ភ្នំពេញ: នាយក​អង្គការ​វ័តធឺអេដ​ (WaterAid) ​ប្រចាំ​កម្ពុជា​លោក ឆាត់ សុភាព ឱ្យដឹងថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ៧២ ​ភាគរយ​ទទួលបាន​សេវា​ទឹកស្អាត​ និង​អនាម័យ​ល្អ ខណៈ​ប្រមាណ​ ២៨ ​ភាគរយ​ទៀត​នៅ​ខ្វះខាត​ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ ប៉ុន្ដែ​មន្ត្រី​ថា​ផែនការ​នេះ​នឹង​ផ្គត់ផ្គង់​ឱ្យ​គ្រប់​ ១០០% ​ត្រឹម​ឆ្នាំ ​២០២៥​។

ការលើកឡើង​នេះ​ធ្វើឡើង​​ក្នុង​កិច្ចសន្ទនា​កាលពី​ម្សិលមិញ​ដែល​ផ្តួចផ្តើម​ដោយ​អង្គការ WaterAid ជាមួយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប ។

លោក ឆាត់ សុភាព នាយក​អង្គការ WaterAid បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ៧២ ​ភាគរយ​ទទួល​បាន​សេវា​ទឹកស្អាត​ និង​អនាម័យ​ល្អ​។ ប៉ុន្តែ​អ្នក​ជនបទ​ប្រមាណ​ ២៨ ​ភាគរយ​ទៀត​នៅ​មិនទាន់​មាន​ទឹកស្អាត​ប្រើប្រាស់​សមរម្យ​ទេ ដែល​ទាមទារ​ឱ្យ​ភាគី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល សហការ​គ្នា​រក​ដំណោះស្រាយ​ឱ្យបាន​ឆាប់​។

លោក​ថា​៖ «​ការខ្វះខាត​ទឹកស្អាត និង​អនាម័យ​គឺជា​ការរាំង​​ស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​យើង​ជារួម ព្រោះ​បញ្ហា​ហ្នឹង​ទាក់ទង​ដល់​វិស័យ​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​យើង​...​ធនាគារ​​ពិភពលោក​បាន​រកឃើញ​ថា ពលរដ្ឋ​យើង​ខាតបង់​ការចំណាយ​​លើ​ផ្នែក​សុខភាព​រាប់លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​»​។

លោក សុភាព បន្ថែម​ថា​ដើម្បី​សម្រេច​គោលដៅ​តាម​ផែនការ​ភាគី​ពាក់ព័ន្ធ​ត្រូវបង្កើត​យន្តការ​​សម្រាប់​បង្កលក្ខណៈ​ក្នុង​ការផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​​អនាម័យ​នៅតាម​ជនបទ​ប្រកប​ដោយ​និរន្តរភាព​។

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​បាន​ថ្លែង​ក្នុង​កម្មវិធី​ថា ការងារ​លើកកម្ពស់​អនាម័យ​ជនបទ ​គឺជា​កិច្ចការ​ដែលមាន​លក្ខណៈ​អន្តរ​វិស័យ​ដែល​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ស្ថាប័ន​សារព័ត៌មាន​រួមគ្នា​ផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង និង​ផ្លាស់ប្ដូរ​ឥរិយាបថ​គ្រប់​ជាន់ថ្នាក់​។

លោក​បន្តថា ការចូលរួម​ផ្សព្វផ្សាយ​ពិតជា​សំខាន់​ណាស់ ដើម្បី​ឱ្យ​ស្ថានភាព​អនាម័យ​នៅ​កម្ពុជា​ផ្លាស់ប្ដូរ​បាន​ល្អ​ប្រសើរ ខណៈ​រាជរដ្ឋាភិបាល​បានកំណត់​​យក​ឆ្នាំ​ ២០២៥ ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ដល់​ពលរដ្ឋ​ឱ្យបាន​គ្រប់គ្រាន់ ក្នុង​បរិស្ថាន​​ និង​អនាម័យ​ល្អ​។

លោក ជ្រុន ថេរ៉ាវ៉ាត បញ្ជាក់​​ថា​៖ «​បច្ចុប្បន្ននេះ​យើង​នៅ​​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ភាពក្រីក្រ​របស់​ពលរដ្ឋ​យើង​គឺ​អ្នកក្រ​ខ្លះ​គឺ​គាត់​ខ្វះ​លទ្ធភាព​ដើម្បី​តភ្ជាប់​សេវា​ទឹក​​ស្អាត ដូច្នេះ​យើង​ត្រូវ​ផ្ដល់​លទ្ធភាព​បែបណា​ដើម្បីឱ្យ​គាត់​អាចមាន​ទឹកស្អាត​ប្រើប្រាស់​ដែរ​។ កត្តា​មួយទៀត ពលរដ្ឋ​ជនជាតិដើម​ភាគតិច ក៏មាន​បញ្ហា​ដែរ គឺ​ពួកគាត់​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ ដូច្នេះ​ការតភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត ក៏​ពិបាក​ដែរ​»​។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ថ្លែង​ក្នុង​កម្មវិធី​នេះ​ដោយ​ជំរុញ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​កម្ពុជា​ចូលរួម​ផ្សព្វផ្សាយ​បញ្ហា និង​វឌ្ឍនភាព​នៃ​ការទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​ដើម្បី​បង្កើន​ការយល់​​ដឹង​ និង​បន្ថយ​ការចម្លងរោគ​។

លោក​ថា​៖ «​យើង​ចង់​លើក​​ទឹកចិត្ត​ពលរដ្ឋ​យើង​ឱ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​ពី​វិស័យ​ទឹក និង​អនាម័យ​»​។

អង្គការ​ WaterAid ​ប្រចាំ​កម្ពុជា​ធ្លាប់​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្នុង​អំឡុងពេល​សន្និបាត​សុខភាព​ពិភពលោក​លើក​ទី​ ៧៣ កាលពី​ខែ​ឧសភា​ឆ្នាំនេះ​​ថា ពលរដ្ឋ​ក្រីក្រ​បំផុត​នៅ​ជុំវិញ​ពិភពលោក​កំពុង​ត្រូវ​បាន​ទុក​ឱ្យ​ប្រឈមមុខ​នឹង​ជំងឺ​កូវីដ​ ១៩​ តែឯង ដែល​មិន​មាន​សូម្បីតែ​ការការពារ​មូលដ្ឋាន​បំផុត​ដូច​​ជា ទឹកស្អាត និង​សាប៊ូ​ ១ ​ដុំ​។

សេចក្ដី​ប្រកាស​នេះ​បន្តថា មូលដ្ឋាន​សុខាភិបាល​អាច​ប្រឈម​នឹង​ជំងឺឆ្លង​នេះ​ខ្លាំង​ជាងគេ​ធ្វើឱ្យ​អាយុជីវិត​គ្រូពេទ្យ គិលានុបដ្ឋាក និង​ឆ្មប​ជួប​ហានិភ័យ​ពេល​ជួយសង្គ្រោះ​អ្នក​ជំងឺ​។ ក្នុងនោះ​អង្គការ​នេះ​បាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ការអនុវត្ត​អនាម័យ​ដៃ និង​ការការពារ​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​មាន​ក្តីបារម្ភ​ដែល​ពលរដ្ឋ​កម្ពុជា​ជាង​ ៣ ​លាន​នាក់​កំពុង​ខ្វះ​ទឹកស្អាត និង​សាប៊ូ​នៅ​​ក្នុង​ផ្ទះ​របស់​ពួកគេ​៕