព​បញ្ចេញ​​ម​តិ និង​សារព័ត៌មាន​ផងដែរ។ អ៊ឹចឹង​ហើយ​ ក្នុងនាម​ក្រសួង​ក៏​សូម​ស្នើ​ដល់​ស្ថា​ប័​ន​​ពាក់ព័ន្ធ​ទុក​លទ្ធភាព​ជូន​ដល់​ក្រសួ​ង​ ដើម្បី​ពិនិត្យ និង​រៀបចំ​ដំណើរ​​ការនៃ​ការរៀបចំ​តាក់តែង​នូវ​សេចក្តី​ព្រាង​ច្បាប់​នេះដោយ​ចូលរួម​លើ​កិច្ច​ពិភាក្សា​ផ្សេងៗ​ពាក់​ព័ន្ធ​ហ្នឹង​ច្បាប់​នេះ»។

ទោះ​យ៉ា​ង​ណា លោក ​សោ​ភ័ណ មិ​ន​បាន​បញ្ជាក់​ថា ច្បាប់​នេះ អាច​នឹងត្រូវ​អនុម័ត​ក្នុងឆ្នាំនេះ​ឬ​យ៉ាងណា​នោះទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ក្រសួ​ង​​នឹង​ព្យា​យាម​ដំណើរការ​នីតិ​វិធី​ ​ឲ្យ​បាន​ឆាប់ តាមដែលអាចធ្វើ​ទៅ​បាន។

ចំណែក​លោក ផៃ ស៊ី​ផាន អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​ថ្លែងដែរ​ថា ចំពោះ​ការស្នើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ គឺជា​សិទ្ធិ​សេរី​​ភាព​របស់​ពួកគេតែ​សម្រាប់​រដ្ឋា​ភិបា​ល គឺមាន​ការប្តេជ្ញា​រួចមកហើយ​ ក្នុងការសម្រេច​ឲ្យ​បាន​នូវ​ច្បាប់​នេះ។

លោក ស៊ី​ផាន ​អះអាងថា រដ្ឋាភិបាល​ ក៏​កំពុ​ង​ត្រៀមលក្ខណៈ​របស់ខ្លួន​ជាស្រេច ដើ​ម្បី​ឆ្លើយតប​នៅពេល​ច្បាប់​ស្តីពី​សិទ្ធិ​ទទួ​ល​បាន​ព័ត៌មាន​នេះ ​ចូល​ជា​ធរមាន តែ​ថា​ ការធ្វើ​ឲ្យ​ច្បាប់​នេះ ចូល​ជា​ធរមាន​លឿន​កម្រិតណា​នោះ គឺ​អាស្រ័យ​​លើ​ក្រសួង​សាមី។

លោកថា៖ «ជាមួយគ្នា​ហ្នឹង​ដែរ យើង​កំពុង​បង្កើន​សមត្ថភាព​កា​​រឆ្លើយតប​របស់​មន្ត្រី​ព័ត៌មាន ឬ​មន្ត្រី​អ្នកនាំពាក្យ។ អាហ្នឹង​គឺជា​សារៈ​សំខា​ន់ ដែល​គេ​កំពុងតែ​ហ្វឹកហ្វឺន​ឲ្យ​ការងារ​រប​​ស់ (ពួកគេ) បាន​ត្រឹមត្រូវ»។

ចំណែក លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ថ្លែង​ដែរ​ថា ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​ នៅ​​ពុំទាន់​ទទួលបាន​លិខិត​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បានស្នើ​មក​ទេ​។ តែ​យ៉ាងណា លោក​ថា រដ្ឋសភា មាន​ឆន្ទៈ​ក្នុងការ​ពិនិត្យ​ច្បាប់​ដែល​បម្រើ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ។

លោក​បញ្ជាក់ថា៖ «ប្រទេស​យើង​ស្ថិត​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ យើង​នឹង​ខិតខំ​ធ្វើការ​ឲ្យ​ប្រទេស​យើង​មាន​ភាព​រីកចម្រើន តាមរយៈ​ការអនុម័ត​ច្បាប់​គ្រប់​យ៉ាង។ ខ្ញុំ​ជឿថា​ ច្បាប់​ស្តីពី​សិទ្ធិ​ទទួ​ល​បាន​ព័ត៌មាន​ហ្នឹងក៏មាន​ប្រទេ​ស​​ជាច្រើន ​បានធ្វើ​ឡើង ហើយ​នៅ​ប្រទេ​ស​ កម្ពុជា​ យើង ក៏​ខិតខំ​ធ្វើ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​នេះ​ដែរ»។

កាលពី​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ​ ២០​១​៩ ក្នុងជំនួប​លើក​ទី៣ របស់​លោក​ ហ៊ុន សែន ជា​មួយ​អ្នកសា​រព័ត៌មាន លោក​នាយក​រដ្ឋមន្ត្រី បានប្រកាស​ពី​ការគាំទ្រ និង​ធានា​ឲ្យ​មានច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ក្នុង​នីតិ​កា​ល​ទី៦ នេះ ហើយ​ស្ថាប័ន​រដ្ឋ​នានា ជា​ពិសេស​ក្រសួង​ព័ត៌មានក៏បាន​ប្រកា​ស​ពី​ការ​តាំង​ចិត្ត​នេះ​ផង​ដែរ។

តែ​យ៉ាង​ណា​ ចំពោះ​ដំណើរការ​នៃ​ការតាក់​តែង និង​អនុម័ត​ច្បាប់​នេះ គឺមាន​រយៈពេល​ប្រមាណ​ជា ​៦ ឆ្នាំ​មក​ហើយ ដោយ​ចាប់​តាំង​ពី លោក​នាយករដ្ឋមន្ត្រី បាន​ចេញ​សេចក្តី​សម្រេច​ជា​លើកដំបូង កាល​ពី​ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ២០១៣ ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ដឹកនាំ​និង​បើក​វេទិកា​ពិគ្រោះ​យោបល់​ ជាមួយ​អ្នកសារព័ត៌មាន អង្គការ​សង្គ​ម​ស៊ីវិល​និង​អ្នកពាក់​ព័ន្ធ ដើម្បី​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ។

លោក មឿ​ន ឈាន​ណារិ​ទ្ធ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​ដើម្បី​ការសិក្សា​ប្រព័​ន្ធ​ផ្សព្វ​​ផ្សាយ​ថ្លែងថា បើ​ច្បាប់​នេះត្រូវ​បាន​អនុ​ម័​ត​​ឲ្យ​បាន​ឆាប់ ​នោះគឺ​ភាគី​ពាក់ព័ន្ធ រួមមាន​រដ្ឋាភិបាល​ ប្រជា​ពល​រដ្ឋ ​ជាពិសេស​អ្នកសារ​ព័ត៌មាននឹង​ទទួ​ល​បាន​ផល​ប្រយោជន៍​ដ៏​ច្រើន។ លោក​បន្តថា ជាមួយនឹង​ផលប្រយោជន៍​ទាំង​នេះច្បាប់​នេះក៏​នឹងចូលរួម​លុប​បំ​បាត់​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​មិន​ពិត​ លើ​ប្រព័ន្ធ​អីុន​ធឺណិត​ផងដែរ។

លោក​ប​ន្ត​ថា៖ «ពាក់ព័ន្ធ​នឹង​ឆន្ទៈ​របស់​អ្នក​ធ្វើ​ច្បាប់ ​បើសិន​ជា​គាត់​មាន​ឆន្ទៈ​ចង់​ធ្វើ គាត់​អាចធ្វើ​ចេញភ្លាមៗ ប៉ុន្តែ​យើង​ក៏​មិន​បន្ទោសដែរព្រោះ​បរិបទ​នយោ​​បាយ​នា​ពេល​នេះ ធ្វើ​ឲ្យ​រារែក បើទោះ​ជា​សេចក្តី​ព្រាងច្បាប់​នេះ ធ្វើ​ហើយ​ក៏​ដោយ តែ​ស្ថានភាព​នយោបាយ​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល ក៏ដូច​ជា​រដ្ឋ​សភា គាត់​មមាញឹក​ក្នុងការ​ដោះស្រាយ ឬ​ចាត់​វិធានការ​លើ​ស្ថានភាព​បច្ចុប្បន្ន​សិន»៕