តាកែវៈ អង្គការ Birdlife International-Cambodia បានរួម​សហការ​ជាមួយ​ប្រជាកសិករ​នៅ​ភូមិ​ដី​លើក ឃុំ​ជោគជ័យ ស្រុក​បុរីជលសា ខេត្ត​តាកែវ​បាន​បើក​យុទ្ធនាការ​កាប់បំផ្លាញ​ដើម​ព្រះខ្លប​យក្ស ឬ​ដើម​បន្លា​អ៊ូយ៉ាស់​ដែល​ជា​រុក្ខជាតិ​ «​ចង្រៃ​» ​ចេញ​ពី​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង ​ជីវចម្រុះ​ក្នុង​តំបន់​នោះ​។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២១ ​មករា ថា​ដើម​ព្រះខ្លប​យក្ស ឬ ដើម​បន្លា​អ៊ូយ៉ាស់​មាន​ប្រភពពី​ព្រៃ Amazon ក្នុង​ទ្វីបអាមេរិក​ឡាទីន​បាននិង​កំពុង​បង្ក​នូវ​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​នៅ​កម្ពុជា​ ​និង​បាន​បង្ក​ការរំខាន​ទាំង​ពេលវេលា និង​ថវិកា​របស់​កសិករ និង​ប្រជានេសាទ​ផងដែរ​។

លោក វរសក្ស បាន​បន្តថា​៖ «​វា [​ព្រះខ្លប​យក្ស​] ជា​រុក្ខជាតិ​ទន្ទ្រាន​ដ៏មហាចង្រៃ ព្រោះ​វា​ជា​ប្រភេទ​រុក្ខជាតិ​ដែល​បំផ្លាញ​ដល់​ពពួកសត្វ​ និង​រុក្ខជាតិ​ដែល​រស់នៅក្នុង​ទឹក និង​លើគោក​មួយចំនួន​។ វា​មាន​ភាព​បន្សាំ​ទៅ​​គ្រប់​ស្ថានភាព​នៃ​តំបន់​ និង​អាកាសធាតុ​ដោយសារ​ឫស​របស់​វា​មាន​កម្លាំង​ខ្លាំង​»​។

លោក​បាន​បន្តថា ដោយ​ពិនិត្យឃើញ​រុក្ខជាតិ​នេះ​បង្ក​នូវ​ហានិភ័យ​ខ្ពស់​ទើប​អង្គការ​ Birdlife International-Cambodia បាន​បង្កើត​កម្មវិធី​មួយ​ដើម្បី​កម្ចាត់​រុក្ខជាតិ​នេះ​ចោល​ដោយ​បើក​យុទ្ធនាការ​ក្នុង​ ១ ​ឆ្នាំ​ ២ ​ដង​គឺ​មុន​ទឹក​ឡើង​ម្ដង និង​ក្រោយ​ទឹកសម្រក​ម្ដង​។

លោក​បាន​បន្តថា ការអនុវត្ត​យុទ្ធនាការ​នេះ​ក្រុមការងារ​បាន​​ប្រើ​វិធី​កាប់​ដើម​ពន្លិចទឹក និង​កាត់​ផ្លែ​វា​ច្រក​ថង់​យកមក​ដុតចោល​​ក្នុង​រណ្ដៅ​ជម្រៅ​ ១ ​ម៉ែត្រ ហើយ​កាយ​ដី​លុប​វិញ​ក្រោយ​ដុត​រួច​។

បើ​តាម​លោក វរសក្ស នេះ​ជា​ឆ្នាំ​ទី​ ៤ ​ហើយ​ដែល​ក្រុម​ការងារ​របស់លោក​បាន​សហការ​ជាមួយ​សហគមន៍​ក្នុងស្រុក​បុរីជលសា អនុវត្ត​នូវ​វិធានការ​នេះ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​។ ​យុទ្ធនាការ​រដូវ​ទឹកសម្រក​ឆ្នាំនេះ បាន​ធ្វើ​ឡើង​ ៤ ​ថ្ងៃ​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១៥ ដល់​ថ្ងៃទី​ ១៩ ​ខែ​មករា​ កន្លង​ទៅ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​យើង​បាន​ពិនិត្យ​ឃើញ​ថា ដើម​ព្រះខ្លបយក្ស ឬ​បន្លា​អ៊ូយ៉ាស់​ប្រមាណ​ ៧៥ ​ភាគរយ​ ត្រូវ​បាន​ងាប់​បន្ទាប់ពី​កាប់​រួចហើយ​ ២៥ ​ភាគរយ​ទៀត ​បាន​លូតលាស់​ឡើងវិញ​»​។

ពុំទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់បាន​ថា ដើម​បន្លា​អ៊ូយ៉ាស់​នេះ​បាន​មក​ដុះ​នៅ​កម្ពុជា​​តាំងពី​ពេលណា​ ឬ​ដោយ​មធ្យោបាយ​អ្វី​នោះទេ​។ ប៉ុន្តែ​បើ​តាម​លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) រុក្ខជាតិ​ទន្ទ្រាន​នេះ​ទំនង​ជា​ត្រូវបាន​ហូរ​មក​តាម​ទឹកទន្លេ​មេគង្គ​។

លោក​ថ្លែងថា​៖ «​គ្រាប់​រុក្ខជាតិ​នេះ​អាច​មាន​លទ្ធភាព​រក្សា​នូវ​ដំណុះ​របស់​វា​បានយូរ​ជាង​ ១០ ​ដង បើ​ធៀប​ទៅ​នឹង​រុក្ខជាតិ​ដទៃទៀត​ក្នុង​តំបន់​»​។

លោក​បាន​បន្តថា ដោយសារ​រុក្ខជាតិ​នេះ​មាន​ភាពស៊ាំ​ទៅគ្រប់​​ស្ថានភាព​នៃ​តំបន់ និង​អាកាសធាតុ​ មកទល់​ពេលនេះ​គេ​នៅ​ពុំទាន់​រក​វិធានការ​សមស្រប​​ណាមួយ​នៅក្នុង​ការកម្ចាត់ ឬ បញ្ឈប់​សកម្មភាព​របស់​វា​កុំ​ឲ្យ​​បន្ត​ពង្រីក​វិសាលភាព​ទៅកាន់​តំបន់​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​នោះទេ​។

លោក ម៉េង មុនីរក្ស ប្រធាន​នាយកដ្ឋាន​ជីវចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា កន្លងមក​ក្រសួង​បរិស្ថាន​បាន​សាកល្បង​នូវ​វិធីសាស្ត្រ​​ចំនួន​ ៣ ​រួមមាន វិធីសាស្ត្រ​រូបសាស្ត្រ មេកានិច​ និង​គីមី ប៉ុន្តែ​នៅតែ​មិន​អាច​បំផ្លាញ​នូវ​រុក្ខជាតិ​ចង្រៃ​នេះ​ឲ្យ​អស់ពី​ក្នុង​តំបន់​ស្នូល​ជុំវិញ​បឹង​ទន្លេសាប​ឡើយ ដោយសារ​គ្រាប់​របស់​វា​បាន​ហូរ​ពី​តំបន់​ខាង​លើ​នៃ​តំបន់​ស្នូល​ជុំវិញ​បឹង​ទន្លេសាប និង​​តាម​លំហូរ​ទឹក​ពី​ទន្លេមេគង្គ​។

លោក មុនីរក្ស បាន​និយាយថា​៖ «​រហូត​មក​ទល់​ពេលនេះ យើង​នៅតែ​មាន​ក្ដីកង្វល់​អំពី​ការរីក​សាយ​នៃ​ដើម​ព្រះខ្លប​យក្ស ឬ បន្លា​អ៊ូយ៉ាស់​នេះ​ក្នុង​តំបន់​ស្នូល​នៃ​ទំនាប​បឹង​ទន្លេសាប​របស់​យើង ព្រោះ​ក្រៅពី​បង្ក​ការខូចខាត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ វា​ក៏​នឹង​បំផ្លាញ​ដល់​ទីជម្រក​ និង​ចំណី​អាហារ​សម្រាប់​មច្ឆជាតិ​របស់​យើង​ផងដែរ​»​។

យោងតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​ជំនាញការ​បរិស្ថាន ក្នុង​ឆ្នាំ​ ២០០៩ ដើម​ព្រះខ្លបយក្ស ឬ​បន្លាអ៊ូយ៉ាស់​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​​ចំនួន​ប្រមាណ ២០ ​ភាគរយ​ក្នុង​តំបន់​ស្នូល​នៃ​វាលទំនាប​ជុំវិញ​បឹង​ទន្លេសាប​៕