បាត់ដំបងៈ គ្រាប់​មិន​ទាន់​ផ្ទុះ​គ្រប់​​ប្រភេទ​​ចំនួន​​ ៣​៩ ​គ្រាប់​​ត្រូវ​បាន​អង្គភាព​កម្ចាត់​​មីន​ប្រចាំ​ខេត្ត​បាត់​ដំបង​កម្ទេច​ចោល​កាល​ពី​ថ្ងៃ​ទី​ ៧ ​​កុម្ភៈ​បន្ទាប់​​ពី​បុរស​​ម្នាក់​ភ្ជួរ​ដី​ចម្ការ​​ហើយ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី​ ៦​ ​​​​​​​​កុម្ភៈ ​​នៅ​ភូមិ​​ព្រៃ​ទទឹង​ ឃុំ​​ឆ្នាល់​មាន់​ ​​​​ស្រុក​គា​ស់ក្រ​ឡ ​ខេត្ត​បាត់ដំបង។

លោក​​ ព្រីង ​បញ្ញា​​រិទ្ធ​ ប្រធាន​អង្គភាព​​ស៊ី​ម៉ាក់​ប្រចាំ​ខេត្ត​បាត់​ដំបង​​ប្រាប់​ពី​ម្សិល​មិញ​ថា​​ ករណី​​គ្រាប់​មិន​ទាន់​ផ្ទុះ​​ដែល​នគរ​បាល​​ស្រុក​គាស់​​ក្រឡ​ប្រគល់​​មក​ឲ្យ​លោក​នោះ​​ត្រូវ​មន្រ្តី​ជំនាញ​​របស់​លោក​​យក​​ទៅ​​កម្ទេច​ចោល​ហើយ​​បន្ទាប់​ពី​ទទួល​​យក​បាន ​១ ​ថ្ងៃ។​

​លោក​បញ្ជាក់​ថា​៖ ​​​​​​«​គ្រាប់​ទាំង​នោះ​ខាង​មន្រ្តី​​ជំនាញ​ខ្ញុំ​យក​ទៅ​​កម្ទេច​​ចោល​អស់​ហើយ​​ហើយ​​គ្រាប់​ខ្លះ​​នៅ​ទាំង​​ក្បាលរបស់​​វា​ផង​និង​គ្រាប់​ខ្លះ​អត់​មាន​ក្បាល់​គ្រាប់​ទេ​។ ចំពោះ​សំណល់​គ្រាប់​ទាំង​នោះ​គ្រាប់​​ខ្លះ​បើ​​យើង​យក​វា​ទៅ​ដំ​ឬ​គប់​វា​​នឹង​ផ្ទុះ​បាន»។

លោក​ បញ្ញា​រិទ្ធ​ ប្រាប់​បន្ត​ថា​ នៅ​ក្នុង​​ខេត្ត​បាត់​​ដំបង​​ទាំង​មូល​មាន​ស្រុក​​ចំនួន​​ ១​៤​ ហើយ​​ក្នុង​​នោះ​​មាន​ ១០ ​​ស្រុក​ដែល​សម្បូរ​​គ្រាប់​មីន​និង​​អាវុធ​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​ដែល​​ជា​សំណល់​​ពី​​សម័យ​​សង្រ្គាម​ហើយ​ស្រុក​គាស់​ក្រឡ​មាន​​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​​សល់​ច្រើន​ជាង​គេ​​ក្នុង​ចំណោម​ ១​០ ​ស្រុក​។ ព្រោះ​ថា​ស្រុក​គាស់​ក្រឡ​​មិន​សូវ​មាន​ប្រជា​ពលរដ្ឋ​​ចូល​ទៅ​រស់​នៅ​ច្រើន​ ដូច្នេះ​ខាង​ស៊ី​ម៉ាក​ក៏​មិន​ទាន់​ធ្វើ​ប្រតិ​បត្តិការ​​បោស​សម្អាត​មីន​ច្រើន​ជាង​​ស្រុក​ទាំង​ ៩ ​ទៀត​ដែរ។

​ពាក់​ព័ន្ធ​ករណី​នេះ​លោក ​ឆាង ​វ៉ាន់ឆៃ​ អធិការ​​នគរ​បាល​​ស្រុក​​គាស់​ក្រ​​ឡ​ប្រាប់​ថា​គ្រាប់​​ទាំង​នោះ​​មាន​គ្រាប់​ដេកា​ ១ ​គ្រាប់​ គ្រាប់​​បេ ​ចំនួន ២១ ​គ្រាប់​ គ្រាប់​ ៦០​ មិល្លី​ម៉ែត្រ​ ចំនួន​ ៥ ​គ្រាប់​ គ្រាប់ ​៦២ ​មិល្លីម៉ែត្រ​ចំនួន​ ២​ គ្រាប់​ និង​គ្រាប់​មីន​ ៦៩​ ចំនួន​ ១០​ គ្រាប់​ត្រូវ​បាន​បុរស​អ្នក​ភូមិ​ម្នាក់​ភ្ជួរ​ដី​ធ្វើ​ចម្ការ​ប្រទះ​ឃើញ។

លោក ​ហេង​ ​រត​នា ​ប្រធាន​ម​ជ្ឈម​ណ្ឌល​កំចាត់​មីន​កម្ពុជា​ថ្លែង​លើ​ហ្វេស​ប៊ុក​លោក​ថា ​គប្បី​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​គ្រោះ​ថ្នា​ក់​​ គ្រាប់មិន​ទាន់​ផ្ទុះទោះ​បី​វា​នៅ​លើដើ​ម​ឈេី​ កប់​ដី​ ឬ​ក្នុង​ទឹក​ក៏​ដោយ​! ពួក​វា​មិន​ស្អុយ​ទេ​​ ​ហាម​ដាច់​ខាត​ក្នុង​ការ​គិត​ថា​គ្រាប់​ទាំង​នោះ​ស្អុយ​ឲ្យ​សោះ​!​ ​គ្រាប់​ទាំ​ងនេះ​មិន​ភ្លេច​ខ្លួន​​ក្នុង​ការ​តាម​សម្លាប់​មនុស្ស​ទេ៕