ភ្នំពេញៈ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងយុវជនមួយចំនួនបានស្នើឲ្យរដ្ឋាភិបាលដាក់បញ្ចូល សិស្ស និស្សិត និងព្រះសង្ឃក្នុងបញ្ជីបេឡាជាតិ របបសន្ដិសុខសង្គម (ប ស ស) ដើម្បីបានសេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ។
ការស្នើឡើងនេះគឺបានធ្វើឡើងនៅក្នុងវេទិកាយុវជនស្តីពីកាលានុវត្តភាពទីផ្សារការងាររបស់យុវជនកម្ពុជាក្នុងស្ថានភាពកូវីដ ១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីថ្ងៃទី ៦ កញ្ញា នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ដែលមានយុវជនជាង ១០០ នាក់បានចូលរួម។
លោកស្រី ចាន់ រ៉ាមី នាយិកាអង្គការ (YRDP) បានលើកឡើងថា ប ស ស គឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលក្នុងកិច្ចគាំពារសង្គមរយៈពេល ១០ ឆ្នាំ ដែលផ្ដោតតែលើអ្នកមានការងារធ្វើ ប៉ុន្តែយុវជនដែលជាឆ្អឹងខ្នងនៃប្រទេសជាតិ និងសេដ្ឋកិច្ច មិនទាន់ត្រូវបានដាក់បញ្ចូលផងទេ។
លោកស្រីបន្តថា៖ «ដូច្នេះយើងផ្សព្វផ្សាយឲ្យយុវជនដឹងពីអ្វីដែលជា ប ស ស ដើម្បីដឹងពីសារៈសំខាន់របស់វា។ យើងបានជជែកក្នុងវេទិកាយុវជនច្រើនដងដែរ ដើម្បីដាក់សំណើទៅរដ្ឋាភិបាលឲ្យពិចារណា គួរតែដាក់យុវជនដែលកំពុងសិក្សាឲ្យក្លាយជាសមាជិក ប ស ស ដើម្បីទទួលបានការថែសុខភាព ដោយឥតបង់ថ្លៃ»។
ការអះអាងរបស់លោកស្រី ចាន់ រ៉ាមី ដូចនេះបន្ទាប់ពីមានយុវជនជាច្រើនបានលើកពីបញ្ហានេះ ស្របពេលដែលពួកគេគួរតែទទួលបាននូវអត្ថប្រយោជន៍នេះ ព្រោះពួកគេគឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវការគាំពារពីរដ្ឋាភិបាល។
ម្យ៉ាងទៀតបច្ចុប្បន្នដោយសារមានករណីកូវីដ ១៩ និងការបាត់បង់ផ្នែកខ្លះនៃ (EBA) ក៏បានធ្វើឲ្យយុវជនបាត់បង់ការងារ និងពិបាករកការងារធ្វើដើម្បីទ្រទ្រង់ការសិក្សា និងជីវភាពប្រចាំថ្ងៃផងដែរ។
យុវជន វង រក្សា ជានិស្សិតឆ្នាំទី ២ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្របានថ្លែងថា មានយុវជនជាច្រើន ជាពិសេសសិស្ស និស្សិត រួមទាំងព្រះសង្ឃផង តែងប្រឈមបញ្ហាសុខភាព និងគ្មានប្រាក់គ្រប់គ្រាន់ដើម្បីពិនិត្យព្យាបាលជំងឺតាមមន្ទីរពេទ្យដែលរដ្ឋាភិបាលគួរតែគិតគូរពីបញ្ហានេះ។
យុវជនរូបនេះបន្តថា៖ «ខ្ញុំរំពឹងថា រដ្ឋាភិបាលនឹងយកសំណើទាក់ទងនឹងព្រះសង្ឃ និងយុវជនហ្នឹងដាក់ទៅក្នុងកិច្ចប្រជុំដើម្បីពិភាក្សាគ្នា។ បើគាត់ [រដ្ឋាភិបាល] មិនទាន់បដិសេធ ឬក៏មិនអើពើ យើងនឹងប្រមូលគ្នា ឬសួរទៅក្រសួង ឬក៏ស្នើជាថ្មីទៀត»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ៦ កញ្ញាថា នៅចំពោះមុខ រដ្ឋាភិបាលបានសម្រេចផ្តល់ ប ស ស ដល់កម្មករនិយោជិត និងមន្ត្រីរាជការ និងអ្នកដែលស្ថិតនៅមុខសញ្ញានៃមូលនិធិសមធម៌ប៉ុណ្ណោះ។ ប៉ុន្តែរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជូនទៅកាន់មុខសញ្ញាផ្សេងៗទៀតក្នុងពេលខាងមុខ។
លោកថា៖ «ចំពោះមុខ បសស ផ្តល់សេវាដល់កម្មករនិយោជិតដល់មន្ត្រីរាជការ និងអ្នកស្ថិតនៅមុខសញ្ញានៃមូលនិធិសមធម៌តែប៉ុណ្ណោះ។ តាមច្បាប់ស្តីពី បសស គឺយើងនឹងពង្រីកមុខសញ្ញា និងកំណត់លក្ខខណ្ឌដើម្បីមុខសញ្ញានីមួយៗចូលជាសមាជិក និងទទួលបានសេវា បសស បន្តទៀត»៕