ភ្នំពេញ៖ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​កូវីដ​មាន​ការ​កើន​ឡើង​កាន់​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៅ​រសៀល​ថ្ងៃទី ១៣ ខែ​មេសា​នេះ បាន​ផ្សាយ​ចេញ​នូវ​វីដេអូ​ថ្មី​មួយ មាន​ចំណង​ជើង​ថា «វ៉ាក់សាំង​កាតព្វកិច្ច ដើម្បី​ការពារ​អាយុ​ជីវិត​យើង គ្រួសារ​យើង និង​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង» ដែល​ជា​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង។

វីដេអូ​ដែល​មាន​រយៈពេល​ជាង ១៦ នាទី​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ផ្សាយ​ចេញ​នូវ​វីដេអូ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បន្ត​អប់រំ​សាធារណៈ​មតិ និង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​កូវីដ ១៩ ជា​ពិសេស​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ត្រូវ​មាន​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង ត្រូវ​ចូលរួម​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវី ១៩ ឱ្យ​បាន​គ្រប់ៗ​គ្នា។

នៅ​ក្នុង​ខ្លឹមសារ​វីដេអូ​បាន​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ថា ជា​មធ្យោបាយ​ចុង​ក្រោយ​មួយ​បន្ថែម​ទៀត ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដ៏​កាច​សាហាវ និង​ដែល​ជា​សត្រូវ​លាក់​មុខ។

ក្រៅ​ពី​នេះ វីដេអូ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល ដែល​ជា​ទីតាំង​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩។

វីដេអូ​នេះ ថែម​ទាំង​បាន​រំលេច​ឡើង​វិញ​នូវ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ថា៖ «រាជរដ្ឋាភិបាល និង​ចាក់​ជូន​ទៅ​តាម​លំដាប់​អាទិភាព​នៅ​ពេល​ដែល​វ៉ាក់សាំង​មក​ដល់ យើង​នឹង​ពិនិត្យ​ក្រុម​ណា​ដែល​ត្រូវ​ចាក់​មុន ក្រុម​ណា​ដែល​ត្រូវ​ចាក់​ក្រោយ ហើយ​យើង​ក៏​មាន​ការ​បែងចែក​ប្រភេទ​អ្នក​ណា​ត្រូវ​ទទួល អាយុ​ប៉ុន្មាន​ត្រូវ​ទទួល។ អាយុ ៥៩ ឆ្នាំ​ចុះ ទទួល​ស៊ីណូហ្វាម SARS-CoV2 (Sinopharm) អាយុ​ពី ១៨ ឡើង​លើ​ទទួល​ស៊ីណូវ៉ាក់ (Sinovac) អាយុ ៦០ ឆ្នាំ​ឡើង​លើ​ទទួល CovShield (Astra Zeneca) នេះ​ជា​ផែនការ​មេរ​បស់​យើង»។

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា ក្នុង​ន័យ​នេះ ការ​ស្វះស្វែង​រក​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​មិនមែន​ជា​ការ​ងាយ​ស្រួល​នោះ​ឡើយ ហើយ​ថា កម្ពុជា​ជា​ប្រទេស​តូច តែ​អាច​ចាត់​ទុក​ជា​ប្រទេស​មាន​ភ័ព្វសំណាង​មួយ ដែល​បាន​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ជា​បន្តបន្ទាប់ ទាំង​ក្នុង​ក្របខ័ណ្ឌ​ជំនួយ​ទ្វេភាគី ពី​សំណាក់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទាំង​ជំនួយ​តាមរយៈ​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភព​លោក និង​ជំនួយ​ពី​ភាគី​ដែល​ជា​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រួម​ទាំង​ការ​បញ្ជា​ទិញ​ដោយ​ផ្ទាល់​ពី​សំណាក់​រាជរដ្ឋាភិបាល។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​កត់​សម្គាល់​ថា រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​យ៉ាង​ច្រើន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូវីដ ១៩ រាប់​ទាំង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ផង​ដែរ។ «មាន​សប្បុរសជន ក៏​ដូច​ជា​បណ្តា​ប្រទេស​ជា​មិត្ត​ជា​ច្រើន​ទៀត​ក៏​បាន​ចូលរួម​ចំណែក​ជា​ថវិកា ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ យក​មក​ចាក់​ជូន​មន្ត្រីរាជការ កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។ កូវីដ ១៩ ​ក៏នៅ​តែ​បន្ត​រំខាន និង​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​យើង​ក្នុង​រយៈពេល​វែង​បន្ត​ទៀត ប្រសិន​បើ​យើង​មិន​អាច​យក​ឈ្នះ​វា​បាន​ទេ​នោះ»។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​រួម​គ្នា​ទៅ​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​ផង រួម​គ្នា​បន្ត​អនុវត្ត ៣ ការពារ និង ៣ កុំ​ផង ដើម្បី​ខ្លួន​យើង គ្រួសារ​យើង និង​សង្គម​ជាតិ​យើង។ «យើង​ត្រូវ​មាន​ក្តី​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​លើ​ខ្លួន​យើង​ថា ខ្មែរ​ពិត​ជា​អាច​ធ្វើ​បាន»៕