The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​ ១ ​អាច​ជួយ​នារី​វ័យក្មេង​​ទៅ​រៀន​នៅ​អាមេរិក

អង្គការ​ ១ ​អាច​ជួយ​នារី​វ័យក្មេង​​ទៅ​រៀន​នៅ​អាមេរិក

Content image - Phnom Penh Post
សិស្ស​ត្រូវ​បាន​ត្រួតពិនិត្យ​នៅ​ពេល​ចូល​ប្រឡង​បាក់ឌុប​កាលពី​ខែ​សីហា។ ហេង ជីវ័ន

អង្គការ​ ១ ​អាច​ជួយ​នារី​វ័យក្មេង​​ទៅ​រៀន​នៅ​អាមេរិក

ភ្នំពេញៈ នារី​​កម្ពុជា​វ័យ​ក្មេងៗ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ហើយ​ចង់​ទៅ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​សហរដ្ឋអាមេរិក​គឺ​ពួកគេ​មាន​ឱកាស​ថ្មី​មួយ​ដែល​អាច​ជួយ​គាំទ្រ​បន្ថែម​ទៀត​ខណៈ​ដែល​ការ​ដាក់​ពាក្យ​ប្រឡង​ចូល​ និង​ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​មាន​លក្ខណៈ​ស្មុគស្មាញ​។

She Can គឺជា​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ដែល​អាច​ជួយ​ស្ត្រី​វ័យ​ក្មេងៗ​ដែល​មាន​ប្រភព​ចេញ​មកពី​ប្រទេស​ក្រោយ​ជម្លោះ​ឲ្យ​មាន​ឱកាស​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ស្វែងរក​បេក្ខនារី​ជា​ជនជាតិ​កម្ពុជា​ដែល​មាន​សក្តានុពល​ផ្នែក​ការ​សិក្សា​ និង​ការ​ដឹកនាំ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​បាន​ចូល​រៀន​នៅ​តាម​មហាវិទ្យាល័យ​កំពូលៗ​របស់​អាមេរិក​បាន។

កម្មវិធី​នេះ​នឹង​ផ្តល់​ឲ្យ​បេក្ខនារី​ជោគជ័យ​គ្រប់​រូប​មាន​គ្រូបង្វឹក​ជា​ស្ត្រី​ចំនួន​ ៥ នាក់​ដែល​ពួកគាត់​នឹង​បង្វឹក​​ដល់​ពួកគេ​នូវ​អ្វីៗ​គ្រប់​យ៉ាង​រាប់​ចាប់​តាំង​ពី​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ​រហូត​ដល់​កម្មវិធី​និយាយ​ជា​សាធារណៈ​ និង​ជួយ​ពួកគេ​ឲ្យ​ចេះ​ស្វែងរក​ឱកាស​កម្មសិក្សា​ឲ្យ​ស្រប​ទៅ​នឹង​មហិច្ឆតា​របស់​ពួក​ខ្លួន។

ប៉ុន្តែ​សម្រាប់​លោកស្រី Barbara Bylenga ដែល​ជា​ស្ថាបនិក​របស់​អង្គការ​នេះ​បាន​ថ្លែង​ថា​គោលដៅ​គឺ​លើស​ពី​ការ​ផ្តល់​ឲ្យ​ស្ត្រី​វ័យ​ក្មេងៗ​ទាំង​នោះ​ទទួល​បាន​នូវ​ការ​សិក្សា​អប់រំ​មួយ​ដែល​ល្អ​ និង​​ទទួល​បាន​ការងារ​ដែល​រំពឹង​ទុក។ លើស​ពី​នេះ​វា​គឺជា​ការ​រៀបចំ​ស្ត្រី​ទាំង​នោះ​ឲ្យ​ត្រឡប់​មក​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ។ «​ប្រទេស​​នេះ​មិន​មាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ទេ​ហើយ​ចំពោះ​ស្ត្រី​ក្មេងៗ​​ជា​ញឹកញាប់​ពួកគាត់​មិន​បាន​ដឹង​ពី​សក្តានុពល​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​គ្រូ​បង្វឹក​ជោគជ័យ​ទាំង​ ៥ រូប​នោះ​ក្មេង​ស្រីៗ​ទាំង​នោះ​នឹង​ដឹង​ពី​អំណាច​​របស់​ពួកគេ»។

អង្គការ​នេះ​បាន​បើក​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​រ្វាន់ដា​ក្នុង​ឆ្នាំ ២០១១ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​ស្ត្រី​ចំនួន​ ៦ រូប​ហើយ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ធំៗ​នៅ​សហរដ្ឋ​អាមេរិក​ដូចជា​សាកលវិទ្យាល័យ Harvard និង​មហាវិទ្យាល័យ Smith College ជាដើម។ កម្មវិធី​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​ហើយ​​មាន​ស្ត្រី​កម្ពុជា​ ៤ រូប​រួច​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​សាកល​វិទ្យាល័យ​អាមេរិក​ហើយ ៣ នាក់​ទៀត​កំពុង​​រៀបចំ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ដើម្បី​សិក្សា​នៅ​ឆ្នាំ​សិក្សា ២០១៧ ​ខាង​មុខ។

យុវតី ឡាវ ស៊ន់ ជា​សិស្ស​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ She Can ​បញ្ជាក់​ថា៖ «ខ្ញុំ​កំពុង​រៀបចំ​ធ្វើ​សំណេរ​អត្ថបទ​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​គ្រួបង្វឹក​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ​ដើម្បី​ដាក់​ពាក្យ​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក​។ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ចាប់​ផ្តើម​ចូល​រៀន​បាន​នៅ​​ឆ្នាំ​ក្រោយ​នេះ»៕ NS

Cristina Maza

អត្ថបទគួរចាប់អារម្មណ៍