
កម្មករចេញពីការងាររោងចក្រជិតផ្លូវជាតិលេខ ៥ ខែមុន នៅខណ្ឌឫស្សីកែវ។ ហុង មិនា
ភ្នំពេញៈ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា អនុវត្តកម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតរយៈពេល ៣ ឆ្នាំលើខេត្តចំនួន ៣ ដោយអះអាងថា ខេត្តទាំង ៣ ដែលមានកម្មករស្ទើរពាក់កណ្តាលប្រទេសនេះ ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់លើកម្មករ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានឲ្យដឹងកាលពីថ្ងៃចន្ទថា រោងចក្រចំនួន ៣០ ស្ថិតក្នុងខេត្តដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺនឹងក្លាយជាគោលដៅសម្រាប់ការអនុវត្តគម្រោង ៣ ឆ្នាំ ចាប់ពីចុងឆ្នាំ ២០១៩ ដល់ចុងឆ្នាំ ២០២២។
អង្គការដដែលលើកឡើងក្នុងសេចក្តីប្រកាសថា កម្មវិធីនេះនឹងធ្វើយុទ្ធនាការទាក់ទាញមតិគាំទ្រក្នុងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ដើម្បីបង្កើតឲ្យមានក្រុមការងារសុវត្ថិភាពនៅតាមបណ្តារោងចក្រ ជាគោលដៅដែលនឹងជួយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការធ្វើដំណើរនៅលើដងផ្លូវ។
អង្គការនេះបញ្ជាក់ថា៖ «ដើម្បីឆ្លើយតបនឹងបញ្ហានេះកម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនឹងធ្វើការផ្សព្វផ្សាយអប់រំអ្នកបើកបររថយន្តដឹកកម្មករអំពីឥរិយាបថនៃការបើកបរដោយសុវត្ថិភាព និងមធ្យោបាយដឹកជញ្ជូនដែលមានសុវត្ថិភាព ព្រមទាំងលើកទឹកចិត្តកម្មករនិយោជិតឲ្យចៀសវាងការធ្វើដំណើរតាមយានយន្តដែលផ្ទុកលើសចំណុះ និងគ្មានកៅអីអង្គុយ»។
ក្នុងឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ៥៣ ភាគរយ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានក្នុងចំណោមកម្មករនិយោជិតសរុប។ យោងតាមការអង្កេតរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីទៅលើកម្មករ និងអ្នកបើកបររថយន្តកម្មករនៅរោងចក្រចំនួន ៥ បានបង្ហាញថាជាង ៩០ ភាគរយនៃអ្នកផ្តល់បទសម្ភាសមានការភ័យខ្លាចពីការបង្កគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបរផ្សេងទៀត ហើយ ២៨ ភាគរយព្រួយបារម្ភពីការដឹកកម្មករលើសចំណុះ។
លោក គឹម បញ្ញា នាយកអង្គការ មូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កម្មវិធីនេះនឹងអនុវត្តនៅតាមរោងចក្រដែលស្ថិតក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង រោងចក្រក្បែរផ្លូវ ឬជារោងចក្រដែលមានកម្មករធ្លាប់រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ។
លោកបន្តថា គ្រាន់តែកម្មករដែលមានក្នុងខេត្តទាំង ៣ នេះមានប្រមាណ ៥ សែននាក់។ ដូច្នេះតាមរយៈការទាក់ទាញមតិគាំទ្រនេះនឹងជួយកាត់បន្ថយហានិភ័យពីការរងរបួស ពិការ និងស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
លោកថា៖ «ការពិតទៅការអនុវត្ត កម្មវិធីនេះគឺគ្រាន់តែការអនុវត្តកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតដែលយើងកំពុងអនុវត្តលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ព្រោះតែហានិភ័យមកលើកម្មករនៅតែខ្ពស់»។
លោកស្រី ផាក សារ៉ា អ្នកគ្រប់គ្រងកម្មវិធីរោងចក្រកាន់តែប្រសើរ ឡើងនៅកម្ពុជា លើកឡើងថាអ្នកបញ្ជាទិញដែលជាសមាជិកក្រុមការងារដើម្បីសុវត្ថិភាពការដឹកជញ្ជូនកម្មករនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនេះតាមរយៈការសហការជាមួយអ្នកពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាដែលកើតមានក្នុងឧស្សាហកម្មទាំងមូល។
លោកស្រីបន្តថា៖ «អ្នកបញ្ជាទិញក៏ត្រូវធ្វើការជាមួយរោងចក្រដែលជាអ្នកផ្គត់ផ្គង់ផលិតផលឲ្យពួកគេផងដែរ និងគាំទ្ររោងចក្រទាំងនោះចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងអនុវត្តវិធានការដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកបំពេញការងាររបស់កម្មករនិយោជិត»។
បើតាមអង្គការនេះឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែប៉ះពាល់ដល់អាយុជីវិតរបស់កម្មករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់លើសមាជិកគ្រួសារដែលស្ថិតក្នុងបន្ទុករបស់ពួកគេចំនួន ២ លាននាក់ និងប៉ះពាល់ដល់ផលិតភាពរបស់រោងចក្រ ដែលកំពុងពឹងផ្អែកលើកម្លាំងពលកម្ម។ អង្គការនេះ អះអាងថា ការសិក្សាទៅលើរោងចក្រចំនួន ២៣៣ រកឃើញថាមានការខាតបង់ជិត ៨ ពាន់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល ១២ ខែកាលពីឆ្នាំ ២០១៦។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់ថា កម្មវិធីនេះគឺជាការកសាងបន្ថែមទៀតពីលើក្របខ័ណ្ឌការងារនៃការអនុវត្តជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។
លោកស្រីលើកក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ខ្ញុំគាំទ្រកម្មវិធីដែលមានគោលដៅជួយសង្គ្រោះអាយុជីវិតកម្មករនិយោជិតដែលពួកគាត់ជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ទោះបីជាយើងបានខិតខំប្រឹងប្រែងយ៉ាងច្រើនក្នុងពេលកន្លងមកក្នុងការដោះស្រាយស្ថានភាពនេះក៏ដោយ ក៏យើងនៅតែត្រូវការការរួមចំណែកបន្ថែមទៀតដើម្បីជំរុញឲ្យកម្មករនិយោជិតទទួលបានកាន់តែប្រសើរនូវឱកាសសេដ្ឋកិច្ច និងដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់ពួកគាត់»៕