ភ្នំពេញៈ អង្គការ HWPL បាន​លើកឡើង​ថា ជំងឺ​កូវីដ ១៩ បាន​បង្ក​ឲ្យ​មាន​ការរើសអើង និង​ការស្អប់ខ្ពើម​ដែល​គ្មាន​មូលដ្ឋាន ខណៈ​ជំងឺ​រាតត្បាត​នេះ​បាន​ឆ្លង​ផុតពី​ការទទួល​ខុសត្រូវ​របស់​ក្រុម​សាសនា​ភាគតិច​នៅ​ប្រទេស​ជាច្រើន​ដែល​ងាយ​រងគ្រោះ​ក្នុង​នោះ​ក៏មាន​កម្ពុជា​ផងដែរ​តែ​កម្ពុជា​បដិសេធ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ Heavenly Culture, World Peace, Restoration of Light (HWPL), ដែល​បាន​ផ្ញើ​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុង​សប្តាហ៍​មុន​ឲ្យ​ដឹងថា នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌា​ គឺ​មិនអាច​ចៀសផុត​ហើយ​វា​នៅតែ​បន្ត​មាន​ការស្អប់ខ្ពើម​ទៅ​កាន់​អ្នក​កាន់សាសនា​អ៊ិស្លាម​ដែល​ជា​សាសនា​ជនជាតិ​ភាគតិច​។

អង្គការ HWPL ដែលជា​អង្គការ​សន្តិភាព​អន្តរជាតិ​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​សន្តិភាព និង​បញ្ឈប់​សង្គ្រាម​មួយ​នេះ​បាន​លើកឡើង​បន្តថា ជនជាតិ​ខ្មែរ​អ៊ិស្លាម​ដែល​បាន​វិល​ត្រឡប់មក​ប្រទេស​កំណើត​វិញ បន្ទាប់ពី​បាន​ចូលរួម​ព្រឹត្តិការណ៍​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែមីនា​ បាន​ក្លាយជា​គោលដៅ​នៃ​ការប្រុងប្រយ័ត្ន​ក្នុង​ចំណោម​ពលរដ្ឋ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​។ ហេតុការណ៍​ដូចគ្នា​នេះ​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើតឡើង​នៅ​សាសនា​មួយចំនួន​នៅ​ប្រទេស ឥណ្ឌា និង​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។

HWPL បាន​សង្កត់ធ្ងន់​ថា​៖ «​មាន​ហេតុការណ៍​កើតឡើង​ជាក់ស្តែង នៅពេល​ដែល​គេ​បានដឹងថា មនុស្ស​ដែល​កំពុង​សន្ទនា​ជាមួយ​គេ​ជា​អ្នក​មូស្លីម នោះគេ​ក៏​យក​ម៉ាស់​ពាក់​យ៉ាង​ប្រញាប់ ឬ​មិន​លក់​ផលិតផល​ឲ្យ​ព្រម​ទាំង​ស្នើសុំ​ឲ្យ​ចាកចេញ​ពី​ហាង​ដោយសារ​មាន​ការព្រួយបារម្ភ​អំពី​ការឆ្លង​ជំងឺ​កូវីដ ១៩ »​។

តាម HWPL យោងតាម​ស្ថាប័ន​យុត្តិធម៌ និង​សិទ្ធិមនុស្ស​ខាង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួមទាំង​សហគមន៍​សាសនា​នៅ​ជុំវិញ​ពិភពលោក​បាន​ដាក់​បញ្ជី​នៅ​ឆ្នាំ​ ២០២០ ​នេះ​ដោយ​បាន​បង្ហាញ​ពី​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការរើសអើង​យ៉ាង​ធ្ងន់ធ្ងរ​ជាង ៦ ០០០ ​ករណី​ដែល​បាន​កើតឡើង​តាម​រូបភាព សម្លុត និង​ការបណ្តេញ​ចេញពី​កន្លែងធ្វើការ ចំពោះ​សមាជិក​ព្រះវិហារ​ស៊ីនឆន់ជី​។

កញ្ញា Yujin អ្នក​សម្របសម្រួល​នៃ​អង្គការ HWPL (coordinator of public relation of HWPL ) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ដែល​ជា​វិបត្តិ​នៅក្នុង​ពិភពលោក​ប្រសិនបើ​មាន​ការរើសអើង និង​ការស្អប់ខ្ពើម​គ្មាន​មូលដ្ឋាន វា​អាច​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ កញ្ញា បន្តថា ក្នុង​ចំណោម​ជនរងគ្រោះ​នៃ​ការរើសអើង និង​ការស្អប់ខ្ពើម​ដែល​គ្មាន​មូលដ្ឋាន​នៃ​ជំនឿ​សាសនា ពិសេស​សមាជិក​នៃ​ស៊ីន​ឆន់ជី​ក៏​បាន​ទទួលរង​នូវ​ការផ្លាស់ប្តូរ​សាសនា​ដោយ​បង្ខំ​ទៀតផង​។

កញ្ញា​បញ្ជាក់​ថា​៖ «​មនុស្ស​ដែល​បាន​ឆ្លង​នូវ​ជំងឺ​នេះ សូម្បីតែ​ពួកគេ​បានជា​សះស្បើយ​ទាំងស្រុង​ក៏ដោយ ក៏​មនុស្ស​ទូទៅ​ចាត់ទុក​ពួកគេ​ថា "​អ្នក​ឆ្លង​នៃ​ជំងឺ​កូវីដ ១៩" ដែរ​។ ដូច្នេះ​ពួកគេ​ទទួលរង​នូវ​ការឈឺចាប់​ទាំង​ខាង​ផ្លូវចិត្ត និង​រាងកាយ​។ មាន​ករណី​ស្លាប់ ដោយសារ​តែ​អំពើហិង្សា និង​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន​បាន​កើតឡើង ដោយសារ​តែ​បញ្ហា​នេះ​ដែល​យើង​គួរតែ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា​តែ​ ១ ​មុខ​តែ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិនគួរ​ឲ្យ​មាន​ការរើសអើង​ដោយ​គ្មាន​មូលដ្ឋាន និង​ការស្អប់ខ្ពើម​នេះ​កើត​មាន​បន្តទៀត​នោះទេ​»​។

លោក​ សេង សុមុនី ​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការរើសអើង និង​ការស្អប់ខ្ពើម​ដែល​គ្មាន​មូលដ្ឋាន ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ គឺ​មិន​មាន​នៅ​កម្ពុជា​នោះទេ​។

លោក​លើកឡើង​ថា នៅ​ប្រទេស​ដទៃ​អាច​នឹងមាន​ករណី​បែប​នេះ​កើតឡើង តែ​ចំពោះ​កម្ពុជា​គឺ​មិនមាន​នោះទេ​។ លោក​អះអាង​ថា​៖ «​កម្ពុជា​របស់​យើង​គឺ​មិនមាន​ការរើសអើង​នោះទេ ករណី​ដែល​បាន​លើក​ឡើង​បញ្ហា​ខ្មែរ​មូស្លីម​នេះ​។ នេះ​មិន​ចាត់ទុក​ថា ជា​ការរើសអើង​នោះទេ ព្រោះ​អ្នក​ឆ្លង​ទាំងអស់​គឺ​សុទ្ធតែ​ជា​ខ្មែរ​។ ប្រទេស​ដទៃ គេ​មាន​ការគ្រប់គ្រង​បែប​ប្រទេស​គេ​ផ្សេង ហើយ​បើ​ប្រទេស​យើង គឺ​មិន​មាន​ផលប៉ះពាល់​ទៅនឹង​ការរើសអើង​សាសនា​បែបនេះ​ទេ​បាទ​»​។

ក្រៅពី​អះអាង​យ៉ាង​ដូច្នេះ​លោក សេង សុមុនី បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​មាន​ការរើសអើង ឬ​ស្អប់ខ្ពើម​ចំពោះ​អ្នក​ដែល​កាន់​សាសនា​នានា​នោះទេ ដោយ​ងាក​មក​ប្រតិបត្តិ​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​ ១៩​ ទៅ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទាំងអស់​គ្នា​៕