ភ្នំពេញៈ របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៣ ដែល​ធ្វើការ​ស្ទង់មតិ​ក្នុង​រយៈពេល​ ៤ ឆ្នាំ​ចុងក្រោយ​បង្ហាញថា អ្នក​ឆ្លើយតប​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​ជឿជាក់​ថា ពួកគេ​មាន​ការយល់ដឹង​អំពី​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​អាស្រ័យ​លើ​គោលបំណង​នៃ​ការស្ទង់មតិ​។

អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៣ រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ​សមាគម​អាដហុក និង​មជ្ឈមណ្ឌល​សាមគ្គីភាព​បាន​ធ្វើការ​ស្ទង់មតិ​ពលរដ្ឋ​ទូទៅ​កាលពី​ខែ​មករា ដើម​ឆ្នាំ​ ២០២០ និង​បាន​ប្រៀបធៀប​លទ្ធផល​នេះ​ជាមួយ​នឹង​លទ្ធផល​នៃ​ការស្ទង់មតិ​ចំនួន ៣ ​ឆ្នាំ​ជាប់​គ្នា​កន្លងមក​។

ការស្រាវជ្រាវ​នេះ​ពិនិត្យមើល​លើ​ការកើនឡើង និង​ការធ្លាក់ចុះ​នៃ​ការយល់​ដឹង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ ការស្រាវជ្រាវ​នេះ​មាន​អ្នក​ឆ្លើយតប​ការស្ទង់មតិ​ប្រមាណ​ ១ ០០០ ​នាក់​។ តែ​នៅ​ឆ្នាំ​ ២០២០ មាន​អ្នកចូលរួម​ឆ្លើយ​តិចជាង​ឆ្នាំមុនៗ​។

បើ​តាម​លទ្ធផល​សង្ខេប​នៃ​ការស្ទង់​មតិ​សាធារណជន​ចេញផ្សាយ​នៅ​សប្ដាហ៍​នេះ បញ្ជាក់ថា​នៅ​ឆ្នាំ ២០១៦, ២០១៨, ២០១៩, និង​ឆ្នាំ ២០២០ មាន​អ្នក​ឆ្លើយតប​ក្នុង​ចំនួន​តិចតួច​ដែល​ជឿថា​ពួកគេ​មាន​ការយល់ដឹង​អំពី​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​។

សាធារណជន​កាន់តែ​តិចជាង​មុន​យល់ថា ពួកគេ​មាន​សេរីភាព​ក្នុង​ការចូលរួម​ជា​សមាគម ហើយ​ពួកគេ​យល់ថា សេរីភាព​ក្នុងការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ក៏មាន​តិចតួច​។ អ្នក​ឆ្លើយតប​តិចតួច​យល់ថា ពួកគេ​មាន​សេរីភាព​ក្នុង​ការជួបប្រជុំ​ដោយ​សន្តិវិធី ធ្វើ​កូដកម្ម​ ឬ​បាតុកម្ម​និយាយ​ដោយ​បើកចំហ​នៅ​ទីសាធារណៈ​មាន​សុវត្ថិភាព​ក្នុង​ការរាយការណ៍​ព័ត៌មាន និង​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​។

លោកស្រី ចក់ សុភាព នាយិកា CCHR ថ្លែង​តាម​អ៊ីមែល​ថា គោលបំណង​នៃ​ការស្ទង់មតិ​នេះ​គឺធ្វើ​ឡើង​ដើម្បី​វាយតម្លៃ​ថា​តើ​ពលរដ្ឋ​យល់​ពី​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពួកគេ​កម្រិតណា​។ លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​នឹង​ជួយ​បង្ហាញ​កាន់តែច្បាស់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា វិធី​នៃការធ្វើ​ឱ្យ​ប្រសើរឡើង និង​ការការពារ​។

លោកស្រី​ថ្លែងថា​៖ «​ការរកឃើញ​ដែល​គួរឱ្យ​បារម្ភ​មួយ​នោះ​គឺថា​ការធ្លាក់ចុះ​នៃ​ចំនួន​មនុស្ស​ដែល​រាយការណ៍​ថា ពួកគេ​បាន​យល់​ពី​សេរី​ភាពជា​មូលដ្ឋាន​នៃ​ការបញ្ចេញមតិ និង​ការជួបជុំ​។ ឆ្នាំ​ ២០២០ ​គឺជា​ឆ្នាំ​ដែល​កម្រិត​នៃ​ការធ្លាក់ចុះ​អំពី​ការយល់ដឹង​ពី​សិទ្ធិសេរីភាព​បុគ្គល​រាយការណ៍​ធ្លាក់ចុះ​មិន​ធ្លាប់មាន​ក្នុង​នោះ​សេរីភាព​នៃ​ការជួបជុំ​ត្រូវបាន​យល់ដឹង​តិចតួច​ជាងគេ​»​។

លោកស្រី​បន្តថា​៖ «​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការយល់ដឹង​ពី​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ចំណោម​សាធារណជន​ដូច​មានចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ចូលរួម​យ៉ាងសកម្ម​ក្នុងសង្គម និង​ជួយ​ឱ្យ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​មាន​គណនេយ្យភាព​សម្រាប់​ការបរាជ័យ​របស់ខ្លួន​ក្នុង​ការអនុវត្ត​សេរីភាព​ទាំងនេះ​»​។

លោកស្រី​បញ្ជាក់ថា ការធ្លាក់ចុះ​កម្រិត​យល់​ដឹង​អំពី​សេរីភាព​នេះ​ត្រូវ​តែ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ ដើម្បី​ការពារ​កុំឱ្យ​មាន​ការរួម​តូច​នៃ​លម្ហ​សម្រាប់​ពលរដ្ឋ និង​ចុងក្រោយ​រួម​តូច​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ប៉ុន្តែ​លោក ជីន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ពីថ្ងៃ​ទី​ ២០ ​តុលា​ថា លោក​មិន​អាច​វាយតម្លៃ​អំពី​ភាពជឿ​ទុកចិត្ត​លើ​ការស្ទង់មតិ​នេះ​ទេ ព្រោះ​វា​អាស្រ័យ​ទៅ​លើ​វិធីសាស្ត្រ​នៃ​ការស្ទង់មតិ សំណួរ​សម្រាប់​អ្នក​ឆ្លើយតប និង​ក្រុម​អ្នកឆ្លើយតប​។

លោក​ថ្លែងថា​៖ «​បើ​គាត់​ជ្រើសរើស​យក​ក្រុម​គោលដៅ​មួយ​ជាក់លាក់​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ ឬ​មួយ​ក្រុម​ដែល​គាំទ្រ​សកម្មភាព​អនាធិបតេយ្យ​ដែល​រង​នូវ​យន្តការ​ច្បាប់​របស់​រដ្ឋាភិបាល នោះ​គាត់​មុខជា​ឆ្លើយថា សេរីភាព​នៃ​ការជួបជុំ​ការបញ្ចេញមតិ​ឆ្លាក់​ចុះ​។ ប៉ុន្តែ​បើ​គាត់​យក​ក្រុម​ផ្សេង​ដែល​មិនមាន​និន្នាការ​នយោបាយ ហើយ​គាំទ្រ​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល​ក្នុង​ការថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ពេល​នោះ​លទ្ធផល​នឹង​ឃើញ​ផ្សេង​»​។

លោក​ថ្លែងថា ក្រសួង​យុត្តិធម៌​មិនមាន​ការវាស់វែង ឬ​ស្ទង់​មតិ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​នៅ​ឡើយ​ទេ​អំពី​ការយល់ដឹង​របស់​ពលរដ្ឋ​។ ប៉ុន្តែ​តាមរយៈ​យន្តការ​ដែល​មាន​ស្រាប់ និង​តាមរយៈ​ការធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ លោក​សង្កេត​ឃើញ​មាន​ស្ថានភាព​ ២​។

លោក​បញ្ជាក់ថា​៖ «​ទី​ ១ ប្រជាពលរដ្ឋ​ដែល​គាត់​បំពាន​ច្បាប់​នោះ​គាត់​អត់​មាន​ការយល់ដឹង​ពី​ច្បាប់​មែន ដែល​នាំ​ឱ្យ​មាន​ការធ្វើ​សកម្មភាព និង​ការអនុវត្ត​សិទ្ធិ​លើស​ព្រំដែន​ឈាន​ទៅ​ដល់​ការបំពានច្បាប់ ដោយសារ​តែ​គាត់​មិនដឹង​ច្បាប់​។

ប៉ុន្តែ​ក៏មាន​ ១ ​ក្រុម​ទៀត​ដែរ ដែល​ដឹង​ យល់​ដែរ តែ​នៅតែ​បំពាន​ទៀត​។ គាត់​ដឹងថា ទង្វើ​នោះ​បំពាន​ច្បាប់ មិនមែន​ជា​ការអនុវត្ត​សិទ្ធិ ប៉ុន្តែ​គាត់​ធ្វើ​ដោយសារ​គាត់​មាន​ចេតនា ឬ​មាន​ផែនការ ឬ​មានការ​រៀបចំ​ចាត់ចែង ដោយ​ការធានា​អះអាង​ផ្សេងៗ​ដែល​ជំរុញ​គាត់​ឱ្យ​ធ្វើ​សកម្មភាព​ទាំងអស់​ហ្នឹង ទោះបី​ជា​ដឹងថា​ខុសច្បាប់​ក៏ដោយ​»៕