ភ្នំពេញៈ អង្គការ Humane Society International ផលិត​ខ្សែភាពយន្ត​ជីវចល​ខ្នាត​ខ្លី​មួយ​ក្រោម​ចំណងជើង​ថា “​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph - Save Ralph” ​ដើម្បី​បញ្ឈប់​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើ​សត្វ​នៅ​ជុំវិញ​ពិភពលោក និង​កម្ពុជា​។ ឆ្លើយតប​នឹង​សាច់រឿង​នៃ​ការផលិត​ខ្សែភាពយន្ត​នេះ មន្ត្រី​ជំនាញ​បញ្ជាក់ថា កម្ពុជា​មិន​មាន​ករណី​បែប​នេះ​កើតឡើង​ទេ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ Humane Society International កាលពី​ថ្ងៃទី​ ៧ មេសា ឆ្នាំ​ ២០២១ ឱ្យដឹងថា ទោះបី​ជា​មាន​ការហាមឃាត់​នៅ​បណ្តា​ប្រទេស​ចំនួន​ ៤០ ​ក៏ដោយ ជាក់ស្តែង​សកម្មភាព​បែបនេះ​នៅ​តែ​កំពុង​អនុវត្ត​យ៉ាង​ស្របច្បាប់​នៅឡើយ​នៅតាម​តំបន់​ជាច្រើន​លើ​ពិភពលោក​ក្នុង​នោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ថែមទាំង​មានប្រតិកម្ម​តបត​ផងដែរ​នៅតាម​តំបន់​មួយចំនួន​។ សកម្មភាព​នេះ​ជាហេតុ​ធ្វើឱ្យ​សត្វ​ជាច្រើន​រាប់ពាន់​ក្បាល​នៅតែ​ទទួលរង​​នូវ​ការឈឺចាប់ និង​ស្លាប់​យ៉ាង​សោកសង្រេង​ឥតឈប់ឈរ​។

លោក​ Jeffrey Flocken ដែលជា​ប្រធាន​អង្គការ Humane Society International ថ្លែងថា​ខ្សែភាពយន្ត​រឿង​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph - Save Ralph គឺជា​ការអំពាវនាវ​ដាស់​ស្មារតី​មួយ​ថា សត្វ​ជាច្រើន​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​គ្រឿងសម្អាង ហើយ​ឥឡូវនេះ​ដល់​ពេល​ដែល​ត្រូវ​រួមគ្នា​ដើម្បី​ហាមឃាត់​វា​ហើយ​។

លោក​ Jeffrey Flocken ​ថ្លែង​ថា​៖ «​សព្វថ្ងៃ យើង​មាន​វិធីសាស្ត្រ​ត្រឹមត្រូវ​ជាច្រើន​ដែល​មិន​ពាក់ព័ន្ធ​នឹង​សត្វ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ផលិតផល​។ ដូច្នេះហើយ​មិនមាន​ការលើកលែង​នោះទេ​ចំពោះ​ការបង្ក​ការឈឺចាប់​ដល់​សត្វ ដូចជា​ទន្សាយ Ralph ដោយ​ការធ្វើ​តេស្ត​គ្រឿងសម្អាង ឬ​គ្រឿងផ្សំ​ផលិតផល​គ្រឿងសម្អាង​»​។

យុទ្ធនាការ​ជួយសង្គ្រោះ​សត្វ​ទន្សាយ​របស់​អង្គការ HSI គឺ​ដើម្បី​ដោះស្រាយ​បញ្ហា ដែល​ជា​កង្វល់​នៃ​ការធ្វើ​តេស្ត​ពិសោធ​សត្វ​តាម​លំនាំ​ដើម​ដែល​គេ​មិន​នឹកស្មាន​ដល់​តាមរយៈ​ដំណើររឿង​របស់​សត្វ​ទន្សាយ មួយ​ដើម្បី​ជា​ពន្លឺ​ឆ្លុះ​បញ្ជាំង​អំពី​ស្ថានភាព​របស់​ទន្សាយ​ជាច្រើន​រាប់មិនអស់ និង​សត្វ​ដទៃទៀត ដែល​កំពុង​តែ​រងគ្រោះ​នាពេលនេះ​នៅ​តាម​មន្ទីរពិសោធន៍​នៅ​ជុំវិញ​ពិភពលោក​។ វា​ជួយ​ឱ្យ​អ្នកទស្សនា​ជួយ​ហាមឃាត់​ជាដាច់ខាត​ចំពោះ​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើ​សត្វ​។

លោក Aduane Joseph Alcantara អ្នកគ្រប់គ្រង​យុទ្ធនាការ​អាស៊ាន​របស់​អង្គការ Humane Society International បាន​ថ្លែងថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ការកើនឡើង​នូវ​តម្រូវការ​ផលិតផល ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​លើ​សត្វ និង​ការគាំទ្រ​ជា​សាធារណៈ​ឱ្យ​មាន​ការផ្លាស់ប្តូរ​។

ផ្អែក​តាម​ការស្ទង់មតិ បង្ហាញ​ថា​មាន​ប្រជាជន​កម្ពុជា​ ៨០ ​ភាគរយ​ គាំទ្រ​ការហាមឃាត់​ចំពោះ​ការធ្វើ​តេស្ត​ពិសោធ​លើ​សត្វ​ដើម្បី​ផលិត​គ្រឿងសម្អាង និង​មាន​ការគាំទ្រ​ស្រដៀង​គ្នា​យ៉ាងច្រើន​គួរឱ្យ​កត់សម្គាល់​ចំពោះ​ការហាមឃាត់​បែបនេះ​នៅ​តំបន់​អាស៊ាន​។

លោក​បន្តថា ជា​លទ្ធផល​នៃ​ការជំរុញ​លើកទឹកចិត្ត​ទាំងនេះ ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល​ចាំបាច់​ត្រូវ​បោះជំហាន​ឆ្ពោះ​ទៅ​រក​អនាគត​នៃ​ការផលិត​គ្រឿងសម្អាង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​ពិសោធ​គ្រឿងសម្អាង​លើ​សត្វ​។

ខ្សែភាពយន្ត​រឿង “​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph” (#SaveRalph) គឺជា​យុទ្ធនា​ការតស៊ូ​មតិ និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​មួយ​របស់​អង្គការ HSI ដែលមាន​គោលបំណង​បង្ហាញ​ពី​ការរង​ទុក្ខវេទនា​ដ៏គួរ​ឱ្យ​ខ្លោចផ្សា​របស់​សត្វ​ដែល​បាន​ទទួល​រង​ក្នុង​ពេល​ធ្វើតេស្ត​ពិសោធ​។

លោក​ថ្លែងថា​៖ «​វា​ក៏​ជា​ការក្រើន​រំឭក​មួយ​ដល់​ក្រុមអ្នកច្បាប់​ផងដែរ​ថា យើង​ចាំបាច់​ត្រូវ​ហាមឃាត់​ដាច់ខាត ចំពោះ​ការធ្វើ​តេស្ត​ពិសោធ​លើ​សត្វ ព្រោះ​គ្មាន​សត្វ​ណាមួយ​ត្រូវ​រង​ទុក្ខ និង​ស្លាប់​ដោយសារ​តែ​សម្រស់​នោះទេ​»​។

លោក​ Troy Seidle អនុប្រធាន​ផ្នែកស្រាវជ្រាវ និង​ជាតិពុល​វិទ្យា​ថ្លែង​ថា ការកែប្រែ​ច្បាប់ គឺជា​រឿង​ចាំបាច់​មួយ ហើយ​ក្រុមហ៊ុន​ឧស្សាហកម្ម​នាំមុខ​ជាច្រើន ដូចជា Lush, Unilever, P&G, L''ale'' និង Avon បាននិង​កំពុង​ធ្វើការ​ជាមួយ​ស្ថាប័ន​របស់លោក​ដើម្បី​ធានាឱ្យមាន​ការហាមឃាត់​ប្រកបដោយ​អត្ថន័យ​លើ​ការធ្វើ​តេស្ត​ពិសោធ​លើ​សត្វ​នៅក្នុង​ទីផ្សារ​ថែរក្សា​សម្ផស្ស​ជាច្រើន​ដែលមាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​។ ស្ថាប័ន​លោក​បាន​ជ្រើសរើស​សុភា​ទន្សាយ Ralph ជា​តួអង្គ​អ្នកនាំពាក្យ​ដើម្បី​ជួយ​ជំរុញ​ឱ្យ​ច្បាប់​ទាំងនេះ​ឈាន​ទៅ​ដល់​គោលដៅ​ចុងក្រោយ​។

លោក​ Troy Seidle បន្តថា យុទ្ធនាការ​នេះ​ផ្តោតលើ​ប្រទេស​អាទិភាព​ចំនួន​ ១៦ ដែល​ក្នុងនោះ​រួមមាន​ប្រទេស​ប្រេស៊ីល កាណាដា ស៊ីលី ​ម៉ិកស៊ិក អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​ ១០ ដូចជា​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី និង​បណ្តា​អង្គការ​ដៃគូ គឺ​អង្គការ Humane Society សហរដ្ឋអាមេរិក និង​អង្គការ​ច្បាប់ Humane Society Legislative Society​។ អង្គការ​ផ្តោតទៅលើ​ច្បាប់​នៅ​សហរដ្ឋអាមេរិក​។

លោក​ថ្លែងថា​៖ «​យើង​ក៏​កំពុងតែ​ប្រកាន់​ជំហរ​ឱ្យមាន​ការហាមឃាត់​នៅនឹងកន្លែង​ផងដែរ ដូចជា នៅ​អឺរ៉ុប​ជាដើម​ដែល​អាជ្ញាធរ​កំពុង​ព្យាយាម​ទាញយក​ប្រយោជន៍​ពី​ចន្លោះប្រហោង​ផ្នែក​ច្បាប់ ដោយ​ទាមទារ​ឱ្យមាន​ការធ្វើ​តេស្ត​លើ​សត្វ​ថ្មី​ដើម្បី​ផលិតផល​គ្រឿងផ្សំ​របស់​ផលិតផល​គ្រឿងសម្អាង​ស្របតាម​ច្បាប់​ស្តីពី​គីមីវិទ្យា​»​។

យុទ្ធនាការ #SaveRalph នឹង​ក្លាយជា​ពន្លឺ​មួយ​ដែល​ឆ្លុះបញ្ចាំង​អំពី​ប្រទេស​ទាំងអស់នេះ ដោយ​ជំរុញ​ឱ្យ​ពួកគេ​ឆ្ពោះ​ទៅ​រក​អនាគត​មួយ​ដែល​មិន​ពាក់ព័ន្ធ​ទៅលើ​ការធ្វើ​តេស្ត​ពិសោធ​គ្រឿងសម្អាង​លើ​សត្វ​តាម​ការរំពឹងទុក​របស់​សាធារណជន និង​អ្នកប្រើប្រាស់​។

លោក​ តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ថ្លែង​ថា សម្រាប់​ប្រទេស​កម្ពុជា គឺ​គ្មាន​ករណី​យក​សត្វ​ទន្សាយ​ធ្វើតេស្ត​គ្រឿងសម្អាង​នោះទេ ខណៈ​កម្ពុជា​ក៏​មិន​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទន្សាយ​ដែរ​។

លោក​ស្នើឱ្យ​អង្គការ Humane Society International បង្ហាញ​ទីតាំង និង​ផលប៉ះពាល់ និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ករណី​បើ​មាន ដើម្បី​សម្របសម្រួល និង​ដោះស្រាយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា កម្ពុជា​គ្មាន​ករណីនេះ​ទេ ហើយ​បើ​អង្គការ​នេះ​រកឃើញ សូម​ប្រាប់​ខ្ញុំ​វិញ​។ បើទោះបី​មាន​ក៏​ត្រូវការ​វិភាគ​ពី​ជំនាញ​ដែរ​»៕