The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អដ្ឋិធាតុ​ជាង ១០ ម៉ឺន​ត្រូវ​បាន​ចុះ​បញ្ជី​អភិរក្ស

អដ្ឋិធាតុ​ជាង ១០ ម៉ឺន​ត្រូវ​បាន​ចុះ​បញ្ជី​អភិរក្ស

Content image - Phnom Penh Post
អដ្ឋិធាតុជនរងគ្រោះក្នុងសម័យខ្មែរក្រហម​នៅបឹងជើងឯក។ ហេង ជីវ័ន

អដ្ឋិធាតុ​ជាង ១០ ម៉ឺន​ត្រូវ​បាន​ចុះ​បញ្ជី​អភិរក្ស

ភ្នំពេញៈ អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុងសម័យ​ខែ្មរ​ក្រហម​ជាង ១០ ម៉ឺន​ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ចុះ​បញ្ជី​ទុក​ជា​វត្ថុ​អភិរក្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យល់ ក្រោយ​ពី​ធ្វើ​កំណាយ​លើ​ទីតាំង​ពិឃាត​មនុស្ស​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស តាំង​ពី​ឆ្នាំ ២០១២ រហូត​បច្ចុប្បន្ន។

លោក វឿន វុទ្ធី ប្រធាន​នាយកដ្ឋា​ន​បុរាណវិទ្យា​និង​បុ​រេ​ប្រវត្ដិ​វិទ្យា​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គម្រោង​ស្រាវជ្រាវ​និង​អភិរក្ស​អដ្ឋិធាតុ​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​នេះ​មិន​មាន​ពេល​បញ្ចប់​ទេ តែ​នឹង​បន្ដ​ធ្វើ​ជា​រហូត​នៅ​ទូទាំង​ប្រទេស។

លោក​បាន​បន្ដថា៖ «យើង​ចង់​រក្សាទុក​នូវ​ប្រ​វ​ត្ដិ​សាស្ដ្រ​ដ៏​ជូរចត់​មួយ​នេះ​និង​អភិរក្ស​អដ្ឋិធាតុ​ជន​រង​គ្រោះ​ទាំង​នេះ រួច​ផ្សព្វផ្សាយ​ទៅ​សាធា​រណ​ជន​ឲ្យ​បាន​ដឹង​ដើម្បី​អប់រំ​មនុស្ស​កុំ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​មាន​ការ​គុំកួន​គ្នា​និង​ចូលរួម​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ក្នុង​ចិត្ដ​ឲ្យ​មាន​យុត្ដិធម៌​ក្នុង​សង្គម»។

បើតាម​លោក វុទ្ធី គោលបំណង​នៃ​ការអភិរក្ស​អដ្ឋិធាតុ​នេះ​គឺ​ចង់​វាយ​តម្លៃ​លើ​សាក​សព​ដែល​កន្លង​មក​មាន​ពាក្យ​ចចាម​អារ៉ាម​មិន​ច្បាស់​លាស់​ថា ត្រូវ​អ្នក​នេះ​សម្លាប់​ឬ​អ្នក​នោះ​សម្លាប់​ជា​ការ​មិន​យល់​គ្នា​ដើម្បី​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់។

លោក​ថា៖ «យើង​ជា​អ្នកបច្ចេកទេស និង​អ្នកស្រាវជ្រាវ​ប្រ​វ​ត្ដិ​សាស្ដ្រ យើង​ត្រូវ​ការ​ភាព​ច្បាស់​លាស់​មួយ។ អ៊ីចឹង​បាន​យើង​ធ្វើ​កោសល្យ​វិច័យ​លើ​សព​រួម​ទាំង​នោះ ព្រោះ​កាល​ពី​មុន​មាន​អ្នក​ខ្លះ​យល់​ថា ជន​រង​គ្រោះកាល​ពី​សម័យ​ប៉ុលពត​ស្លាប់​ដោយសារ​បែប​នេះ ដោយ​បែប​នោះ និង​ថា​មិន​មែន​ស្លាប់​ដោយ​របប​វាល​ពិឃាត។ អ៊ីចឹង​យើង​ស្វែងរក​អាហ្នឹង»។

លោក​បាន​ថ្លែងថា៖ «កោស​ល្យ​វិ​ច្ច័​យ​លើ​អដ្ឋិធាតុ​ជន​រង​គ្រោះ​នេះ យើង​រក្សា​ភ័ស្ដុតាង​ទាំង​មូល​ថា ជន​រង​គ្រោះ​ទាំង​នោះ​បាន​ស្លាប់​ក្នុង​របប​ប៉ុលពត​ដែល​ត្រូវ​សម្លាប់​ដោយ​ត្បូង​ចប សម្លាប់​ដោយ​ភ្លៅ​រទេះ សម្លាប់​ដោយ​អារ ក។ ទាំង​អស់​នេះ​គឺ​យើង​បាន​រក​ឃើញ​មាន​រហូត​ដល់ ៣០ ប្រភេទ​នៃ​ការ​សម្លាប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឬ​គេ​ហៅថា​ធ្វើ​ទារុណ​កម្ម​ដល់​ជន​រង​គ្រោះ​តែ​ម្ដង»។

លោក វុទ្ធី ឲ្យ​ដឹងថា ការធ្វើ​អភិរក្ស​និង​ចុះបញ្ជី បានធ្វើ​ទៅលើ​ទីតាំង​ជាង ១០០ កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ប៉ុន្តែ​អដ្ឋិធាតុ​ជាង ១០ ម៉ឺន​នាក់​នេះ បាន​មក​ពី​ការ​ធ្វើ​កំណាយ​លើ​ទីតាំង ៦ កន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន វាល​ពិឃាត​នៅ​ទួលស្លែង វាល​ពិឃាត​ជើង​ឯក វាល​ពិឃាត​វត្ដ​ប្រាសាទ​ក្របី វាល​ពិឃាត​ក្រាំង​តាចាន់ វាល​ពិឃាត​គោក​ព្រេច និង​វាល​ពិឃាត​ទួល​អស់​លោក។

លោក វុទ្ធី បញ្ជាក់ថា៖ «វាលពិឃាត​ទាំងអស់នេះ យើង​បាន​ចុះបញ្ជី អភិរក្ស​អស់​ហើយ និង​បាន​ប្រាប់​ឲ្យ​គ្រប់​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​តាម​បណ្ដា​ខេត្ដ​ឲ្យ​ពិនិត្យ​រក​មើល​វាល​ពិឃាត​ធំៗ​បន្ដ​ទៀត...»។

លោក ឆាំង យុ នាយក​មជ្ឃមណ្ឌល​ឯកសារ​កម្ពុជា (DCC-AM) យល់​ឃើញ​ថា ការ​ចុះប​ញ្ជី អភិរក្ស​អដ្ឋិធាតុ និង​វាល​ពិឃាត​នេះ​គឺជា​ការ​ចូលរួម​ចំណែក​ដល់​ការ​ផ្សះផ្សា​មួយ និង​ផ្ដល់​ការ​យល់​ដឹង​ដល់​អ្នក​ជំនាន់​ក្រោយ។

លោក​បន្ដថា៖ «ការចងចាំ គឺជា​យុត្ដិធម៌​ដែល​រឿងនេះ វា​មាន​ទំហំធំធេង។ ដូច្នេះ​ការ​ចូលរួ​មចំណែក​ណាមួយ​នៃ​ការ​ថែរក្សា​អដ្ឋិធាតុ​នេះ ពិត​ជា​បាន​ចូលរួម​បំពេញ​នូវ​ភាព​អយុត្ដិធម៌​ដែល​នៅ​មាន​ការ​ខ្វះខាត​សម្រាប់​ផ្សះផ្សា​ដល់​ជន​រង​គ្រោះ»។

បើតាម​លោក ឆាំង យុ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានចេញ​សារាចរ​កាលពី​ឆ្នាំ ២០០១ ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​ចូលរួម​ថែរក្សា​អដ្ឋិធាតុ​ជន​រង​គ្រោះ​ដែល​បន្សល់​ទុក​ពី​សម័យ​ខ្មែរ​ក្រហម​ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្វែង​យល់​បន្ថែម​ទៀត។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ចុះ​បញ្ជី អភិរក្ស​អដ្ឋិធាតុ​នេះ វា​ជាការបន្ដ​ការងារ​ដែល​យើង​បាន​ធ្វើ​តាំង​ពី​ជាង ២០ ឆ្នាំ​មុន ដែល​ជា​សញ្ញាណ​វិជ្ជមាន​បន្ថែម​ទៀត និង​បង្ហាញ​ថា យើង​មិន​បាន​បញ្ឈប់​ឬ​បំភ្លេច​ដោយ​យើង​នៅ​តែ​បន្ដ​ធ្វើ»៕

អត្ថបទគួរចាប់អារម្មណ៍