ភ្នំពេញៈអង្គ​ការ​អភិវ​ឌ្ឍន៍​អន្តរ​ជាតិ​រួម (IDI) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​តុលា​ការ​ថៃ​បាន​ទទួល​យក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ដោយ​ជន​រង​គ្រោះ​ដីធ្លី​ខ្មែរ​ នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករស Mitr Phol រួច​ហើយ​ ប៉ុន្តែ​តុលា​ការ​បាន​បង្គាប់​ឱ្យ​​ភាគី​ទាំង​២​សម្រុះ​សម្រួល​គ្នា​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍នេះ​មុន​ពេល​សម្រេច​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ ។

អង្គ​ការ IDI បាន​ថ្លែង​ថា ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន Mitr Phol ដែល​រួម​មាន​ទាំង​ក្រុម​ហ៊ុន Angkor Sugar Company ផង​ដែរ​នោះបាន​ប​ណ្តេញ​កសិករ​ខ្មែរ​ជាង ៧ ០០០ ​គ្រួសារ​ចេញ​ពី​ដី​កសិ​កម្ម​របស់​ពួកគេ​ចំនួន​ ៩ ៤៣០​ ហិក​តា​ចន្លោះ​ពី​ឆ្នាំ ​២​០​០​៨ ​និង ២០០៩ ។

លោក David Pred នាយក​ប្រតិ​បត្តិ​របស់​អង្គការ​ IDI បាន​និយាយ​ថា ​ក្រុម​ហ៊ុន​ធំៗ ដូច​ជា​ ក្រុម​ហ៊ុន Nestle, Coca-Cola, Pepsi និងMars គឺ​ជា​អ្នក​បញ្ជា​ទិញ​ធំ​ផុត​នូវ​ផលិត​ផល​របស់​ក្រុម​ហ៊ុន Mitr Phol។

លោក​បន្ត​ថា៖ «កេរ្តិ៍​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ទាំង​នោះ​ក៏​ទៅ​តាម​ហ្នឹង​ដែរ​។

លោក​បន្ថែម​ថា៖​«ជន​រង​គ្រោះ​កម្ពុជា ​បាន​រង់​ចាំ​យុត្តិ​ធម៌​អស់​រយៈ​ពេល​ពេល​មួយ​ទសវ​ត្សរ៍​មក​ហើយ ​ហើយ​ប្រសិន​បើ​ក្រុម​ហ៊ុន Mitr Phol មិន​ធ្វើ​តាម​រយៈ​ការ​សម្រប​សម្រួល​ទាំង​នេះ​ទេ​នោះ ក្រុម​ហ៊ុន​យីហោ​ល្បីៗ ​ទាំង​នោះ​គួរ​កាត់​ផ្តាច់​កិច្ច​សន្យា​ផ្គត់​ផ្គង់​របស់​ខ្លួន​ជា​បន្ទាន់​ ជា​មួយ​ក្រុម​ហ៊ុន​នេះ។ ការ​ខក​ខាន​មិន​បាន​ដោះ​ស្រាយ​អស់​រយៈ​ជាច្រើន​ឆ្នាំ​បែបនេះ វា​បាន​ធ្វើ​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ចំពោះ​ប្រភព​នៃ​ការ​ទទួល​ខុស​ត្រូវ​គឺ​គ្មាន​ន័យ​ទាល់​តែ​សោះ​»។

លោក​ អៀង​ វុទ្ធី ​នាយក​ប្រតិ​បត្តិ​អង្គការ​សម​ធម៌​កម្ពុជា (EC) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ផ្សេង​ទៀត​ដែល​បាន​ជួយ​ក្នុង​រឿង​ក្តី​នេះ​បាន​បញ្ជាក់​ថា​ លោក​មិន​មាន​ព័ត៌​មាន​អំពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ករណីនេះ​ទេ ចំណែក​លោក ​David Pred មិន​អាច​ទាក់​ទង​ដើម្បី​សុំ​​បំភ្លឺ​បន្ថែម​បាន​ទេនៅថ្ងៃទី ៦ កញ្ញា​នេះ​​។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ ហួយ​ ឈួ​យ ​ដែល​រង​ផល​ប៉ះ​ពាល់​រស់នៅ​ភូមិ​អូរបាត់​មាន់​បាន​ឱ្យ​ដឹង​នៅថ្ងៃទី៧ក​ញ្ញានេះ​ថា ​រូបគាត់​និង​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​រង់ចាំ​សំណង​ពី​ក្រុម​ហ៊ុន​នេះ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ។

លោក​បាន​ថ្លែង​​ថា​ ក្រុម​ហ៊ុន Angkor Sugar Company បាន​ចូល​មក​ចាប់​យក​ដី​របស់​អ្នក​ភូមិ​ដែល​បាន​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់​ដីធ្លី​មិន​អាច​ធ្វើ​ស្រែ​​ចម្ការ​​បាន​នៅ​លើដី​របស់​ពួក​គេ​បាន​ទេ ហើយ​កូន​ចៅ​របស់​ពួក​គេ​ក៏​បាន​បោះ​បង់​ចោល​ការ​សិក្សា​ផង​ដែរ​។

លោក​បន្ត​ថា​៖«យើង​ដែលជា​អ្នក​ភូមិគឺ​ពួកយើង​មិន​សប្បាយ​ចិត្ត​ទេ ហើយ​បាន​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​សង​សំណង​ដល់​ពួក​យើង។ យើង​បាន​ដាក់​ពាក្យ​បណ្តឹង​ទាម​ទា​រ​សំណង​ដោយ​សា​តែ​យើង​មិន​អាច​ធ្វើ​ស្រែ​ចម្ការ​លើដីរ​បស់​យើង​បាន​។ពួកគេ​បាន​ធ្វើ​ឱ្យ​យើង​ធ្វើ​ចំណាក​ស្រុក ហើយ​ជំពាក់​បំណុល​ធនា​គារ»។

លោក​ ហួយ​ ឈួ​យ​ បន្ថែមថា​ នៅក្នុង​ភូមិ​អូរបាត់​មាន់​រដ្ឋា​ភិបាល​បាន​យល់ព្រម​ប្រគល់​ដី​ត្រឡប់​មក​វិញ​ដល់​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​ចំនួន​២១៤​គ្រួសារ​នៅ​ថ្ងៃ​ទី​៦​ខែ​សីហា​ឆ្នាំ២០១៨​ប៉ុន្តែ៩២គ្រួសារ​ទៀត​នៅ​ពុំ​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ​ក្នុង​ដំណាក់​ទី​មួយ​នេះ។

លោក គឹម​ គាវិន ប្រ​ធាន​​មន្ទី​រ​រៀប​ចំដែន​​ដី​ន​គរូប​នីយ​កម្ម​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​បាន​ឲ្យដឹង​នៅថ្ងៃ​ទី ៦​ កញ្ញា​នេះ​ថា​ អា​ជ្ញាធរ​បាន​ដោះស្រាយ​ដោយ​ផ្តល់​ដី​ឱ្យ​ពួក​គាត់​វិញ​គឺ​មិន​ត្រឹមតែ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំងផ្តល់​ឲ្យ​ដល់​គ្រួសារ​ដែល​មិនមាន​ដីធ្លី​ថែម​ទៀត​ផង។

លោក​ថ្លែង​ថា៖«យើង​បាន​យល់​ស្រប​ថា​ប្រសិន​បើ​អ្នក​ភូមិ​មិន​មាន​ដី​ទេនោះ​អាជ្ញា​ធរខេត្ត​នឹង​ផ្តល់​ដី​សម្ប​ទាន​សង្គម​កិច្ច​ដែល​មាន​ទំហំ២​ហិកតា​សម្រាប់​មួយ​គ្រួសារ។ តាម​ពិត​ទៅ​មាន​តែ ២១៤ គ្រួសារ​ ប៉ុណ្ណោះ​បានដាក់​ពាក្យ​បណ្តឹង​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ វាស់វែង​ដីធ្លី​ឲ្យ​ពួក​គាត់​ ពេល​នោះ​គ្រួសារ​ផ្សេង​ទៀត​បាន​និយាយថា​ពួកគេ​ក៏​រង​ផល​ប៉ះ​ពាល់​ដែរ ​ដូច្នេះ​ហើយ​តួលេខ​បាន​កើន​ឡើង​ដល់​ចំនួន​៤១២​គ្រួសារ​»៕ NS