ភ្នំពេញ៖ អង្គការ Norwegian People Aid (NPA) ប្រចាំ​កម្ពុជា​បាន​ផ្តល់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ១ ៦០០ ០០០ ដុល្លារ​អាមេរិក ដល់​អង្គការ​ស៊ីម៉ាក់​សម្រាប់​អនុវត្ត​គម្រោង​ស្រាវជ្រាវ និង​បោស​សម្អាត​គ្រាប់​បែក​ចង្អោម​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា។

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​ថ្លែង​នៅ​ថ្ងៃទី ៩ ខែ​មេសា​នេះ​ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​រយ:ពេល​មួយ​ឆ្នាំ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃទី ១ ខែ​ មីនា ឆ្នាំ ២០២១ ដល់​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ នឹង​ត្រូវ​ប្រើប្រាស់​កម្លាំង​ជំនាញ​របស់​អង្គភាព​ស៊ីម៉ាក់​ចំនួន​ប្រមាណ​ជាង ២០០ នាក់។ កម្លាំង​បែងចែក​ជា​ក្រុម​ធ្វើ​ប្រតិបត្តិការ​នៅ​គោលដៅ​តាម​ខេត្ត​នានា​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា។

លោក ហេង រតនា ថ្លែង​ថា គម្រោង​នេះ​មាន​ផែនការ​រំដោះ​ចម្ការ​គ្រាប់​បែក​ចង្កោម​ទំហំ ២៣ ៧៦០ ០០០ ម៉ែត្រ​ក្រឡា ការ​ស្រាវជ្រាវ​បច្ចេកទេស​លើ​ផ្ទៃដី​ប្រមាណ ៣៥ គីឡូ​ម៉ែត្រក្រឡា និង​ឆ្លើយ​តប​សំណើ​បន្ទាន់ៗ​ពី​សហគមន៍​ឱ្យ​បាន ១ ៣២០ សំណើ។

បើ​តាម​លោក ហេង រតនា ថវិកា​គាំទ្រ​គម្រោង​នេះ បាន​ទទួល​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្តល់​ជូន​អង្គការ NPA ដើម្បី​សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់​ក្នុង​កិច្ច​ប្រតិបតិ្តការ​ស្រាវជ្រាវ និង​បោស​សម្អាត​តំបន់​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់​បែក​ចង្កោម​សំណល់​ពី​សង្គ្រាម​នៅ​កម្ពុជា។

គម្រោង​កាល​ពី​ឆ្នាំ ២០២០-២០២១ កន្លង​ទៅ​នេះ​បាន​រំដោះ​តំបន់​គ្រាប់​បែក​ចង្កោម​ចំនួន ១១៣ ចម្ការ មាន​ផ្ទៃដី​សរុប​ទំហំ ៣១ ៧៥៤ ២៤៣ ម៉ែត្រក្រឡា រក​ឃើញ​ និង​កម្ទេច​ចោល​គ្រាប់​បែក​ចង្កោម និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន ១១ ១០៨ គ្រាប់ ផ្តល់​ការ​អប់រំ​យល់ដឹង​ពី​មីន​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៣៤ ៩១៩ នាក់ ស្រាវជ្រាវ​ព័ត៌មាន​បឋម​បាន​ចំនួន ២៩៩ ភូមិ រក​ឃើញ​ចម្ការ​គ្រាប់​បែក​ចង្កោម​ចំនួន ៤១៨ ចម្ការ ដែល​មាន​ផ្ទៃដី​ស្មើ​នឹង ៤៧ ៤៦៧ ៩០១ ម៉ែត្រក្រឡា៕