ភ្នំពេញៈ កាលពី​អំឡុង​ខែឧសភា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ទទួល​បាន​ពាក្យ​បណ្ដឹង​ចំនួន​ ៣១ ​ពាក់ព័ន្ធ​ករណី ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ប៉ុន្តែ​ក្នុងចំណោម​ពាក្យបណ្ដឹង​ទាំងនោះ ​រក​ពុំ​ឃើញ​មាន​អំពើ​ពុករលួយ​ឡើយ។ នេះ​បើតាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​កិច្ច​ប្រជុំ​លើក​ទី៤៦ ​អាណត្តិ​ទី២ ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ថ្ងៃទី ៣១​ ខែ​ ឧសភា។

លោក ​តុប សំ ​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី ៣១ ​ឧសភា ​ដើម្បី​ពិនិត្យ​ និង​អនុម័ត​កំណត់​ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​លើក​ទី៤៥ ​អាណត្តិ​ទី២ ​និង​ដើម្បី​ស្ដាប់​របាយការណ៍​របស់​លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អំពី​សកម្មភាព​ការងារ​របស់​ ACU ​អំឡុង​ខែ​ឧសភា។

បើតាម​លោក ​ឱម យិន​ទៀង ​ការងារ​ជាអាទិ៍ ​ដែលអង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយបានធ្វើ​កាល​ពីអំឡុង​ខែ​ឧសភា​ដូចជា​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ​និង​បំណុល​មាន​ចំនួន​ ២១ រូប ​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន ១៣១ រូប ​បញ្ឈប់​មុខ​​តំណែង​ចំនួន​ ៣២ រូប ​និង​បាន​បើក​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​ចំនួន ៦ ​តាម​តម្រូវការ​ស៊ើប​អង្កេត។

រីឯ​ពាក្យបណ្ដឹង​ក្នុង​ខែ​ឧសភា​មាន​ ៣១ ​ពាក្យ​បណ្ដឹង ​ដែល​ ១២ ពាក្យ​បណ្ដឹង​ គឺជា​របស់​ជន​អនាមិក ​ប៉ុន្តែ​ក្នុង​ចំណោម​ពាក្យបណ្តឹង​ទាំងនោះ ​ACU ​រក​មិនឃើញ​អំពើ​ពុក​រលួយ​ឡើយ ​និង​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង​វិញ​ចំនួន​​ ២៤ ​បណ្ដឹង។

ក្នុង​នោះ ​ការចុះ​ពិនិត្យ​ស៊ើប​បញ្ជាក់​ទៅលើក្រុមហ៊ុន​ ១៨ ក្រុមហ៊ុន និង​ស្រាវជ្រាវ​អត្ត​សញ្ញាណ​ក្រុមហ៊ុន​ចំនួន ៩៤ ក្រុមហ៊ុន។

ទោះជា​យ៉ាងណា ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់​បង្ហាញ​អំពី​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន​ជុំវិញ​ករណី​សង្ស័យ​ប្រព្រឹត្ត​អំពើពុក​រលួយ​ដោយ​លោក​ គឹម រស្មី ​អតីត​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​រតនគិរី ​និង​លោក ​ស្រេង សុខា ​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​នៅឡើយ​ទេ​ ថ្វី​ដ្បិត​ ACU បានបញ្ជាក់​តាំងពី​ខែកុម្ភៈ​ថា ​ខ្លួន​បានបញ្ចប់​ការស៊ើប​អង្កេត​លើ​ទ្រព្យសម្បត្តិ​លោក ​គឹម រស្មី ​និង​កំពុង​បន្ត​ស៊ើប​អង្កេត​លោក ​ស្រេង សុខា ​ក្ដី។

កាលពី​ថ្ងៃ​ម្សិលមិញ ​លោក ​ឱម យិនទៀង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​លោក​មិន​ចង់​និយាយ​អំពី​ករណី​របស់​លោក ​គឹម រស្មី ​និង​លោក​ ស្រេង សុខា ​តាម​ទូរស័ព្ទ​ឡើយ។

លោក​ប​ញ្ជាក់ថា​៖ «ខ្ញុំ​មិន​សម្ភាស​តាម​ទូរស័ព្ទ​ទេ ​ព្រោះ​ខ្ញុំ​មិនដឹងថា ​ប្អូនឯង​មកពី​ភ្នំពេញ​ប៉ុស្ដិ៍​ពិត​ឬ​អត់? ​បើ​ប្អូនឯង​ចង់​សម្ភាស​ ដាក់​លិខិត​សុំ​សម្ភាស​មក»។​

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​លើកឡើងថា​ ​សំណុំរឿង​អំពើ​ពុករលួយ​ អាចជា​រឿង​ស្មុគស្មាញ​មួយ​ ហើយ​រឿង​ខ្លះទៀត​អាច​ប្រព្រឹត្ត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ​ ប៉ុន្តែ​លោក​យល់ថា​ ជុំវិញ​ការ​លេច​ធ្លាយ​ទ្រព្យសម្បត្តិ​របស់​លោក ​គឹម រស្មី ​កាល​ពី​ដើម​ខែកុម្ភៈ​កន្លងទៅ ​គឺ ACU អាច​ស៊ើប​អង្កេត​រកឃើញ​តែ​ក្នុង​រយៈ​ពេល​​ខ្លី​ប៉ុណ្ណោះ​ដើម្បី​លាត​ត្រដាង​ការពិត​ប្រាប់​មហាជន​ ប្រសិនបើ​មាន​ឆន្ទៈ​ពិត​ប្រាកដ។

លោក​ថា​៖ «ការ​លេច​ធ្លាយ​អំពី​ទ្រព្យ​សម្បត្តិ ​គ្រាន់តែ​ជា​ផ្នែក​មួយ​តូច​ទេ ​មន្ត្រី​កម្រិតនេះ​ ទ្រព្យសម្បត្តិ​ទំនងជា​មាន​ច្រើនជាង​នេះ។ អ៊ីចឹង​វា​អត់​ពិបាក​​អី​ច្រើន​ទេ ​បើ​បទល្មើស​អី​ផ្សេង​ទៀត​ ដូចជា​បទល្មើស​រំលោភ​អំណាច​ វា​ត្រូវការ​ពេលវេលា​ស៊ើប​ច្រើន»។

ជុំវិញ​នឹង​បញ្ហា​នេះ ​ភ្នំ​ពេញ​ប៉ុស្ដិ៍​នៅ​តែ​មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ពី​លោក ​គឹម រស្មី​ អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី ដោយ​សារ​លេខ​ទូរ​ស័ព្ទ​លោក​ខល​ចូល​ជា​ច្រើន​លើក តែ​គ្មាន​អ្នក​ទទួល​កាល​ពី​ថ្ងៃ​ម្សិលមិញ៕