ភ្នំពេញៈ អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) និង​អង្គការ​អាក់សិនអេត​កម្ពុជា ( ActionAid Cambodia) រួមសហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ប្រកាស​ផ្សព្វផ្សាយ​ពី​គម្រោង​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​វ័យក្មេង​រយៈពេល ៣ ​ឆ្នាំ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការជំរុញ​ឲ្យ​មានការ​ផ្តល់​សេវាសាធារណៈ​កាន់តែ​ប្រសើរ​។

គម្រោង​ស្តីពី​ «​ការពង្រឹង​សិទ្ធិអំណាច​ស្ត្រី​វ័យក្មេង​ក្នុង​ការសម្រេចចិត្ត និង​ជំរុញ​ឱ្យ​ការផ្តល់​សេវា​សាធារណៈ​កាន់តែ​មាន​គណនេយ្យភាព​» ត្រូវ​បានប្រកាស​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ៧ ​ខែ​កុម្ភៈ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ដោយមាន​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​។

អង្គការ​តម្លាភាព​កម្ពុជា​បាន​ឲ្យ​ដឹងថា គម្រោង​រយៈពេល ៣ ​ឆ្នាំ​នេះ​គឺ​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ស៊ុយអែត​ចាប់ពី​ខែ​មករា​ឆ្នាំ​ ២០២០ ដល់​ខែ ធ្នូ ឆ្នាំ ២០២២ ដែល​មាន​គោលបំណង ដើម្បី​កសាង​សមត្ថភាព​យុវជន​ និង​អ្នកផ្តល់​សេវាសាធារណៈ​។

លោក អ៊ឹម នរិន្ទ ប្រធាន​កម្មវិធី​នៃ​អង្គការ​តម្លាភាព​ថ្លែង​ថា គម្រោង​នេះ​ក៏​នឹង​ផ្តល់​ឲ្យ​យុវជន​វ័យក្មេង ជាពិសេស​ស្ត្រី​ទទួល​បាន​នូវ​យន្តការ​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​លើកឡើង​ពី​តម្រូវការ​របស់​ខ្លួន​ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​នានា ដើម្បី​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ឱ្យ​កាន់តែ​មាន​គណនេយ្យភាព និង​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ថែមថា​៖ «​គម្រោង​ថ្មី​នេះ​គឺជា​ការពង្រីក​វិសាលភាព និង​បន្ត​ការអនុវត្ត​គម្រោង​សាលា​អភិបាលកិច្ច ដំណាក់កាល​ទី ១ (​ឆ្នាំ​ ២០១៦-២០១៩) ដែល​អង្គការ​តម្លាភាព និង​ក្រសួងមហាផ្ទៃ​បាន​អនុវត្ត​រួមគ្នា ដើម្បី​កសាង និង​ពង្រឹងសមត្ថភាព​មន្ត្រី​សាធារណៈ​នៅ​ថ្នាក់ជាតិ និង​អ្នកផ្តល់​សេវាសាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ អំពី​អភិបាលកិច្ច​ល្អ​ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​នៅ​ថ្នាក់ក្រោម​ជាតិ​»​។

លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​គម្រោង​សាលា​អភិបាលកិច្ច​ថ្លែង​ថា គម្រោង​នឹងចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ និង​ជា​ការចូលរួម​ចំណែក​យ៉ាងសកម្ម​នៅក្នុង​ដំណើរការ​នៃ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការបន្ត​ពង្រឹង​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

លោក​បញ្ជាក់ថា​៖ «​យើង​ជួបជុំ​គ្នា​ដើម្បី​ប្រកាស​ជា​ផ្លូវការ​ដាក់​ឲ្យ​អនុវត្ត​គម្រោង ពង្រឹង​សិទ្ធិអំណាច​ស្ត្រី​វ័យក្មេង​ក្នុង​ការសម្រេចចិត្ត និង​ការជំរុញ​ឲ្យ​ការផ្តល់​សេវា​សាធាណៈ​កាន់តែ​មាន​គណនេយ្យភាព​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​សាលា​អភិបាលកិច្ច​»​។

តាមរយៈ​ការអនុវត្ត​នេះ​លោក ច័ន្ទ្រផល សង្ឃឹមថា​៖ «​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល​នឹង​បន្ត​កិច្ចសហការ​ក្នុង​ស្មារតី​នៃ​ការទទួល​ខុសត្រូវ​ និង​មានការ​ទុកចិត្ត​គ្នា​ដ៏ស្មោះត្រង់​​ជំរុញ​ដំណើរការ​កំណែទម្រង់​ឲ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​ជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

បើតាម​អង្គការ​តម្លាភាព​គម្រោង​ស្តីពី​ការពង្រឹង​សិទ្ធិអំណាច​ស្ត្រី​វ័យក្មេង ក្នុង​ការសម្រេចចិត្ត និង​ការជំរុញ​ឱ្យ​មាន​ការផ្តល់​សេវាសាធារណៈ​កាន់តែ​មាន​គណនេយ្យភាព​នឹង​ផ្តល់​ដល់​ក្រុម​គោលដៅ​មួយចំនួន​នៅ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​ស្ទឹងសែន ស្រុក​ក្រគរ និង​ក្រុង​ពោធិ៍សាត់ ស្រុក​ឈូក និង​ក្រុង​កំពត​រួមទាំង​ស្រុក​មួយ​ចំនួន​ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាត់ដំបង ខេត្ត​ព្រៃវែង និង​កោះកុង​ជាដើម​៕