ភ្នំពេញៈ ​អង្គ​ការ​សកម្ម​ភាព​ដើម្បី​កុមារ (APLE) ដាក់​ឲ្យ​ប្រើ​ប្រាស់​បន្ទប់​សម្ភាស​ន៍តា​ម​បែប​កុមារ​មេត្រី​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនី​តិ​ជន​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កំពត​ ដើម្បី​ជួយ​សម្រួល​ដំណើរ​ការ​នៃ​ការសម្ភាសជា​មួយ​នឹង​កុមារ​ដែល​អាច​ទទួលរ​ង​គ្រោះ​ពី​អំពើ​រំលោភ បំពាន ​និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ផ្សេងៗ​។ យោង​តាម​សេច​ក្តី​ប្រកាស​របស់​អង្គ​ការ​នេះចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​សុក្រ។

សេចក្ដី​ប្រ​កាស​ព័ត៌មាន​ដដែល​នេះ​បាន​ដឹង​ថា​ ការបង្កើត​បន្ទប់​នេះ​ឡើង​ ​នឹង​ធ្វើ​ឲ្យ​កុមារ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ​ចៀស​វាង​កា​រ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ជា​ថ្មី ​នៅ​ពេល​ពួក​គេ​ចូល​ដល់​បន្ទប់​បែប​បច្ចេក​ទេស​នេះ​ផងដែរ។​

សេច​ក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​​ថា​៖​ ​«​បន្ទប់​កុមារ​មេត្រី​នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​ដែល​ត្រូវបាន​បង្កើត​ឡើង​នៅ​តាម​បណ្តា​ខេត្ត​នានា​មួយ​ចំនួន​រួច​មក​ហើយ​ ដែល​វា​ជា​ចំណែក​មួយ​នៃ​កម្ម​វិធី​អភិ​វឌ្ឍន៍​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្មទណ្ឌ​ ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ អាជ្ញា​ធរ​ប៉ូលិស​ជាតិ​ក្នុង​ការ​លើក​កម្ពស់​ ការ​អនុ​វត្ដ ​ជិត​ស្និទ្ធ​ ដែល​មាន​ស្តង់​ដា​ ក្នុង​អំឡុង​ពេល​ស៊ើបអង្កេត»។​

លោក​ ខឹម​ វ៉ាន​ដូ​ អ្នក​ឯកទេស​ ការពារ​កុមារ​ នៃ​អង្គការ​ APLE បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ កន្លង​ទៅ​ អង្គការ​ បាន​បង្កើត​បន្ទប់​សម្ភាសន៍​បែប​កុមារ​មេត្រី​នេះ​ចំនួន ​៣ ​រួច​មក​ហើយ​ គឺ​ទី១ ​នៅ​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនី​តិ​ជន​នៃ​អគ្គស្នង​ការ​នគរ​បាល​ជាតិ និងទី២​ នៅ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការពារ​អនីតិ​ជន​នៅ​ខេត្ត​សៀមរាប​ និង​ខេត្ត​កណ្តាល។

ការ​បង្កើត​បន្ទប់​កុមារ​មេត្រី​បន្ថែម​ទៀត​នេះ​ គឺ​ជា​មធ្យោ​បាយ​ផ្តល់​ភាព​ងាយ​ស្រួល​ ដល់​អាជ្ញាធរ​ខេត្ត​នេះ ​ជា​ពិសេស​ ផ្តល់​ការ​ជឿ​ទុ​ក​ចិត្ត​ដល់​កុមារ​រ​ង​គ្រោះ​បន្ថែម​ទៀត។​

លោក ​ខឹម​ វ៉ាន​ដូ ​ថ្លែង​ថា​៖​ «​តាម​បទ​ពិសោធ​ដែល​យើង​ធ្វើ​ការ​ជា​មួយ​នគរ​បាល​កន្លង​មក​ គាត់​មិន​មាន​បន្ទប់​សម្ភាសន៍​​បែប​កុមារ​មេត្រី​ទេ ​ប៉ុន្តែ​នគរ​បាល​មួយ​ចំនួន​ បាន​អនុវត្ត​តាម​នីតិ​វិធី​ដែល​គាត់​ផ្តោត​ទៅ​លើ​ភាព​ឯក​ជន​របស់​កុមា​រដែរ។​ ប៉ុន្តែ​ជា​ការ​ពិត​បន្ទប់បែប​កុមារ​មេត្រី​គឺ​យើង​គិត​គូរ​ខ្ពស់​បំផុត ​ទៅ​ដល់​ឧ​ត្ត​ម​ប្រយោ​ជ​ន៍​របស់​កុមារ​ ហើយ​យើង​រៀបចំ​នេះ គឺ​ទៅ​តាម​ស្តង់ដា​តាម​បែប​អ្នក​ជំនាញ»។

លោក​ថ្លែង​ថា ​ជា​រួម​បន្ទប់​សម្ភាសន៍​តាម​បែប​កុមារ​មេ​ត្រី​ ​គឺ​ជា​បន្ទប់​មួយ​ដាច់​ដោយ​ឡែ​ក​ សម្រាប់​តែ​កុមារ​ដែល​រង​គ្រោះ​តែ​ប៉ុណ្ណោះ ​ហើយ​វា​មាន​បំពាក់​ឧប​ករណ៍​នា​នា​មួ​យ​ចំនួន​ ​ដោយ​ធានា​ថា​ ​ការ​និយាយ​របស់​កុមារ​ ​គឺ​ត្រូវ​ទុក​ជា​កា​រសម្ងាត់ ហើយ​មិន​មាន​ការ​រំខាន​ពី​ភាគី​ដ​ទៃ​នៅ​ពេ​ល​កុមារ​រ​ង​គ្រោះ ​នៅ​ក្នុង​បន្ទប់​នេះ។​

លោក​ ម៉ៅ ​ចាន់​ម៉ា​ធុ​រិ​ទ្ធ ​ស្នងការ​នគរ​បាល​ខេត្ត​កំពត ​បាន​អះ​អាង​ថា​បន្ទ​ប់​សម្ភាសន៍បែប​​កុមារ​មេ​ត្រី​នេះ​ដែរ​ថា​ វា​ពិត​ជា​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ ក្នុ​ង​ការ​ព​ន្លឿ​ន​នីតិ​វិធី​នៃ​ការ​ស៊ើបអង្កេត​ ហើយ​ក៏​ចូល​រួម​ជួយ​ដល់​ជន​រង​គ្រោះ​ផងដែរ។​

​លោក​​បញ្ជាក់​ថា​៖​ ​«​យើង​រៀប​ចំនេះ ​មាន​សារៈ​សំខាន់​ល្អ​ ព្រោះ​កុមារ ​(រងគ្រោះ)​ ពេល​ដែល​យើង​យក​គាត់​មក​ដល់​បន្ទប់​នេះ ​ធ្វើ​ឲ្យ​គាត់​បាន​សម្រួល​អារម្មណ៍ ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌​មាន​អីផ្សេងៗ​ពី​កុមារ» ។

លោក​ វ៉ាន​ដូ ​ថ្លែង​ថា​ បន្ទប់​បែប​នេះ​នឹង​ធ្វើ​បន្ត​នៅខេត្ត​បាត់​ដំបង​ ​បន្ទាយមាន​ជ័យ ​កំពង់ចាម​ជាដើម៕