រតនគិរីៈ ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​ខ្នាត​យក្ស​មួយ​របស់​វៀតណាម​បាន​ឈូសឆាយ​បំផ្លាញ​ដី​ជនជាតិដើម​ភាគតិច​នៅ​ខេត្តរតនគិរី​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​រួម​របស់​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ Inclusive Development International ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២៥ ឧសភា​។

សេចក្ដី​ប្រកាស​រួម​នេះ​សរសេរ​ថា ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ច្រើន​ភូមិ​នៅ​ខេត្តរតនគិរី​នៃ​ប្រទេស​កម្ពុជា​បាន​រង់ចាំ​ជាច្រើន​ឆ្នាំ​មកហើយ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម ហ័ងអាញ់យ៉ាឡាយ​ (Hoang Anh Gia Lai) ​ប្រគល់​ដី​ដ៏ពិសិដ្ឋ​របស់​ពួកគេ​មកវិញ​តាម​ការសន្យា​របស់​ក្រុមហ៊ុន​ដែល​បាន​ព្រមព្រៀង​សម្រុះសម្រួល​ពី​ឆ្នាំ ២០១៥​។

ផ្ទុយទៅវិញ​នៅក្នុង​ខែមីនា ​ក្រុមហ៊ុន​នេះ​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយដី​ដែល​បាន​កំណត់ថា ត្រូវ​ប្រគល់​ឲ្យ​សហគមន៍​វិញ​តាមរយៈ​ដំណើរការ​វាស់វែង​កំណត់ព្រំដែន​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​។ ភាគច្រើន​នៃ​ដី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ឈូសឆាយ ខណៈ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កំពុងស្ថិត​នៅក្នុង​ភូមិ​មិន​ចេញ​ទៅណា ដើម្បី​ការពារ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩​។

សេចក្ដី​ប្រកាស​របស់​អង្គការ​ដកស្រង់​សម្ដី​របស់​លោក David Pred នាយក​ប្រតិបត្តិ​នៃ​អង្គការ Inclusive Development International មក​បញ្ជាក់ថា​៖ «​ការបំផ្លាញ​ទីសក្ការៈ​បូជា​របស់​ជនជាតិ​ដើម​ភាគតិច ដែល​ជា​ទង្វើ​របស់​ក្រុមហ៊ុន​ហ័ងអាញ់យ៉ាឡាយ​នេះ​គឺជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត ហើយ​ការពិត​ដែល​ថា ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​ឱកាស​នៃ​ការរីករាលដាល​ជំងឺ​រាតត្បាត​ជា​សកល ដើម្បី​ឈូសឆាយដី​ជនជាតិ​ដើម​ភាគតិច ដោយ​ខុសច្បាប់​ថែមទៀត​នេះ​គឺជា​រឿង​អាក្រក់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»​។

សេចក្ដី​ប្រកាស​បន្តថា កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ មុន​ការបំផ្លាញ​ដី​របស់​ពួកគេ តំណាង​ភូមិ​ម៉ុយ ភូមិ​អ៊ីន ភូមិ​ម៉ាស់ និង​ភូមិ​កាក់ រួមជាមួយ​សហគមន៍​ចំនួន​ ៨ ផ្សេងទៀត​បាន​ចូលរួម​ការប្រជុំ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡៃ ក្រោម​ដំណើរការ​ដោះស្រាយ​វិវាទ​ថ្មី​ដែល​ក្រុមហ៊ុន​បាន​ស្នើសុំ​ CAO ​ដើម្បី​កោះប្រជុំ​។

លោក​ សេវ សឿន តំណាង​សហគមន៍​មកពី​ភូមិ​កាក់ ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា ខណៈ​សហគមន៍​កំពុង​រង់ចាំ​ការសម្រេច ជា​ផ្លូវការ​ក្នុង​ការប្រគល់​ដី​នេះ​ដោយ​ក្រសួង​កសិកម្ម​ដែល​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ជំងឺឆ្លង​កូវីដ ​១៩ ក្រុមហ៊ុន​បាន​ឈូសឆាយ​ដី​ភ្នំ​អារក្ស​ចំនួន​ ២ ​កន្លែង និង​ឈូសឆាយ​ដីព្រៃ​មួយចំនួន​ទៀត​នៅក្នុង​តំបន់ដីសើម តំបន់​បរបាញ់​តាម​ប្រពៃណី និង​កន្លែង​បញ្ចុះសព​។ ការ​ឈូសឆាយ​នេះ​បាន​បំផ្លាញ​ព្រៃ និង​បណ្តាល​ឲ្យ​មាន​ការខូចខាត​មិនអាច​ស្ដារ​ឡើងវិញ​បាន​នូវ​ដី​ដែល​មាន​តម្លៃ​ខាង​ជំនឿ​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​សហគមន៍​។

លោក​ថ្លែងថា​៖ «​វត្ត​អារាម គឺជា​កន្លែង​គោរពបូជា​សាសនា​សម្រាប់​ប្រជាជន​ខ្មែរ​។ ប៉ុន្តែ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​កាចក់​យើងខ្ញុំ​ជឿ​លើ​អារក្ស​ដែលមាន​នៅតាម​ព្រៃភ្នំ​ក្រំ​ថ្ម​។ ឥឡូវនេះ​ក្រុមហ៊ុន​បាន​ឈូសឆាយ​ភ្នំ​អារក្ស​របស់​យើង ដូច្នេះ​យើង​គ្មាន​កន្លែង​គោរពបូជា​ទៀត​ទេ ហើយ​អារក្ស​នឹង​ខឹង​អ្នកភូមិ​របស់​យើង​គ្រប់គ្នា​ដែល​បណ្ដោយ​ឲ្យ​រឿងនេះ​កើតឡើង​»​។

បើ​តាម​លោក​ សឿន តំបន់​ដែល​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ បាន​ឈូសឆាយ​កាលពី​ខែមីនា​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​ត្រូវ​បានកំណត់​សម្រាប់​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ម៉ុយ ភូមិ​អ៊ីន ភូមិ​ម៉ាស និង​ភូមិ​កាក់​។

លោក​ អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ប្រាប់​ថា ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ ដឹង ច្បាស់​ហើយ​ថា​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​ពេល​ថ្មីៗ​ទៀត​នេះ​គឺជា​ដី​ក្នុង​តំបន់​ដែល​បានកំណត់​សម្រាប់​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ទាំង​ ៤ ​នោះ​វិញ​។ ការឈូសឆាយ​នេះ​ជា​សកម្មភាព​ចុងក្រោយ ក្នុង​ចំណោម​សកម្មភាព​ដោយ​ចេតនា​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន​នេះ​។

លោក​បន្តថា ការបំផ្លាញ​ដែល​ក្រុមហ៊ុន​បាន​បង្កឡើង​ទៅលើ​សហគមន៍​ទាំង​ ៤ ​នេះ​បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ហើយ​នាំឲ្យ​មាន​ការសង្ស័យ​ថា តើ​ក្រុមហ៊ុន​នេះ​ពិតជា​បាន​តាំងចិត្ត​ដោះស្រាយ​ទំនាស់​ដែល​បានអូសបន្លាយ​ជា​យូរ​មកហើយ​នេះ​ឬ​យ៉ាងណា​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ​ត្រូវតែ​បញ្ឈប់​សកម្មភាព​ឈូសឆាយដី​សហគមន៍​ជាបន្ទាន់ ហើយ​ត្រូវប្រគល់​ដី​ជូន​សហគមន៍​វិញ និង​ត្រូវ​ផ្ដល់​សំណង​សម្រាប់​ការខូចខាត​ទាំងអស់​ដែល​ក្រុមហ៊ុន​បាន​បង្ក​ចំពោះ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគិរី​»​។

លោក​ វុទ្ធី ​ឲ្យ​ដឹង​ទៀតថា កាលពី​ខែ​មីនា​កន្លងទៅ​ថ្មីៗ​នេះ អភិបាល ខេត្តរតនគិរី​បាន​ស្នើសុំ​ជា​ផ្លូវការ​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ឲ្យ​ប្រគល់​ដី​ចំនួន​ ៦៤ ​ទីតាំង​ ឬ​ស្មើនឹង​ ៧២២ ​ហិកតា​ ដែល​ជា​ដី​ប្រពៃណី​ជនជាតិដើម​ភាគតិច​។

ដី​ទាំងនេះ​ត្រូវ​បាន​ដាក់បញ្ចូល​ដោយ​មិន​ត្រឹមត្រូវ​ទៅក្នុង​ដីសម្បទាន​កសិកម្ម​របស់​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១២ ​សហគមន៍​វិញ ដើម្បី​ឲ្យ​ជនជាតិដើម​ភាគតិច ប្រតិបត្តិ​តាម​ជំនឿ​ប្រពៃណី វប្បធម៌​របស់​ពួកគេ និង​ដើម្បី​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ​។

លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រាប់​កាលពី​ថ្ងៃ​ចន្ទ​ថា សំណើ​នោះ​ក្រសួង​បាន​ទទួល​ហើយ​។ ប៉ុន្តែ​យោង​លិខិត​របស់​ការិយាល័យ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ករណី​ក្រុមហ៊ុន​ហ័ងអាញ់យ៉ាឡាយ ឈូសឆាយ​ដីភ្នំ​អារក្ស ច្រប់ ច្រាប និង​ដី​កប់​សព​នៅ​ឃុំ​តាឡាវ ឃុំ​ញ៉ាង ឃុំ​ប៉ូយ​ក្នុងស្រុក​អូជុំ និង​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ដែល​ក្រសួង​ទទួល​បាន​កាលពី​ថ្ងៃទី​ ១១ ខែ ឧសភា ឆ្នាំ​ ២០២០ គឺ​នៅមាន​ចំណុច​មិន​ឯកភាព​គ្នា​ទៅលើ​ទំហំ​ផ្ទៃដី​។

លោក​ថា​៖ «​ទំហំ​តួលេខ​ផ្ទៃដី​ដែល​ស្នើសុំ​កាត់​នៅ​មិនទាន់​មាន​ឯកភាព​គ្នា​នៅឡើយ ព្រោះ​ខេត្ត​ស្នើសុំ​កាត់​ចេញ​ពី​ដីសម្បទាន​ ៧៤២,២៦ ​ហិកតា ផ្ទៃដី​ឯកភាព​គ្នា​មាន​ ៥៧២,៣២ ​ហិកតា ផ្ទៃដី​មិនទាន់​បាន​ឯកភាព​គ្នា​ចំនួន​ ១៦៩,៩៥ ​ហិកតា​។

ដោយ​តួលេខ មិន​ឯកភាព​គ្នា​ក្រសួង​សូម​ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ ក្រុមហ៊ុន ក្រុមការងារ​ខេត្ត ក្រុមការងារ​ CAO និង​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ​ឡើងវិញ​ពី​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​កាត់​ចេញ​ពី​ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យ​មាន​ឯកភាព​គ្នា​។ បន្ទាប់ពី​បាន​ឯកភាពគ្នា ក្រុមការងារ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​ខេត្ត​នឹង​ចុះទៅពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​ដើម្បី​ពិនិត្យ​បន្ថែម​។

អាជ្ញាធរ​ខេត្តរតនគិរី និង​ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ ​មិន​អាច​ទាក់ទង​សុំ​បំភ្លឺ​បាន​ទេ​ម្សិលមិញ​៕