ភ្នំពេញៈ អង្គការអាន់​ហ្វ្រែល​ (Anfrel) ​ដែល​ជាអង្គការឃ្លាំ​មើល​ការ​បោះឆ្នោត​ថ្នាក់​​តំបន់​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុកចំនួន​ពីរ​​ ដែល​ថា អង្គការ​នេះ ​កំពុង​​រៀប​ចំ​ផែន​ការលូក​លាន់​ក្នុង​កិច្ច​ការ​បោះ​ឆ្នោត​​​ នា​ខែ​កក្កដា​ខាង​មុខ​។

អង្គការ​​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ​ កំពុង​ប្រតិកម្ម​ទៅ​នឹង​លិខិត​មួយ ​​​ដែល​សរសេរ​ទៅ​ការីនិពន្ធ​​​ដែល​ចុះ​ផ្សាយ​​នៅ​​លើ​សារព័ត៌មាន Fresh News និង​ Swift News ​ដែល​សរសេរ​ដោយ​ «​ពល​ ពាន​រិន្ទ» ​ដែល​អះ​អាង​ថា លោក គល់ បញ្ញា ប្រធាន​អង្គការ​ Anfrel ​កំពុង​ព្យាយាម​បង្ទុច​បង្អាក់​​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ​ខណៈ​ការ​ជ្រើស​រើស​លោក​​​ទៅ​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​ Anfrel គឺ​ជា​ការ​ផ្តល់​រង្វាន់​​​ ចំពោះ​​ការ​ជ្រៀត​ជ្រែកនៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​​ កាល​ពី​ពេល​មុនៗ​ របស់​លោក​។

លិខិត​នេះ​ បាន​ចុះ​ផ្សាយ​ ជា​ការ​ប្រតិកម្ម​ទៅ​នឹង​​បទ​​សម្ភាស​មួយ​​ នៅ​វិទ្យុ​អាស៊ី​សេរី​ ដែល​លោក បញ្ញា ​កាល​ពី​ចុង​សប្តាហ៍​មុន​ ​បាន​ចោទ​សួរ​ អំពី​ភាព​ស្រប​ច្បាប់​នៃ​​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​។

អង្គការ​ Anfrel ​​បាន​ថ្លែង​ថា ​អត្ថបទ​នេះ ​គឺ​ជា​ការ​លើកឡើង​ខុស ​អំពី​​អង្គការ​ ​ហើយ​ថា ការ​អះ​អាង​ដែល​ថា អង្គការ​កំពុង​ចូល​រួម​​នៅ​ក្នុង​សម្ព័ន្ធ​​តាម​​ដាន​ការ​​បោះ​ឆ្នោត​ហៅ​​ «​បន្ទប់​​ស្ថានការណ៍​»​ គឺ​​មិន​ត្រឹម​ត្រូវ​។

​សេចក្តី​​ថ្លែង​ការណ៍​របស់​អង្គការ​បាន​លើក​ឡើង​ថា​៖ «​អង្គការ​ ANFREL ​មិន​ដឹង​អំពី​ការ​កើត​មាន​ ឬ​ពាក់​ព័ន្ធ​នៅ​ក្នុង​សកម្ម​ភាព​ណា​មួយ​​ ពាក់ព័ន្ធ​នឹង​បន្ទប់​ស្ថានការណ៍ ទេ​»។ «​តាង​នាម​ឲ្យ​អង្គការ​ផ្ទាល់ ​ក្រុម​ប្រឹក្សា​ភិបាល​របស់​អង្គការ​ ​​ឬ​​អង្គការ​សមាជិក​ណា​មួយ​​របស់​ខ្លួន អង្គការ​ ANFREL ​សូម​បដិសេធ​ថា អង្គការ​​មិន​បាន​ពាក់​ព័ន្ធ​​នៅ​ក្នុង​ផែន​ការ​​​​បន្ទុច​បង្អាក់​​​ ដំណើរ​ការ​​បោះ​ឆ្នោត ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​»។

«បន្ទប់​ស្ថានការណ៍​»ជា​​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ប្រមាណ​ ៣០ ​អង្គការ​ ដែល​ដឹកនាំ​ដោយ​​អង្គការ​​ឃ្លាំ​មើលការ​បោះ​ឆ្នោត​ ខុម​ហ្វ្រែល​ ​ដើម្បី​​តាម​ដាន​ការ​បោះ​ឆ្នោត ​​ក្នុង​ប្រទេស​កម្ពុជា។ ​​​វា​ត្រូវ​បាន​រិះ​គន់​ដោយ​​​រដ្ឋា​ភិបាល​​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​។

អង្គការ​ Anfrel បាន​ថ្លែង​ថា អង្គការ​​ស្វាគមន៍​​ សំណើ​សុំ​សម្ភាស​​ណា​មួយ​ ពី​​សារព័ត៌​មាន​ទាំង​ពីរ​ខាងលើ ដែល​ជា​សារព័ត៌​មាន​តាម​អន​ឡាញ​ ខណៈ​អង្គការ​​មិន​ត្រូវ​បាន​​​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ ​ពី​មុន​ពេល​ការ​​​ចុះ​ផ្សាយ​៕ PS ​​