ភ្នំពេញៈ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកសកម្មភាពរបស់លោក សម រង្ស៊ី ថាបានដើរឆ្លងផុតពីខ្សែបន្ទាត់ក្រហមប្រជាធិបតេយ្យ និងបានប្រៀបធៀបប្រធានស្តីទីអតីតបក្សប្រឆាំងរូបនេះទៅនឹង លន់ នល់ ទី ២ ដែលត្រូវចារទុកក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសម័យទំនើបដោយសារ «ក្បត់ជាតិ និងក្បត់រាជបល្ល័ង្ក»។
អង្គភាពនេះបានចេញវីដេអូឯកសារមួយមានរយៈពេល ២៣ នាទី កាលពីម្សិលមិញដោយលើកឡើងថាលោក សម រង្ស៊ី ដែលជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិបានដើរឆ្លងផុតខ្សែបន្ទាត់ដែលខណ្ឌចែកព្រំដែនប្រជាធិបតេយ្យ ហើយកំពុងអនុវត្តផែនការរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាល និងរាជបល្ល័ង្ក។
វីដេអូឯកសារបានថ្លែងថាលោក សម រង្ស៊ី «បានបោះបង់ចោលផ្លូវប្រជាធិបតេយ្យទាំងស្រុង និងជាស្ថាពរដោយបច្ចុប្បន្នបានងាកមកចាប់យកអំពើហិង្សាយ៉ាងពេញទី តាមរយៈផែនការធ្វើរដ្ឋប្រហារជាចំហដោយកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាកាលបរិច្ឆេទផ្ដាច់ព្រ័ត្រក្នុងការផ្ដួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលដែលនេះជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត»។
ផែនការរដ្ឋប្រហារធំៗចុងក្រោយគឺផែនការផ្ដួលរំលំរបបរាជានិយមតាមរយៈការប្រកាសសង្គ្រាមប្រឆាំងនឹងព្រះមហាក្សត្រ។ អំពើក្បត់រាជបល្ល័ង្ករបស់លោក សម រង្ស៊ី គឺជាការយកលំនាំតាមសេនាប្រមុខ លន់ នល់ដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋកាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០។ នេះបើតាមការលើកឡើងនៅក្នុងវីដេអូឯកសារដដែល ដោយចាត់ទុកថានេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរទី ១។
ចំណែកបទឧក្រិដ្ឋធ្ងន់ធ្ងរទី ២ របស់លោក សម រង្ស៊ី ដែលអង្គភាពដដែលដាក់ចំណាត់ថ្នាក់គឺផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការអំពាវនាវឲ្យកងទ័ព បំបែកខ្លួន និងការប្រកាសប្រមូលលុយ ដើម្បីប្រើប្រាស់សម្រាប់ទិញទឹកចិត្តកងកម្លាំងប្រដាប់អាវុធឲ្យគាំទ្រខ្លួន។
អង្គភាពប្រតិកម្មរហ័សបានថ្លែងថា រាល់សកម្មភាពផ្ដល់ជាមធ្យោបាយ ឬហិរញ្ញវត្ថុផ្គត់ផ្គង់ ឬការគាំទ្រសកម្មភាពទាំងនេះក៏ត្រូវបានចាត់ទុកជាការផ្ដល់ហិរញ្ញប្បទានភេរវកម្ម។ សកម្មភាពនេះមិនត្រឹមតែផ្ទុយនឹងច្បាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានបណ្ដាលឲ្យប្រទេសធំៗលើពិភពលោកកំពុងសហការគ្នាយ៉ាងស្អិតល្មួតដើម្បីប្រយុទ្ធប្រឆាំងផងដែរ ជាពិសេសសហរដ្ឋអាមេរិក។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ជាក់ថា ផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី មិនមែនក្នុងហេតុផលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យទេ ផ្ទុយទៅវិញជាផែនការរដ្ឋប្រហារតាមវិធីញុះញង់ អុជអាល បំផុសបំផុល អូសទាញប្រមូលកម្លាំងប្រជាជនស្តូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ហិង្សាក្នុងគោលដៅផ្ដួលរំលំរដ្ឋាភិបាល។ អង្គភាពក៏លើកឡើងថា អ្នកគាំទ្រផែនការរដ្ឋប្រហារនេះក៏បានឆ្លងកាត់បន្ទាត់ក្រហមនៃសិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយ ហើយបានចូលរួមចំណែកក្នុងសកម្មភាពរដ្ឋប្រហារផងដែរ។
វីដេអូដដែលថ្លែងថា៖ «ទាក់ទិននឹងអំពើរដ្ឋប្រហារនៅកម្ពុជា ទណ្ឌិត សម រង្ស៊ី ជាមនុស្សទី ២ បន្ទាប់ពីសេនាប្រមុខ លន់ នល់ ដែលថ្លើមធំហ៊ានជាន់ឈ្លីព្រះមហាក្សត្រជាសាធារណៈតាមរយៈពាក្យសម្ដី និងសំណេរប្រមាថយ៉ាងឃោរឃៅដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ព្រះអង្គ»។
អង្គភាពនេះលើកឡើងថាជីវិតនយោបាយរបស់លោក សម រង្ស៊ី ដល់ទីបញ្ចប់ហើយ ដោយសារតែលោកមានកំហុសកាន់តែធ្ងន់ រដ្ឋាភិបាលមានវិធានការកាន់តែតឹងរ៉ឹងការគាំទ្ររបស់លោកកាន់តែបាត់បង់ ចំណែកព្រះមហាក្សត្រ ដែលជាច្រកតែមួយគត់សម្រាប់បើកផ្លូវឲ្យលោករួចផុតពីទោសទាំងអស់នោះ ក៏ត្រូវបានលោកប្រកាសផ្ដួលរំលំទៀត។
អង្គភាពនេះបញ្ជាក់ពីជំហររដ្ឋាភិបាល ដោយថ្លែងថា៖ «រាជរដ្ឋាភិបាលដាច់ខាតត្រូវតែកម្ទេចចោលក្បាលម៉ាស៊ីនដឹកនាំ និងបណ្ដាញនៃរចនាសម្ព័ន្ធផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំរាជានិយម និងរាជរដ្ឋាភិបាលជ្រកក្រោមលេសវិលចូលស្រុក ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ ពីព្រោះពេលនេះជនក្បត់ជាតិ សម រង្ស៊ី និងគូកនពិតជាបានឆ្លងកាត់បន្ទាត់ក្រហម ប្រជាធិបតេយ្យ ហើយកំពុងអនុវត្តផែនការធ្វើរដ្ឋប្រហារ»។
លោក ឯក សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានថ្លែងថា លោក សម រង្ស៊ី បានឆ្លងបន្ទាត់ក្រហមនៅកម្ពុជា ប៉ុន្តែលោកនៅតែមានសកម្មភាពធម្មតានៅក្រៅប្រទេសដូចជាអាមេរិក និងបារាំង។
លោកបានបន្តថា៖ «អ្នកនយោបាយប្រើគ្រប់មធ្យោបាយលែងបានគិតពីផលប្រយោជន៍រួមហើយ ដោយឈ្លោះគ្នាជាលក្ខណៈបុគ្គល»។ ចំពោះការអំពាវនាវឲ្យកងកម្លាំងបែរចុងកាណុងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយឲ្យពលរដ្ឋងើបឡើងលោក សុវណ្ណារ៉ា យល់ថា នៅពេលនេះវាគ្រាន់តែជាការប្រកាសនៅឡើយមិនទាន់ចូលដល់ហិង្សាជាក់ស្ដែងទេ ពីព្រោះទង្វើជាក់ស្ដែងមិនទាន់កើតឡើងនៅឡើយ។
ចំណែកអ្នកវិភាគនយោបាយម្នាក់ទៀតគឺលោក ឡៅ ម៉ុងហៃ បានយល់ឃើញថា បើរដ្ឋាភិបាលចាត់ទុកអ្វីដែលលោក សម រង្ស៊ី កំពុងធ្វើថាបានឆ្លងបន្ទាត់ក្រហម រដ្ឋាភិបាលក៏គួរតែគិតផងដែរ ពាក់ព័ន្ធនឹងវិធានការរបស់រដ្ឋាភិបាលលើការធ្វើបាតុកម្មកាលពីដើមខែមករា ឆ្នាំ ២០១៤៕
វីដេអូ៖