កំពង់ស្ពឺៈ លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ដើម្បី​ស្នើឱ្យ​ដកហូត​ដីព្រៃ​ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​ចំនួន​ ២៤៣ ហិកតា​ មក​ទុកជា​សម្បត្តិ​រួម​វិញ ដោយ​លោក​អះអាង​ថា​អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​លក់​ដី​នោះ​។

ក្នុង​ពាក្យបណ្ដឹង​ដែល​លោក ជា ហ៊ាន បានដាក់​ទៅ​សាលាខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១៣ ​ខែ​ធ្នូ គឺ​បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​ការចេញ​បណ្ណ​កាន់កាប់​ដីធ្លី​ទៅឱ្យ​ឈ្មោះ អឹល សារ៉ា តំណាងឱ្យ​ពលរដ្ឋ​ដែល​មាន​ផ្ទៃដី​ចំនួន ២៤៣ ហិកតា​ដែល​លោក ជា ហ៊ាន អះអាង​ថា​គ្រាន់តែ​ជា​អ្នកតំណាង​ពលរដ្ឋ​ ២៥ ​គ្រួសារ​ ដើម្បី​រៀបចំ​ដីព្រៃ​លក់​ក្នុង​មួយ​ហិកតា​តម្លៃ ១ ៩០០ ដុល្លារ​ ដោយ​ធ្វើឱ្យ​បាត់បង់​ដីព្រៃ​ដែល​ទទួល​ស្គាល់​ដោយ​ព្រះរាជក្រឹត្យ​ឆ្នាំ​ ១៩៩៣ ​ស្ដីពី​ការប្រកាស​បង្កើត​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​។

ពាក្យបណ្ដឹង​សរសេរ​ថា សូម​លោក វ៉ី សំណាង ជួយ​ស្នើ​ទៅ​ក្រសួងបរិស្ថាន​និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ឬ​ខុទ្ទកាល័យ​លោកនាយករដ្ឋមន្ត្រី​សូម​ឲ្យ​ជួយ​អន្តរាគមន៍​ដកហូត​យក​ដី​ចំនួន ២៤៣ ហិកតា​ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។

លោក ជា ហ៊ាន ​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា តាមផ្លូវ​ច្បាប់ គ្មាន​នរណា​ម្នាក់​អាច​រំលោភ​យក​ដី​ក្នុង​តំបន់​ការពារ​ដែនជម្រក​សត្វព្រៃ​យក​ទៅ​លក់ដូរ​បានទេ ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​ភូមិ​ឃុំ និង​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន និង​មន្ទីរ​ដែនដី​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​អ្នក​ផ្ដិតមេដៃ​កាន់កាប់​ដី​ទាំងនោះ​ដើម្បី​ស្នើសុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​កាត់​ឆ្វៀល​ចេញ​ធ្វើ​ជា​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​។

លោក​ថា ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដែល​សម្រេច​ឱ្យ​កាត់​ឆ្វៀល​ដី​នោះ​គឺ​មិនបាន​ដឹងថា ជា​ដី​ត្រូវការពារ​ក្នុង​ដែនជម្រក​សត្វព្រៃ​ឡើយ ដោយសារ​តែ​ពិនិត្យ​ឃើញ​មាន​លិខិត​ស្នើសុំ​កាន់កាប់​ដី និង​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ និង​បោះត្រា​ទទួលស្គាល់​ពី​ភូមិ​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត​។

លោក​ថា ជំហាន​ទី​ ១ គេ​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​បាន​គេ​កាត់ឈ្មោះ​ពី​ពលរដ្ឋ​ដែល​ស្នើសុំ​ហ្នឹង​ទៅ​ជា​អ្នកផ្សេង​មួយទៀត​។ «​អ៊ីចឹង​ដើម្បី​ទន្ទ្រាន​យក​ដី​ហ្នឹង​បាន​គឺ​គេ​មិនអាច​យក​ (​ដោយ​ខ្លួនគេ​) ​បាន​ទេ​ត្រូវ​ខ្ចីដៃ​ពលរដ្ឋ​សម្រាប់ធ្វើ​លិខិត​កិច្ចសន្យា​ទិញ-លក់ និង​ធ្វើ​កិច្ចសន្យា​កាន់កាប់​ជាដើម ហើយ​ដាក់​ទៅ​សម្ដេច​នាយករដ្ឋមន្ត្រី​តាមរយៈ​ខុទ្ទកាល័យ​។ អ៊ីចឹង​ខុទ្ទកាល័យ អត់​បាន​ពិនិត្យមើល​វែងឆ្ងាយ​ច្រើន​ទេ ឃើញ​តែ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ និង​ឃើញតែ​បោះត្រា​ភូមិ​ឃុំ ស្រុក និង​ខេត្ត​អ៊ីចឹង គាត់​ទទួល​ហើយ​ធ្វើ​លិខិត​មួយទៀត​ឱ្យ​ក្រសួង​ដែនដី និង​ក្រសួងបរិស្ថាន​ពិនិត្យ​ (​ដើម្បី​កាត់​វៀល​)»​។

លោក​ ហ៊ាន​ អះអាង​ថា តាម​លិខិត​ទិញ-លក់​ដី​ទាំង ២៤៣ ហិកតា​នេះ​ គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​លក់​ទៅ​ឱ្យ​ឈ្មួញកណ្ដាល​ម្នាក់​ក្នុង​តម្លៃ​ ១ ៩០០ ​ដុល្លារ​ ក្នុង​មួយ​ហិកតា​កាលពី​ថ្ងៃទី ២៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ ហើយ​បច្ចុប្បន្ន​ឈ្មួញ​នោះ​កំពុងតែ​ទាក់ទង​លក់​ដី​នោះ​បន្តទៀត​ក្នុង​តម្លៃ ៣ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ហិកតា​ នៅពេល​ណា​ដែល​ឈ្មួញ​នោះ​បាន​ទទួលបាន​ប្លង់រឹង​សព្វគ្រប់​ពី​ប្រជាពលរដ្ឋ​។

លោក​ថា​៖ «(​អាជ្ញាធរ​) ​គេ​នឹង​ចុះ​ដាក់​តំបន់​វិនិច្ឆ័យ​នៅ​សប្ដាហ៍​ក្រោយនេះ​ (​សប្ដាហ៍​ហ្នឹង​)​។ តំបន់​វិនិច្ឆ័យ​ហ្នឹង​គឺ​គេ​សម្រេច​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ហើយ​ក្នុង​នោះ​គេ​ដាក់​ឱ្យមាន​ការប្ដឹង​ទាស់​ប្រសិនបើ​ដី​ទាំង ២០០ ​ហិកតា​ហ្នឹង​គឺជា​ដី​របស់​ពលរដ្ឋ ហើយ​ត្រូវ​បាន​បុគ្គល​ផ្សេងទៀត ទៅ​រំលោភ​យក​។ ប៉ុន្តែ​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​អង្គការ ហើយ​ជា​ដី​រដ្ឋ គឺ​ប្ដឹង​ដើម្បី​ដកហូត​យក​មក​ធ្វើជា​ដី​រដ្ឋ​វិញ​»​។

ប៉ុន្តែ​លោក ឯម សុគុណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ថ្លែង​ថា ការលើកឡើង​របស់​លោក​ជា ហ៊ាន ជា​ការចោទប្រកាន់​ផ្ដេសផ្ដាស មួលបង្កាច់​និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នកដទៃ​។ លោក​បន្តថា ពុំ​មាន​ការសម្រេច​កាត់​វៀល​ដី​ចេញ​ពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ប្រគល់​ទៅឱ្យ​ប្រជាពលរដ្ឋ​ឡើយ​។

លោក​ថា​៖ «​ជា ហ៊ាន ហ្នឹង​ដើរ​តែ​បង្ខូច​គេ​ហ្នឹង ខ្លួន​វា​តើ​អ្នកដើរ​យក​ដី​ទៅ​លក់​។ ទាក់ទង​នឹង​ករណី​ហ្នឹង ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ជារួម​គ្មាន​ពី​ណា​ដែល​មាន​សិទ្ធិ​យក​ដី​រដ្ឋ​លក់​បានទេ​»​។

ជាមួយ​គ្នា​នេះ​លោក វ៉ឺ សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បញ្ជាក់​ដែរថា​លោក​មិនទាន់​ឃើញ​ពាក្យបណ្ដឹង​របស់​លោក ហ៊ាន ដែល​បាន​ដាក់​ទៅកាន់​សាលាខេត្ត​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក​បញ្ជាក់ថា រាល់​ការស្នើសុំ​កាន់កាប់​ដីព្រៃ​ដែន​ជម្រក គឺ​មិនត្រូវ​បាន​អនុញ្ញាត​ឡើយ​។ លោក​បន្តថា​៖ «​ខ្ញុំ​អត់​ទាន់​បានឃើញ​ពាក្យបណ្ដឹង​ហ្នឹង​មក អ៊ីចឹង​មិន​ដឹងថា​ត្រូវ​និយាយថា​ម៉េច​»​។

លោក ជា ហ៊ាន បាន​បញ្ជាក់​ថា ​នឹង​ដាក់​ពាក្យបណ្ដឹង​ ១ ​ទៀត​ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​ប្រឆាំង​ចំពោះ​អ្នក​ដែល​បាន​ឃុបឃិត​គ្នាយក​ដី​រដ្ឋ​លក់​នេះ​៕