ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានរិះគន់អង្គការមូលនិធិសកលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ចំពោះការមិនបញ្ជូនលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន ក្នុងអំពើពុករលួយទាក់ទងនឹងប្រាក់ជំនួយសុខាភិបាល។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា លោកបានទាក់ទងអង្គការមូលនិធិសកលដើម្បីស្នើសុំភ័ស្តុតាងអំពើពុករលួយដែលអង្គការនេះរកឃើញ ក្នុងស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងអ្នកម៉ៅការឯកជន។ លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងមិនទទួលបានភ័ស្តុតាង ឬឯកសារដែលផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយទេ។ កុំខ្លាចសូមយកភ័ស្តុតាងមកឲ្យយើង»។
អង្គការមូលនិធិសកល បានផ្សព្វផ្សាយរបាយការណ៍ពេញលេញមួយដែលអាចទាញយកបាន ពីគេហទំព័ររបស់ខ្លួន នៅថ្ងៃ ទី១៣ ខែ វិចិ្ឆកា។
លោក សាវុធ បានថ្លែងទៀតថា៖ «ប្រសិនបើគេថា គេរកឃើញអំពើពុករលួយ ហេតុអ្វីគេមិនដើរចូលមកអង្គភាពប្រឆាំងអំពើពុករលួយ ហើយយកភ័ស្តុតាងមកបង្ហាញយើងថា គេបានរកឃើញមន្រ្តីក្រសួង សុខាភិបាល ប្រព្រឹត្តអំពើពុករលួយ។ យើងបើកទ្វារ ២៤ ម៉ោង ចាំស្វាគមន៍រឿងក្តីពុករលួយគ្រប់ករណី»។
ក្នុងអ៊ីមែលឆ្លើយតបនឹងការអត្ថាធិប្បាយរបស់លោក សាវុធ លោក Seth Faison ប្រធានទំនាក់ទំនងនៅអង្គការមូលនិធិសកល បានថ្លែងថា៖ «យើងកំពុងធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាលើបញ្ហាទាំងនេះ»។
បន្ទាប់ពីមានការចេញផ្សាយនូវរបាយការណ៍ កាលពីខែ វិច្ឆិកា លោក សាវុធ បានថ្លែងថា មន្រ្តីនៅមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺគ្រុនចាញ់ និងមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺអេដស៍ សើស្បែក និងកាមរោគ បានស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
លោកថ្លែងថា៖ «វាមិនមានន័យថា យើងមិនចាត់វិធានការលើរឿងក្តីនេះនោះទេ ប្រសិនបើអង្គការមូលនិធិសកលមិនបានដាក់ពាក្យបណ្តឹងនោះ។ ប៉ុន្តែ យើងឆ្ងល់ថា ហេតុអ្វីអង្គការនេះ ផ្សព្វផ្សាយថា មន្រ្តីក្រសួង សុខាភិបាល ប្រព្រឹត្តអំពើពុករលួយ»។ លោកបន្ថែមថា អង្គការនេះត្រូវស្នើឲ្យអង្គភាពចាត់វិធានការ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួង សុខាភិបាល លោក មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺអេដស៍ សើស្បែក និងកាមរោគ និងលោក ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺគ្រុនចាញ់មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ក្នុងលិខិតមួយផ្ញើជូនលោក ប៊ុនហេង ចុះថ្ងៃ ទី៩ ខែ ធ្នូ អង្គការមូលនិធិសកលបានកំណត់រយៈពេល ៣០ ថ្ងៃដល់រដ្ឋាភិបាលឲ្យប្រគល់ប្រាក់ជំនួយដែលប្រើប្រាស់មិនត្រឹមត្រូវមកវិញ បើមិនដូច្នោះទេ អង្គការនេះនឹងផ្អាកលុបចោល ឬកាត់បន្ថយកម្មវិធីជំនួយដែលមានទំហំថវិកាជាង ១០០ លានដុល្លារ៕ TK