តាកែវ: អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ (Birdlife) ​ប្រចាំ​កម្ពុជា​បាន​សាកល្បង​គម្រោង​ប្រវាស់​ពូជ​ក្របី​ញី​ឱ្យ​កសិករ​ចិញ្ចឹម ដើម្បី​បញ្ឈប់​មុខរបរ​បរបាញ់​សត្វ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ក្នុង​ស្រុក​កោះអណ្ដែត និង​ស្រុក​បុរីជលសារ ខេត្ត​តាកែវ ជាមួយ​នឹង​ការអំពាវនាវ​ឱ្យមាន​ការចូលរួម​ថែរក្សា​សត្វ​ស្លាប​ក្នុង​តំបន់​នេះ​ឱ្យ​សម្បូរបែប​ឡើងវិញ​។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​នៃ​អង្គការ​ (Birdlife) ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នេះ​ជា​ការសាកល្បង​ក្នុង​ជំហាន​ទី​១ ដោយ​ចាប់ផ្ដើម​ប្រវាស់​ពូជ​ក្របី​ញី​ ៥ ​ក្បាល ​ជូន​កសិករ​ ១ ​គ្រួសារ ​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ក្នុង​ទិសដៅ​ផ្សារភ្ជាប់​ការលើកកម្ពស់​ជីវភាព​សហគមន៍​ជាមួយ​នឹង​ការអភិរក្ស​សត្វ​ក្រៀល​នៅក្នុង​តំបន់​នេះ​។

លោក​បន្តថា តាមរយៈ​ការប្រវាស់​ពូជ​ក្របី​ជូន​កសិករ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការទន្ទ្រាន ការដាក់​សម្ពាធ​ទៅលើ​ធនធានដ្ឋាន​។ ​គម្រោង​នេះ​ក៏បាន​ធ្វើឱ្យ​ពួកគាត់​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ពិសេស​សត្វ​ក្របី​ក៏មាន​​តួនាទី​សំខាន់​ក្នុង​ការទន្ទ្រាន​លើ​វាលស្មៅ​ធ្វើឱ្យ​រុក្ខជាតិ​នៅ​តំបន់​វាលស្មៅ​មិន​ក្រាស់​ពេក ហើយ​ក្លាយ​ជា​ជម្រក​ដ៏ល្អ​សម្រាប់​សត្វ​ក្រៀល​រស់នៅ​។

លោក ប៊ូ វរសក្ស បញ្ជាក់ថា​៖ «​ប្រជាកសិករ​ដែល​យល់​ព្រម​អនុវត្ត​គម្រោង​សាកល្បង​នេះ​នឹង​ទទួលបាន​ក្របី​មេ​ចំនួន ៥ ​ក្បាល​ សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ ហើយ​ពួកគាត់​អាច​ទទួល​បាន​ផល​ ៦០ ​ភាគរយ​ពី​គម្រោង ហើយ​ ៤០ ​ភាគរយ​ទៀត​សម្រាប់​អង្គការ​យក​ទៅ​ពង្រីក​គម្រោង​ថ្មីៗ​បន្ថែមទៀត​»​។

លោក​ថា បើទោះ​ជា​គម្រោង​នេះ​មិនទាន់​ផ្គត់ផ្គង់​សត្វ​ក្របី​ឱ្យ​បាន​ច្រើន​គ្រួសារ​ក៏ដោយ ប៉ុន្ដែ​កំពុង​សាកល្បង​នៅឡើយ​។ ប្រសិន​បើ​គម្រោង​នេះ​បាន​ជោគជ័យ អង្គការ​លោក​នឹង​ពង្រីក​គម្រោង​ឱ្យ​កាន់តែ​ទូលំទូលាយ ហើយ​ប្រសិន​បើ​មាន​សប្បុរសជន ឬ​ម្ចាស់ជំនួយ​នានា​ចាប់អារម្មណ៍​អាច​ទាក់ទង​​ទៅ​អង្គការ​ដើម្បី​សហការ​គ្នា​។

លោក អ៊ីម សុខាន់ អាយុ​ ៤៦ ​ឆ្នាំ​ រស់នៅ​ភូមិ​ដី​លើក​ឃុំ​ជ័យជោគ ស្រុក​បុរីជលសារ ខេត្ត​តាកែវ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា គ្រួសារ​លោក​បាន​ចូលរួម​ជាមួយ​គម្រោង​នេះ ដោយ​​ទទួល​ប្រវាស់​ក្របី​ញីៗ​ចំនួន​ ៥ ​ក្បាល ដើម្បី​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។ លោក​សប្បាយ​រីករាយ​ចំពោះ​គម្រោង​នេះ​ដែល​អាចជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

លោក​បន្ដថា ប្រសិន​បើ​ទទួលបាន​ផល​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ភាគលាភ​នឹងត្រូវ​បែងចែក​ជូន​លោក​ ៦០ ​ភាគរយ ​ហើយ​ ៤០ ​ភាគរយ​ទៀត អង្គការ Birdlife ត្រូវ​យកទៅ​ពង្រីក​គម្រោង​បន្ថែមទៀត​។ ​យ៉ាងណា​ក្ដី​លោក​ក៏​ចង់ឱ្យ​អង្គការ​បន្ថែម​គម្រោង​នេះ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​​នៅក្នុង​តំបន់​ទេសភាព​នេះ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក ខ្ញុំ​មិនដែល​បាន​ធ្វើ​ការងារ​អ្វី​ជាមួយ​ស្ថាប័ន​ណា​ទេ គឺ​ធ្វើ​ស្រែចម្ការ​ធម្មតា ហើយ​ពេល​ចប់​រដូវ​ធ្វើស្រែ ក៏​ដើរ​បរបាញ់​សត្វ តែ​ឥឡូវ​នេះ​ខ្ញុំ​ឈប់​បាញ់​សត្វ​ហើយ ហើយ​ខ្ញុំ​ងាក​មកជួយ​អភិរក្ស​សត្វ​ក្នុង​សហគមន៍​ខ្ញុំ​វិញ ព្រោះ​មាន​ការណែនាំ​ពី​អង្គការ ពី​អាជ្ញាធរ​ជាដើម អ៊ីចឹង​ធ្វើឱ្យ​ខ្ញុំ​ឈប់​បរបាញ់​សត្វ​។ ជា​រៀងរាល់​សប្ដាហ៍ ខ្ញុំ​តែងតែ​ចូលរួម​ដើរល្បាត​ជាមួយ​អង្គការ និង​សហគមន៍ ដើម្បី​ថែរក្សា​សត្វ​ស្លាប​ក្នុង​តំបន់​យើង​នេះ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ឈប់​បាញ់​សត្វព្រៃ​ងាក​មកជួយ​អភិរក្ស​ទាំងអស់​គ្នា​វិញ​»៕