ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២១ ​បាន​អំពាវនាវ​សាជាថ្មី​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​អាទិភាព​ ១១ ​ចំណុច​ ដើម្បី​ទប់ស្កាត់​ហិង្សា​ផ្នែក​យេនឌ័រ​នៅ​កន្លែង​ការងារ និង​ការពារ​សិទ្ធិសេរីភាព​សំខាន់ៗ​របស់​កម្មករ​។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​អាទិត្យ​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ជាច្រើន​ដោះស្រាយ​បញ្ហា​ចំនួន ១១​ ចំណុច​ ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្ដី​ត្រូវការ​របស់​ស្ដ្រី​។ ពួកគេ​និយាយ​ថា ញត្តិ​បែបនេះ ត្រូវ​បាន​ដាក់​ ២ ​ដង​រួច​មក​ហើយ​កាលពី​ខែ​មីនា​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ និង​នៅ​ខែ​មិថុនា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​។ ប៉ុន្តែ​បញ្ហា​លើកឡើង​ទាំង ១១ ​ចំណុច​ មិន​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​។

ចំណុច​អាទិភាព​ទាំង​ ១១ ​រួមមាន​ការបង្កើត​ទារកដ្ឋាន​នៅ​តាម​កន្លែង​ធ្វើការ និង​ការបង្កើត​មតេ្តយ្យ​សហគមន៍​នៅតាម​ឃុំ-សង្កាត់​បង្កើត​មណ្ឌល​ផ្ដល់​សេវា​សម្រាប់​ស្ត្រី​រងគ្រោះ​អំពើហិង្សា​ដោយ​ដៃគូ​ស្និទ្ធស្នាល​ទប់ស្កាត់​ការបៀតបៀន​នឹង​កេងចំណេញ​ផ្លូវភេទ កំណែទម្រង់​ប្រព័ន្ធ​ដឹកជញ្ជូន​កម្មករ ការកំណត់​ប្រាក់ឈ្នួល​កម្មករ​ធ្វើការ​តាម​ផ្ទះ​វិស័យ​ទេសចរណ៍ វិស័យ​សំណង់ និង​ព្រៃឈើ បង្កើត​យន្តការ​ការពារ​ពលករ​ចំណាកស្រុក​ពង្រឹង​ការអនុវត្ត​ច្បាប់​នៃ​ការដោះស្រាយ​ជម្លោះដីធ្លី​បង្កើន​ការគោរព ការពារ និង​លើកស្ទួយ​សិទ្ធិ​សហជីព​។

ចំណុច​មួយ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ដោយ​ដៃគូ សេចក្ដី​ថ្លែងការណ៍​បានសរសេរថា​៖ «​យើង​សង្កេតឃើញ​មានការ​អនុវត្ត​នីតិវិធី​មិន​ត្រឹមត្រូវ ឬ​មិន​ពេញលេញ​ជាច្រើន​បាន​កើតឡើង​។ តួយ៉ាង​មាន​ករណី​មួយ​ចំនួន​ធំ​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​អន្តរាគមន៍​ដោយ​ឲ្យ​ស្ត្រី​យោគយល់ អត់ឱន ផ្តល់ឱកាស​ឲ្យ​ជនបង្ក និង​តម្រូវ​ឲ្យ​ស្ត្រី​កែប្រែ​ឥរិយាបថ​របស់ខ្លួន​ដើម្បី​ចៀសវាង​ជម្លោះ​»​។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា បច្ចុប្បន្ននេះ​មិនមាន​យន្តការ ឬ​ប្រព័ន្ធ​សម្រាប់​គ្រប់គ្រង​លក្ខខណ្ឌ​ការងារ​សុខភាព និង​សុវត្ថិភាព​របស់​ពលករ​ចំណាកស្រុក​ទេ ហើយ​មិន​មាន​បញ្ញត្តិ​សម្រាប់​ការពារ​កម្មករ​ធ្វើការ​តាម​ផ្ទះ​នៅក្រៅ​ប្រទេស​ទេ​។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ចំណុច​នេះ ដោយ​លើកឡើង​ថា​៖ «​ម្ចាស់ផ្ទះ​បាន​ដកហូត​សិទ្ធិ​ស្ត្រី​ចំណាកស្រុក​អ្នកធ្វើការ​តាម​ផ្ទះ ដោយ​ប្រើ​ច្បាប់​ក្នុង​ការរក្សាទុក​ឯកសារ​អត្តសញ្ញាណ​របស់​ពួកគេ ដូចជា​លិខិត​ឆ្លងដែន និង​ដកហូត​សិទ្ធិ​ក្នុង​ការធ្វើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ផ្សេងទៀត​តាម​ទូរស័ព្ទ​»​។

លោកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​ដែល​ជា​អង្គការ​មួយ​ចូលរួម​ក្នុង​ការចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើកឡើង​ថា ញត្តិ​ ១១ ​ចំណុច​នេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ដាក់ជូន​ស្ថាប័ន​រដ្ឋាភិបាល តែ​រហូត​មកទល់​ពេល​នេះ​មិនទាន់​ឃើញ​មាន​ការឆ្លើយតប​ដោយ​វិជ្ជមាន​ពី​សំណាក់​រដ្ឋាភិបាល​នៅឡើយ​។

លោកស្រី​ថ្លែងថា​៖ «​ជា​ឧទាហរណ៍​មាន​ការពិភាក្សា​អំពី​ច្បាប់​សហជីព​។ ប៉ុន្តែ​មតិយោបល់​ពី​សហជីព​នានា​មិន​ត្រូវ​បាន​ពិចារណា​ក្នុង​ពេល​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ទេ​។ ដូច្នេះ​យើង​ឃើញថា មិនមាន​ការឆ្លើយតប​វិជ្ជមាន ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​យើង​បាន​លើក​ឡើង​ទេ​»​។

លោកស្រី​បន្ត​ថា ចំណុច​ទាំង​ ១១ ដែល​បានលើកឡើង​គឺជា​ចំណុច​អាទិភាព​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​គួរតែ​ត្រូវ​បាន​ដោះស្រាយ​ដើម្បី​ឲ្យ​ប្រទេស​នេះ អភិវឌ្ឍ​លឿន ហើយ​ធ្វើឲ្យ​ពលរដ្ឋ​រស់នៅ​ដោយ​ភាពស្រណុកសុខស្រួល​មាន​សន្តិសុខ និង​សុវត្ថិភាព​។ កម្លាំង​ការងារ​ដូចជា​កម្មករ​រោងចក្រ អ្នកលក់​តាម​ចិញ្ចើមផ្លូវ អ្នក​ធ្វើការ​តាម​ផ្ទះ អ្នកធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កសិករ គឺជា​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រទេស​។

លោកស្រី​ថ្លែងថា​៖ «​ការអភិវឌ្ឍ​មិនមែន​មានន័យថា​អភិវឌ្ឍ​តែ​ប្រទេស​ទេ​គឺ​អភិវឌ្ឍ និង​វិនិយោគ​លើ​មនុស្ស​។ បើ​មនុស្ស​មាន​អារម្មណ៍​សុខស្រួល​មនុស្ស​មាន​សុវត្ថិភាព និង​មាន​ប្រាក់ចំណូល​សមរម្យ​មាន​យន្តការ​ការពារ ដូច្នេះ​ការវិនិយោគ​លើ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​មនុស្ស​នឹង​ទទួលបាន​ប្រសិទ្ធភាព​»​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា ដោយសារ​តែ​សេចក្ដី​ថ្លែងការណ៍​នេះ គ្របដណ្ដប់​លើ​បញ្ហា​ជាច្រើន លោក​ថា​អង្គការ​ទាំងនេះ​គួរតែ​ស្នើ​ទៅ​កាន់​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ទៅ​តាម​បញ្ហា​នីមួយៗ​។

លោក​ថ្លែងថា​៖ «​សេចក្ដី​ថ្លែងការណ៍​របស់​ពួកគាត់​មាន​បញ្ហា​ទូទៅ​ដូច្នេះ​យើង​ដែលជា​ស្ថាប័ន​រដ្ឋ​មិន​ដឹងថា តើ​ត្រូវយក​ចំណុច​ណា​ដើម្បី​ធ្វើការ​ដោះស្រាយ​ទេ​។ មាន​តែ​អង្គុយ​ជាមួយ​គ្នា​ហើយ​ពិភាក្សា​គ្នា​លម្អិត​លើ​បញ្ហា​នីមួយៗ​ទេ ដែលជា​ជម្រើស​ប្រសើរ​ជា​ជាង​ការចេញ​សេចក្ដី​ថ្លែងការណ៍​ចោល​ដូច្នេះ​»​។

លោកស្រី​ ម៉ាន ចិន្តា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​អ្នកនាំពាក្យ​ថ្លែងថា ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​កិច្ចការ​ដូច​មាន​លើកឡើង​នៅក្នុង​អនុសាសន៍​ទាំង ១១ ​ចំណុច​ ដោយ​ក្រសួង​មាន​គោលនយោបាយ ច្បាប់ និង​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​ក្នុង​ការឆ្លើយតប និង​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​។ សកម្មភាព​ទាំងនេះ​មាន​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​។

លោកស្រី​ថ្លែងថា ចំពោះ​ការអនុវត្ត​សកម្មភាព​ក្រសួង «​បណ្តុះបណ្តាល​អ្នកផ្តល់​សេវា​អំពី​របៀប​នៃ​ការឆ្លើយតប​នឹង​ជនរងគ្រោះ ផ្សព្វផ្សាយ​អំពី​ការយល់ដឹង​នៃ​ផលប៉ះពាល់​ប្រើ​ហិង្សា ផ្តល់​សេវា និង​សម្របសម្រួល​បញ្ជូន​ជនរងគ្រោះ​រៀបចំ​យុទ្ធនាការ ១៦ ​ថ្ងៃ​ ជា​រៀងរាល់​ឆ្នាំ​ចូលរួម​គ្រប់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការងារ​ហិង្សា​»៕