ភ្នំពេញៈ អង្គការ​ ៣៦ ​ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ ស្នើឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​នោះ​ក៏​ផ្តោតលើ​ស្រី្ត​ស្លៀក​ខ្លី ដែល​ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​តាក់តែង​ដោយ​ចាត់ទុក​ថា ច្បាប់​នេះ​ដាក់​ទណ្ឌកម្ម​ស្ត្រី​ចំពោះ​ការស្លៀកពាក់ និង​អាកប្បកិរិយា ដែល​ជា​ទម្រង់​នៃ​ការរើសអើង​មកលើ​ស្ត្រី​នៅ​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា អង្គការ និង​សមាគម​ដែល​កំពុង​បំពេញ​បេសកកម្ម​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​មាន​ក្តីកង្វល់​យ៉ាងខ្លាំង​ចំពោះ​មាត្រា​ជាច្រើន​ដែល​ចែង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​។ ក្រុម​អង្គការ​បន្តថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លក្ខណៈ​រំលោភបំពាន​សិទ្ធិ​ស្ត្រី​យ៉ាង​ខ្លាំង ហើយ​មាន​លក្ខណៈ​ស្តីបន្ទោស រឹតត្បិត​សិទ្ធិ និង​អាកប្បកិរិយា​ស្ត្រី​ទៀតផង​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់ចោល​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​ទាំងស្រុង និង ជាបន្ទាន់​។ ផ្ទុយ​ទៅវិញ រាជរដ្ឋាភិបាល​គួរតែ​ចាត់ទុក​ជា​អាទិភាព​បន្ទាន់​ដើម្បី​ដោះស្រាយ​រាល់​ទម្រង់​នៃ​ការរើសអើង​យេនឌ័រ​រួមមាន​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ និង​ការរើសអើង​ក្នុង​ប្រព័ន្ធ​អប់រំ​។ ការចូលរួម​ផ្នែក​សេដ្ឋកិច្ច សង្គម និង​នយោបាយ​តាមរយៈ​កំណែទម្រង់​ច្បាប់ និង​ការផ្លាស់ប្តូរ​គោលនយោបាយ​»​។

លោកស្រី​ អេង ចាន់ឌី អ្នក​សម្របសម្រួល​បណ្តាញ​យេនឌ័រ និង​អភិវឌ្ឍន៍ លើកឡើង​ថា រាជរដ្ឋាភិបាល​នឹង​មិន​អាច​បំពេញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការសម្រេច​ឲ្យ​បាន​សមភាព​យេនឌ័រ​នោះទេ ខណៈ​រដ្ឋាភិបាល​នៅតែ​ដាក់ទោស​ទណ្ឌ​មកលើ​ស្ត្រី ព្រោះតែ​ស្ត្រី​មិន​ប្រតិបត្តិ​តាម​ក្រមសីលធម៌ និង​ស្តង់ដា​នៃ​ការ​ស្លៀកពាក់​ដែល​មាន​ចរិត​បែប​អភិរក្សនិយម​។

លោក​ អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ច្បាប់​នេះ​នៅ​តែ​ត្រូវការ​មតិយោបល់​ពី​ភាគី​ជាច្រើន​ទៀត ដើម្បី​កែប្រែ​ខ្លឹមសារ​ឲ្យ​បាន​ស្រប​នឹង​បរិបទ និង​ភាពត្រឹមត្រូវ​នៃ​ច្បាប់ ប៉ុន្តែ​បើ​ស្នើឲ្យ​ទម្លាក់ចោល​ទាំងស្រុង​នោះ​គឺ​មិនអាច​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ប្រទេស​យើង គួរតែ​មាន​ការកសាង​ច្បាប់ ដើម្បី​នឹង​គោរព​ទាំងអស់​គ្នា ហើយ​ច្បាប់​មិនទាន់​នឹង​ចេញ​ផង គ្រាន់តែ​ជា​សេចក្តី​ព្រាង ព្រាង​លិច ព្រាង​កើតមក ទម្លាក់​ចោល​លិច មក​ទម្លាក់ចោល​កើត​។ ឥឡូវ​គួរតែ​គាត់​ [​សង្គម​ស៊ីវិល​] ចូលរួម​ថា ច្បាប់​នេះ​គួរ​ធ្វើអី​ចេះ គួរ​ធ្វើ​អីចុះ ដើម្បី​យើង​ទាំងអស់​គ្នា​។ មិនទាន់​បានឃើញ​អ្វី​ផង ទារ​ទម្លាក់ៗ ខ្ញុំ​មិន​យល់​»៕

វីដេអូ៖