ភ្នំពេញ: អង្គការ WaterAid ប្រចាំ​កម្ពុជា​បាន​វាយតម្លៃ​ថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​ ៣ ​លាន​នាក់​ កំពុង​ខ្វះ​កន្លែង​លាងដៃ​ត្រឹមត្រូវ ដែល​អាច​ប្រឈម​រោគ​ឆ្លង​ផ្សេងៗ ខណៈ​មូលដ្ឋាន​សុខាភិបាល​​ ១០ ​ភាគរយ​កំពុង​ខ្វះ​សេវា​ផ្គត់ផ្គង់​ទឹក ហើយ​អង្គការ​នេះ​ជំរុញ​ឲ្យ​ដាក់​បញ្ហា​អនាម័យ​ទៅក្នុង​ផែនការ​ជាតិ ប៉ុន្តែ​មន្ត្រី​កម្ពុជា​មាន​ចម្ងល់​ពី​មូលដ្ឋាន​នៃ​ការវាយតម្លៃ​នេះ​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្នុង​អំឡុងពេល​សន្និបាត​សុខភាព​ពិភពលោក​លើក​ទី​ ៧៣ ​ចុះ​ថ្ងៃទី​ ១៨ ឧសភា ដែល​ភ្នំពេញប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ពលរដ្ឋ​ក្រីក្រ​បំផុត​នៅ​ជុំវិញ​ពិភពលោក​កំពុង​ត្រូវបាន​ទុក​ឲ្យ​ប្រឈមមុខ​នឹង​ជំងឺឆ្លង​កូវីដ​១៩​តែឯង​ដែល​មិន​មាន​សូម្បីតែ​ការការពារ​មូលដ្ឋាន​បំផុត​ដូចជា​ទឹកស្អាត និង​សាប៊ូ​ ១ ​ដុំ​។

ជាមួយ​គ្នា​នេះ​អង្គការ​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្ត្រី​ក្នុង​វិស័យ​ពាក់ព័ន្ធ​ដាក់​អនាម័យ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ផែនការ​របស់​ប្រទេស​រៀងៗ​ខ្លួន​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការឆ្លង​មេរោគ​រាតត្បាត​នានា ពិសេស​ជំងឺ​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា មូលដ្ឋាន​សុខាភិបាល​អាច​ប្រឈម​នឹង​ជំងឺឆ្លង​នេះ​ខ្លាំង​ជាង​គេ​ដែល​ធ្វើឲ្យ​អាយុជីវិត​គ្រូពេទ្យ គិលានុបដ្ឋាក និង​ឆ្មប​ជួប​ហានិភ័យ នៅពេល​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​។ ក្នុងនោះ​អង្គការ​នេះ​បាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការផ្សព្វផ្សាយ​ និង​លើកកម្ពស់​ការអនុវត្ត​អនាម័យ​ដៃ និង​ការការពារ​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ក៏មាន​ក្តីបារម្ភ​មួយ​ដែល​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​ ៣ ​លាន​នាក់​ កំពុង​ខ្វះ​ទឹកស្អាត និង​សាប៊ូ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ក៏​ដូច​បុគ្គលិក​សុខាភិបាល​ជួរមុខ​មួយចំនួន និង​អ្នកជំងឺ​ពួកគេ​ក៏​កំពុង​ខ្វះ​ទឹកស្អាត និង​សាប៊ូ​នៅក្នុង​មូលដ្ឋាន​សុខាភិបាល​របស់​ពួកគេ​ដែរ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ទោះបី​ជា​ការលាងដៃ​ជាមួយ​សាប៊ូ​ជា​មធ្យោបាយ​ចម្បង​មួយ​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏សាហាវ​ក៏ដោយ ក៏​នៅ​កម្ពុជា​ប្រមាណ​ ២១ ​ភាគរយ​នៃ​ប្រជាជន​នៅតែ​គ្មាន​កន្លែង​សម្រាប់​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​នៅឡើយ​។ ​នៅ​កម្ពុជា​មាន​មូលដ្ឋាន​សុខាភិបាល​ប្រមាណ​ ១០ ​ភាគរយ​ កំពុងតែ​ខ្វះ​សេវា​ផ្គត់ផ្គង់​ទឹក​»​។

លោក​ ឆាត់ សុភាព នាយក​អង្គការ​វ័តធឺអេដ​ (WaterAid) ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការទទួល​បាន​ទឹកស្អាត​ប្រើប្រាស់ និង​ការលាងដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ចាំបាច់​ក្នុង​ការការពារ​ការចម្លង​រោគ​នានា ជាពិសេស​មេរោគ​កូរ៉ូណា​ និង​បំបែក​វដ្ដ​នៃ​ជំងឺ​ដែល​នឹង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​រយៈពេល​វែង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្ត្រី​វិស័យ​ពាក់ព័ន្ធ​នានា បន្ត​កិច្ច​គាំពារ​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា​យើង និង​បុគ្គលិក​សុខាភិបាល​ដោយ​ជួយ ឲ្យ​ពួកគេ​ទទួល​បាន​សាប៊ូ និង​ទឹកស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា​ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​របស់​ពួកគាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មិនបាន​ឆ្លើយតប​នឹង​ការវាយតម្លៃ​របស់​អង្គការ WaterAid នេះ​ទេ​កាលពី​ម្សិលមិញ ដោយ​លោកស្រី​គ្រាន់តែ​ចោទ​ជា​សំណួរ​ថា​តើ​គេ​បាន​ [​ព័ត៌មាន​] ​ពី​ណា​មក ហើយ​មាន​អ្វី​ជា​សំអាង​?

អង្គការ WaterAid បាន​ដកស្រង់​សម្ដី​លោកស្រី សោភា ជា​អនុប្រធាន និង​ឆ្មប​នៅ​មណ្ឌល​សុខភាព​ជ្រៃបាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​ឲ្យ​ដឹងថា នៅ​មណ្ឌល​សុខភាព​របស់​លោកស្រី​មានទឹក សាប៊ូ និង​កន្លែង​លាងដៃ​គ្រប់គ្រាន់​សម្រាប់​ការពារ​ជំងឺ​កូវីដ​១​។ ក្រុម​គ្រូពេទ្យ​ទាំងអស់​រួមទាំង​អ្នកជំងឺ​ត្រូវ​បាន​អនុវត្ត​ការណែនាំ​ពី​ការអនាម័យ​ដៃ និង​ពាក់​ម៉ាស់​មុន​ពេល​ចូល​ក្នុង​មណ្ឌល​សុខភាព​បំពេញ​ការងារ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​ និង​បុគ្គលិក​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន និង​រក្សា​អនាម័យ​ដៃ​ស្អាត​ជានិច្ច​។ ​បន្ទប់​ពិនិត្យ​ផ្ទៃពោះ​ពួកខ្ញុំ​តូចចង្អៀត​។ ​ពី​មុន​ខ្ញុំ​អាច​ឲ្យ​អ្នក​មក​ពិនិត្យ​ផ្ទៃពោះ​ចូល​ពិនិត្យ​ម្តង​ ២ ​ឬ​ ៣ ​នាក់ ប៉ុន្ដែ​ពេលនេះ​ខ្ញុំ​ឲ្យ​អ្នកពិនិត្យ​ផ្ទៃពោះ​ចូល​ពិនិត្យ​ក្នុង​បន្ទប់​ម្តងម្នាក់ ដោយ​រក្សា​គម្លាត​ឆ្ងាយៗ​ពីគ្នា ដើម្បី​រក្សា​សុវត្ថិភាព​»​។

ជាមួយ​គ្នា​នេះ​អង្គការ WaterAid ក៏បាន​ដកស្រង់​សម្ដី​លោក Wendy Graham សាស្ត្រាចារ្យ​សាកលវិទ្យាល័យ London School of Hygiene & Tropical Medicine (LSHTM) ​ផងដែរ ដោយ​លោក​បាន​ថ្លែងថា​កាលពី​ឆ្នាំមុន​លោក​ធ្លាប់​បានផ្ដល់​អនុសាសន៍​ដល់​សភា​សុខភាព​ពិភពលោក​ស្តីពី​ទឹកស្អាត បង្គន់ និង​អនាម័យ​ក្នុង​មូលដ្ឋាន​សុខាភិបាល​ដោយ​ពួកគេ​បាន​សន្យា​ដោះស្រាយ​ឧបសគ្គ​ទាំងនោះ ប៉ុន្ដែ​លោក​មិនដឹងថា​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ភាគរយ​ទេ​។

លោក​បន្តថា អ្នកពាក់ព័ន្ធ​វិស័យ​សុខាភិបាល​ត្រូវ​ធានា​ថា​គ្រប់​មណ្ឌល​សុខភាព មាន​ការផ្គត់ផ្គង់​ទឹក​ដែល​អាច​ទុកចិត្ត​បាន ដើម្បី​សម្អាត​ដៃ និង​ការថែរក្សា​បរិស្ថាន​ស្អាត​ «​ចំពោះ​ជំងឺ​កូវីដ ១៩ បើ​យើង​មិនបាន​អើពើ​ទៅ​​លើ​មូលដ្ឋាន​អនាម័យ​ទាំងនេះ​ទេ គឺ​វា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​ដល់​មនុស្សជាតិ​»៕