ភ្នំពេញៈ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងរដ្ឋបាលជលផលដែលបានរកឃើញថា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី និងបបែលយក្សទឹកសាប កំពុងត្រូវបានគេដាក់លក់នៅតាមទីផ្សារត្រីនានា ហើយខ្លះបាននាំចេញទៅក្រៅប្រទេសបានទាមទារឲ្យមានការរឹតបន្តឹងច្បាប់ឱ្យបានម៉ឺងម៉ាត់ជាងពេលណាៗទាំងអស់ ដើម្បីការពារត្រីជិតផុតពូជទាំងនោះ។
ការសិក្សាអង្កេតខ្លីមួយពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ របស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងរដ្ឋបាលជលផលដែលទើបតែឃើញផ្សព្វផ្សាយកាលពីចុងសប្តាហ៍មុនបានរកឃើញថា នៅតាមទីផ្សារក្នុងខេត្តក្រចេះគឺមានលក់ត្រីចំនួន ៣៥ ប្រភេទដែលក្នុងនោះ រួមមានទាំងត្រីជិតផុតពូជចំនួន ៦ ប្រភេទ។
ការសិក្សានេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WWF សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះដែលបានចុះកត់ត្រាទុកនូវទិន្នន័យត្រីដែលត្រូវបានគេដាក់លក់នៅលើទីផ្សារក្នុងទីរួមខេត្តក្រចេះ និងជួបសម្ភាសជាមួយអ្នកនេសាទ និងសហគមន៍នេសាទ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការជួញដូរត្រីនេះបានប្រមូលផ្តុំនៅទីតាំងធំៗចំនួន ៣ រួមមាន នៅកោះខ្ញែ អូរម្រះ និងត្បូងខ្លា ហើយត្រីដែលបានប្រមូលទិញពីទីតាំងទាំងនេះត្រូវបានដឹកជញ្ជូនទៅទីផ្សារនៅខេត្តស្ទឹងត្រែង បន្ទាប់មកបញ្ជូនទៅខេត្តរតនគិរី និងបន្តទៅប្រទេសវៀតណាម ហើយដឹកជញ្ជូនទៅកាន់ប្រទេសឡាវដោយកាត់តាមអន្លង់ទឹកឈើទាល។ ក្រៅពីនោះក៏មានការដឹកជញ្ជូនមកកាន់ទីផ្សារនៅភ្នំពេញ និងខេត្តសៀមរាបគឺតាមរយៈរថយន្តឈ្នួលចេញពីទីតាំងប្រមូលផ្តុំការជួញដូរត្រី ស្ថិតនៅក្នុងស្រុកសំបូរ និងឃុំសណ្តាន់។
របាយការណ៍សរសេរថា៖ «ការធ្វើពាណិជ្ជកម្ម និងជួញដូរត្រីជិតផុតពូជប្រភេទនេះមិនត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេ។ សកម្មភាពនេះកំពុងបង្កហានិភ័យខ្ពស់គួរឱ្យព្រួយបារម្ភដល់ធនធានជលផលកម្ពុជា ពិសេសប្រភេទត្រីមេពូជសំខាន់ៗ និងសត្វផ្សោតទន្លេដែលជាបេតិកភណ្ឌមានជីវិតរបស់ជាតិយើងផងដែរ»។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា អ្នកនេសាទត្រី អ្នកទិញត្រី និងឈ្មួញកណ្តាល មិនសូវយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងកិច្ចការពារ និងការគ្រប់គ្រងធនធានជលផលទេ ជាពិសេសប្រភេទជលផលកំពុងទទួលរងការគំរាមកំហែងដែលរួមគ្នាអភិរក្សកុំឱ្យបាត់បង់។
លោក អេង ជាសាន ថ្លែងថា៖ «ខ្ញុំសូមស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀត ជូនដល់ប្រជានេសាទ និងសហគមន៍មូលដ្ឋានដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន ក៏ដូចជាបំផុសស្មារតីរបស់ប្រជាជនឱ្យចូលរួមការពារ និងថែរក្សាធនធានជលផលកម្ពុជាកុំឱ្យបាត់បង់ ហើយបន្តលើកទឹកចិត្តប្រជាជនឱ្យចាប់យកជម្រើសមុខរបរផ្សេងទៀត បន្ថែមពីលើការនេសាទ»។
ចំណែកលោក សេង ទៀក នាយកអង្គការ WWF ចង់ឱ្យមានការបង្កើនការអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតតាមដានសកម្មភាពនេសាទខុសច្បាប់ដែលប្រើឧបករណ៍ឆក់ ការបញ្ឈប់ការប្រមូលផលត្រី និងផ្លូវដឹកជញ្ជូនត្រីដែលបានមកពីសកម្មភាពនេសាទខុសច្បាប់ជាដើម។
លោកថា៖ «សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ មេត្តាបង្កើនការរឹតបន្តឹងលើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត និងបង្កើនយន្តការត្រួតពិនិត្យជាប្រចាំនៅតាមបណ្តាទីផ្សារ និងដេប៉ូទិញលក់ត្រី ព្រមទាំងដាក់ពិន័យឱ្យបានធ្ងន់ធ្ងរបំផុត ដល់ជនល្មើសទាំងឡាយណាដែលធ្វើសកម្មភាពនេសាទនៅក្នុងតំបន់ហាមឃាត់ និងធ្វើពាណិជ្ចកម្មប្រភេទត្រីជិតផុតពូជ និងត្រីមេពូជក្នុងប្រទេសកម្ពុជា»។
ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីជិតផុតពូជជាសកល និងនៅក្នុងប្រទេសកម្ពុជា ចំណែកឯត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី ជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។
ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងស្របពេលមានការកើនឡើងនូវសកម្មភាពនេសាទនៅក្នុងដែនអភិរក្សនៅក្នុងខេត្តក្រចេះដែលជាតំបន់ច្បាប់ហាមឃាត់ មិនឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទដូចជាសំណាញ់ មងបណ្តែត មងកាំងសន្ទូចរនង ឧបករណ៍ឆក់ និងថ្នាំបំពុល។
ចំនួនមងនេសាទដែលបង្ក្រាបបានក្នុងចន្លោះខែធ្នូ ឆ្នាំ ២០១៩ ដល់ខែឧសភា ឆ្នាំ ២០២០ នៅខេត្តក្រចេះបានកើនឡើងចំនួន ៣៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ក្នុងនោះការប្រើប្រាស់សន្ទូចរនងក៏មានការកើនឡើងចំនួន ៤៦ ភាគរយ៕