
គ្រឿងចក្រក្រុមហ៊ុន HAGL កំពុងឈូសឆាយដី។ រូបថត សហការី
រតនគិរីៈ អង្គការសង្គមស៊ីវិលចំនួន ៥ អំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីបញ្ឈប់ក្រុមហ៊ុនហ៊ងអានយ៉ាឡាយ (HAGL) ពីការឈូសឆាយដី និងផ្តល់ដំណោះស្រាយសម្រាប់ការខូចខាត ដល់វប្បធម៌របស់ជនជាតិដើមភាគតិចនៅស្រុកអណ្តូងមាស។ ប៉ុន្តែតំណាងក្រុមហ៊ុន និងអាជ្ញាធរខេត្តអះអាងថា មិនមែនជាការពិត ពីព្រោះពលរដ្ឋស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននេះ។
អង្គការទាំង ៥ ក្នុងនោះក៏មានអង្គការសមធម៌កម្ពុជា អង្គការសមាគមខ្មែរលើ និងសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាផងដែរបានចេញសេចក្តីប្រកាសព័ត៌មានរួមដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពក្រុមហ៊ុន HAGL ពីការឈូសឆាយដីដែលប៉ះពាល់ដល់ការរស់នៅ និងវប្បធម៌របស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី។
ក្នុងសេចក្តីប្រកាសរបស់អង្គការទាំង ៥ ចេញថ្ងៃទី ២៣ ខែធ្នូ ឱ្យដឹងថា មានសហគមន៍ចំនួន ២ ភូមិដែលក្រុមហ៊ុនទើបធ្វើការឈូសឆាយក្នុងពេលថ្មីៗនេះ គឺសហគមន៍ភូមិមុយ និងសហគមន៍ភូមិអ៊ីន។ សហគមន៍ភូមិមុយត្រូវក្រុមហ៊ុន HALG បានកាយយកដីពីភ្នំដើម្បីចាក់លុបបំពេញផ្លូវទឹកអូរធម្មជាតិ ២ កន្លែង គឺអូរអន្សោង និងអូររ៉េកនៅតំបន់ភ្នំប៉ាទូ។
ចំណែកសហគមន៍ភូមិអ៊ីនមានការបារម្ភចំពោះការធ្វើរបងព័ទ្ធជុំវិញតំបន់ដីសើម ឬច្រប់ ដែលជាកន្លែងសម្រាប់អ្នកភូមិរកបន្លែធម្មជាតិ។ សកម្មភាពនៃការបំផ្លាញនេះគឺរំលោភលើសេចក្តីណែនាំរបស់រដ្ឋបាលខេត្តរតនគិរីដែលបញ្ជាឱ្យក្រុមហ៊ុនប្រគល់តំបន់ទាំងនោះឱ្យសហគមន៍វិញ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាឱ្យដឹងថា បញ្ហាក្រុមហ៊ុន និងប្រជាពលរដ្ឋ នេះមិនមែនជាជម្លោះថ្មីទេ ប៉ុន្តែលើកនេះគឺជាការឈូសឆាយថ្មីលើតំបន់ដែលបានវាស់វែងហើយ ដោយគណៈកម្មការចម្រុះ ដែលមានថ្នាក់ខេត្ត ក្រុមហ៊ុន និងសហគមន៍បានចូលរួមដោយយល់ព្រមឯកភាពគ្នានៅអំឡុងពេលដែលក្រសួងមិនទាន់សម្រេចជាផ្លូវការ តំបន់ទាំងនោះត្រូវរក្សាឱ្យនៅសភាពដើម។
លោកថ្លែងថា៖ «ក្នុងបញ្ហាហ្នឹង គឺប្រជាពលរដ្ឋទាមទារឱ្យប្រគល់តំបន់ទាំងអស់ហ្នឹង ជាតំបន់គោរពបូជាជនជាតិដើមភាគតិចវិញ ហើយក្នុងពេលថ្មីៗនេះ ស្រាប់តែក្រុមហ៊ុនគាត់ធ្វើការជីកភ្នំ ហើយនិងលុបប្រឡាយលុបអូរដែលពលរដ្ឋប្រើប្រាស់ហ្នឹង ក្រុមហ៊ុនទប់យកទឹក អ៊ីចឹងទើបមានបញ្ហាសហគមន៍គាត់លើកឡើងហ្នឹង»។
បើតាមលោក វុទ្ធី តំបន់ទាំងនេះគឺជាផ្នែកមួយនៃផ្ទៃដីសរុបមាន ៧៤២,៦ ហិកតា (ក្នុងចំណោមតំបន់ចំនួន ៦៤ កន្លែងផ្សេងពីគ្នាដែលមានសារៈសំខាន់ខ្លាំងខាងវប្បធម៌) ដែលត្រូវបានកំណត់សម្រាប់ប្រគល់ជូនសហគមន៍ជនជាតិដើមភាគតិចទាំង ១២ ភូមិវិញតាមប្រកាសរបស់រដ្ឋបាលខេត្តដោយការប្រគល់ដីទាំងនេះ កំពុងរង់ចាំការសម្រេចពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប៉ុន្តែលោក ថាច់ ហាប៊ិន តំណាងក្រុមហ៊ុន HAGL ខេត្តរតនគិរីបានបដិសេធថា ក្រុមហ៊ុនមិនបានឈូសឆាយលុបប្រឡាយទឹកធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ជនជាតិដើមភាគតិចនៅទីនោះទេ។ លោកថា៖ «យើងអត់មានបានឈ្លានពានទឹកដីរបស់ជនជាតិដើមភាគតិចទេ មានតែប្រជាពលរដ្ឋទេ ដែលមកបំពានលើដីក្រុមហ៊ុន ហើយកន្លងមកយើងបានធ្វើការដោះស្រាយយោគយល់ ស្រុះស្រួលគ្នាអស់ហើយគឺគ្មានបញ្ហាអីទេ» ។
លោក ម៉ឹង ស៊ីនាថ នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តរតនគិរី អះអាងថា រឿងដែលអង្គការសង្គមស៊ីវិលលើកឡើងនោះពីព្រោះជនជាតិដើមភាគតិចនៅតំបន់នោះបានស្វាគមន៍ចំពោះការអភិវឌ្ឍរបស់ក្រុមហ៊ុន។
លោកថ្លែងថា៖ «ប្រឡាយហ្នឹងគ្រាន់តែជាកូនអូរតូចមួយ មិនមែនជាផ្លូវទឹកធំដុំដែលគាត់អាស្រ័យផលយកទឹកប្រើប្រាស់នៅតំបន់ហ្នឹងជាប្រចាំថ្ងៃទេ។ អង្គការសង្គមស៊ីវិលមួយចំនួនធ្វើការនៅតំបន់ហ្នឹង ចេះតែញុះញង់រឿងតិចពង្រីកទៅជារឿងធំ អ៊ីចឹងទៅហើយរឿងបន្លែធម្មជាតិ ឬការទទួលផលអនុផលអីរបស់ពលរដ្ឋនោះគឺអត់ប៉ះពាល់ទេ»។
យ៉ាងណាក្តីលោក សេវ សើន តំណាងសហគមន៍ជនជាតិដើមភាគតិចកាចក់ នៅភូមិតាឡាវ ឱ្យដឹងថា ពលរដ្ឋនៅតំបន់នោះខ្លះធ្វើស្រែដាំស្រូវនៅរដូវវស្សា និងខ្លះទៀតធ្វើចម្ការមានចម្ការស្វាយចន្ទី និងដំឡូង។ ការលុបអូរ ឬប្រឡាយទឹកមិនមានបញ្ហាទេនៅរដូវប្រាំង ប៉ុន្តែអាចធ្វើឱ្យមានការលិចដំណាំរបស់ពួកគាត់នៅរដូវវស្សា។ «អ្វីដែលពួកខ្ញុំបារម្ភនោះគឺខ្លាចមានទឹកឡើងលិចស្រែចម្ការ និងដំណាំនៅរដូវវស្សាដែលបង្កឡើងដោយការលុបអូរ ឬប្រឡាយនោះទោះបីក្រុមហ៊ុនសន្យាថានឹងបំបែកទំនប់វិញ នៅរដូវវស្សាក៏ដោយហើយពួកខ្ញុំ និយាយរួមមិនចង់ឱ្យក្រុមហ៊ុនមានការឈូសឆាយ ឬធ្វើសកម្មភាពអ្វីឡើយ»។
បើតាមលោក ម៉ឹង ស៊ីនាថ បញ្ហាទំនាស់រវាងក្រុមហ៊ុន HAGL ជាមួយជនជាតិដើមភាគតិចស្ថិតនៅក្នុងស្រុកអណ្តូងមាស រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុកបានចុះទៅពន្យល់ផ្សព្វផ្សាយ និងសម្របសម្រួលរួចរាល់ហើយ ហើយពលរដ្ឋក៏បានយល់ព្រមដោយមិនមានប្រតិកម្មអ្វីនោះទេ។
លោកថ្លែងថា៖ «ក្រោយពេលយើងចុះស្រាវជ្រាវមើលជាក់ស្តែងឃើញថា មិនមានប្រជាពលរដ្ឋពិតប្រាកដនៅតំបន់ហ្នឹងទេ។ បងប្អូនជនជាតិដើមភាគតិចពិតប្រាកដនៅតំបន់ហ្នឹងគឺគាត់ មិនចេះមានការប្តឹងផ្ដល់ ឬញុះញង់អីទេគឺគាត់បន់ឱ្យមានការអភិវឌ្ឍនៅតំបន់ហ្នឹង ដើម្បីងាយស្រួលសម្រាប់ពួកគាត់មានការងារធ្វើរកចំណូលបា ក្រៅពីធ្វើស្រែ ចម្ការ»៕