
សកម្មភាពកាយសំរាម កំប្លោក និងស្មៅនៅប្រឡាយបឹងទំពុន និងប្រឡាយស្ទឹងមានជ័យកាលពីថ្ងៃទី៩ ឧសភា ២០២១។ រូបភាព មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
រាជធានីភ្នំពេញៈ អង្គភាពលូទឹក-បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការស្តារប្រឡាយទឹកស្អុយបឹងទំពុនប្រមូលកាកសំណល់សំរាមផ្សេងៗបានជិត ៧ ពាន់តោន។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក-បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី ១០ ឧសភានេះថា ការដែលក្រុមការងារចុះទៅធ្វើការស្តារប្រឡាយបឹងទំពុននេះ ព្រោះសង្កេតឃើញថា មានដុះស្មៅត្រឹបច្រើន និងមានសំរាមផងដែលជាមូលហេតុធ្វើឲ្យមានការរាំងស្ទះទឹកហូរទៅមិនរលូនល្អ។
លោកបន្តថា ការថែទាំស្តារប្រឡាយនេះចាប់ផ្តើមធ្វើនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ និងបានបញ្ចប់នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ ជាលទ្ធផលស្តារស្មៅត្រឹបសំរាម និងភក់បានចំនួន ៤ ៥៥០ ម៉ែត្រគុប ឬស្មើនឹង ៦ ៨២៥ តោន។
លោកថ្លែងថា៖ «ប្រឡាយហ្នឹងវាវែង មានប្រវែងប្រមាណជាង ៣ ពាន់ម៉ែត្រ គិតចាប់ពីស្ពានស្ទឹងមានជ័យ និងមានទទឹង ៣០ ម៉ែត្រ តភ្ជាប់ទៅកាន់ស្ថានីយបូមទឹកបឹងទំពុន ហើយការស្តារហ្នឹងគឺយើងស្តារតែនៅចុងប្រឡាយនេះទេ ដែលគិតទៅមានប្រវែងប្រមាណជាង ៦០០ ម៉ែត្រនៅជាប់ស្ថាននីយបូមទឹកបឹងទំពុន ព្រោះសំរាមវាហូរមក វាកកនៅទីហ្នឹង កាលណាយើងប្រមូលអស់ទៅវាលែងអីហើយ»។
ជាមួយគ្នានេះ លោក ដួង ចាន់សារ៉ាត់ បានស្នើប្រជាពលរដ្ឋសូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវកុំបោះសំរាមចូលក្នុងប្រឡាយផ្តេសផ្តាស ព្រោះវានាំឲ្យមានការកកស្ទះទឹក ជាពិសេសនៅរដូវវស្សាដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃ និង អនាម័យសហគមន៍ បានឲ្យដឹងថា តាមការកត់សម្គាល់របស់លោកផ្ទាល់ បរិស្ថាននៅរាជធានីភ្នំពេញមានភាពល្អប្រសើរច្រើន ព្រោះការទុកដាក់ វេចខ្ចប់ និងការបោះសំរាមចោល ប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន។
លោក យ៉ុនគូរ៉ា បន្តថា សម្រាប់អ្នកនៅតាមប្រឡាយមានផ្លូវច្រកតូចៗ ភាគច្រើនមិនមានអ្នកប្រមូលសំរាមទៅដល់ឡើយ ហេតុនេះពួកគាត់ជាប្រជាពលរដ្ឋមួយចំនួន នៅតែបន្តបោះសំរាមចោលទៅក្នុងប្រឡាយ ខណៈមានអ្នកខ្លះបានយកទៅដុតចោល។
ការដែលពលរដ្ឋបោះសំរាមចោលបែបនេះ ដោយសារតែមិនទាន់មានសេវា ប្រមូលសំរាមគ្រប់ច្រកល្ហក ដែលភាគច្រើនគឺមានតែការប្រមូលតាមឡាន ដែលគេហៅថាប្រមូលមធ្យម ប៉ុន្តែការប្រមូលបឋមឬ ប្រមូលតាមច្រកល្ហកដែលឡានចូលមិនដល់នោះគឺនៅមានកម្រិតនៅឡើយ។
លោកថ្លែងថា៖ «តាមរយៈការដែលខ្ញុំសាកសួរផ្ទាល់ ទៅកាន់ប្រជាពលរដ្ឋ គាត់ថា គាត់បង់សេវាក្នុង ១ ខែ ១ ដុល្លារដែរ តាមប្រព័ន្ធភ្លើងប្រព័ន្ធអីហ្នឹង ប៉ុន្តែសេវាប្រមូលសំរាមមិនបានទៅដល់ផ្ទះគាត់។ អីចឹងដល់ពេលគាត់កាន់មកក្រៅ ប្រុងបោះចោលត្រូវគេហាមឃាត់មិនឲ្យគាត់ចោល ព្រោះនៅតាមបណ្តោយផ្លូវ គ្មានធុងសំរាមសាធារណៈនោះទេ»៕