ភ្នំពេញៈ មន្ត្រី​នៃ​អង្គភាព​​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ឃាត់ និង​នាំខ្លួន​លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង​ខេត្ត​​បាត់ដំបង និង​លោក​ឧកញ៉ា សង ថន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​បន្ត​នីតិវិធី​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ រឿង​ដីធ្លី​​ប្រមាណ​ ៥ ០០០ ​ហិកតា ​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លោក ស៊ូ អារ៉ាហ្វាត់ និង​លោក សង ថន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ខ្លួន​មក​តុលាការ​ក្នុង​សំណុំរឿង​តែមួយ​លើ​ករណី​ពុករលួយ​រឿង​ដីធ្លី​កាលពី​ថ្ងៃទី​ ៦ កក្កដា​។

លោក គឹមឡុង ថ្លែងថា​៖ «​ព្រះរាជអាជ្ញារង សឿន ​មុនីរ័ត្ន កំពុង​បន្ត​ការសាកសួរ​ជុំវិញ​ករណីនេះ ដោយ​មិនទាន់​មាន​ការចោទប្រកាន់​នៅឡើយ​ទេ​។ សំណុំ​រឿងនេះ​កំពុង​តែ​សាកសួរ​មាន​ការសម្រេច​ចោទប្រកាន់​យ៉ាងណា​នោះ បាន​ព័ត៌មាន​បន្ថែមទៀត ខ្ញុំ​នឹង​ជម្រាប​ជូន​បន្ថែម​ទៀត​។ សុំ​បញ្ជាក់ជូន​បន្ថែម​បន្តិច​ថា ករណី​នេះ​គឺ​បញ្ជូនមក​ទាំង ២ ​នាក់ (​លោក ស៊ូ អារ៉ាហ្វាត់ និង​លោក សង ថន​) នៅក្នុង​សំណុំរឿង​តែមួយ​»​។

កាលពី​ល្ងាច​ថ្ងៃទី​ ២៧ ខែ​មិថុនា ACU បាន​នាំខ្លួន​ឧកញ៉ា សង ថន ដែល​បាន​កាន់កាប់​ដី​ប្រមាណ ៥ ពាន់​ហិកតា ឬ​ស្មើនឹង ១ ​ភាគ​ ៤ នៃ​ផ្ទៃដី​ក្នុងស្រុក​គាស់ក្រឡ​ទាំងមូល​មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី​ក្នុងស្រុក​នេះ​។

ចំណែក លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង ដែល​ត្រូវ​បាន​ដឹងថា ធ្លាប់ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ​ត្រូវ​បាន​នាំខ្លួន​មក​កាន់​ស្នាក់ការ ACU នៅ​​រាជធានី​ភ្នំពេញ​នៅ​ព្រលប់​ថ្ងៃទី​ ១ ខែ​កក្កដា ឆ្នាំ​ ២០២០ ពាក់ព័ន្ធ​នឹង​សំណុំរឿង​នោះ​ដូចគ្នា​។

ជុំវិញ​ករណី​អំពើ​ពុករលួយ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ២៧ ខែ​មិថុនា ក៏បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​ផងដែរ​។ ប៉ុន្តែ​លោក​មិន​ត្រូវបាន​ចោទប្រកាន់ ឬ​នាំខ្លួន​មក​សួរនាំ​នោះទេ​។

លោក យិន ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​អាទិត្យ​ថា វា​គឺជា​រឿង​ប្រសើរ​ដែល ACU បាន​បំបែក​សំណុំរឿង​នេះ​ដោយ​ចង់​ឲ្យ​នីតិវិធី​នៃ​ការស៊ើបអង្កេត ប្រព្រឹត្ត​ទៅ​ឲ្យ​បាន​ឆាប់រហ័ស និង​ស្វែងរក​អ្នកពាក់ព័ន្ធ​ជុំវិញ​អំពើ​ពុករលួយ​នេះ​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។

លោក​បញ្ជាក់​ថ‍ា​៖ «​ខ្ញុំ​ចង់​ឲ្យ​ស៊ើបអង្កេត​ឲ្យ​បាន​លឿន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នេះ ហើយ​បង្ហាញ​ភ័ស្តុតាង​ឲ្យ​បាន​ច្បាស់​ថា​មាន​ភ័ស្តុតាង​អ្វីខ្លះ ដែល ACU មាន​នៅក្នុង​រឿងក្តី​នេះ​? យើង​ចង់​ឲ្យ ACU ចាត់ការ​លើ​ករណីនេះ​ឲ្យ​ដូចនឹង​ករណី​ដែល ACU បាន​ធ្វើឡើង​ពាក់ព័ន្ធ​នឹង​មន្ត្រី​មុន​ដែល​បាន​ឃាត់ខ្លួន​។ ចង់​ឲ្យ​បង្ហាញ​ករណី​នេះ​ដល់​មតិ​ជាតិ អន្តរជាតិ សូម្បីតែ​សម្តេច​ក៏បាន​លើក​ឡើង​ដែរ​»​។

លោក ម៉េងលី បន្តថា ទាក់ទង​បញ្ហា​ពុករលួយ​ដីធ្លី​នេះ​ក៏​ព្រោះតែ​លោក​អភិបាលរង​ខេត្ត​បាត់ដំបង និង​លោក​ឧកញ៉ា សង ថន ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា រយៈពេល​កន្លះ​ឆ្នាំ​កន្លង​មក​នេះ​ដោយ​មាន​ការចុះផ្សាយ និង​ល្បី​ទូទាំង​ខេត្ត​ក្នុង​ករណី​ដែល​ឧកញ៉ា សង ថន បាន​ប្រគល់​ដី​មួយចំនួន​មក​លោក​អភិបាលរង​ខេត្ត​រៀបចំ​នីតិវិធី​សុំ​ទៅ​ថ្នាក់លើ​ដើម្បី​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ ដោយ​ស្នើឲ្យ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដី​សេសសល់​ដែល​គាត់​បាន​កាន់កាប់​។

ក្នុងពេលនោះ ភាគី​ទាំង​ ២ ក៏​ឈានដល់​ការប្តឹងផ្តល់​គ្នា​ករណី​ដែល​អភិបាលរង លោក ស៊ូ អារ៉ាហ្វាត់ បាន​ក្លែង​ឯកសារ​ពី​ចំនួន​ដី​មិន​បាន​ត្រឹមត្រូវ​ដាក់​ទៅ​ថ្នាក់លើ ខណៈ​ដី​ដែល​លោក​ឧកញ៉ា កំពុង​កាន់កាប់​ប្រមាណ ៥ ០០០ ហិកតា ​ក្នុង​ស្រុក​នេះ​កំពុង​មាន​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ផងដែរ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក ឱម យ៉ិនទៀង ប្រធាន ACU និង​លោក យ៉ិនទៀង ពុទ្ធារិទ្ធ ជំនួយការ​ផ្ទាល់​របស់​លោក​កាលពី​ម្សិលមិញ​បានទេ ដោយ​ទូរស័ព្ទ​ និង​តេឡេក្រាម​របស់គាត់​មិន​មាន​ការឆ្លើយតប​។ ចំណែក​លោក នួន បូផល អនុប្រធាន ACU បាន​បញ្ជាក់​យ៉ាងខ្លី​តាម​ទូរស័ព្ទ​ថា លោក​ជាប់​រវល់​៕

វីដេអូ៖