ព្រះសីហនុៈ អង្គការ​សមា​គម​អភិរក្ស​សត្វព្រៃ (WCS) និង​រដ្ឋ​បាលជល​ផល​នឹង​លែង​សត្វ​អណ្ដើក​ហ្លួង​ចំនួន ២០​ ក្បាល​នា​ថ្ងៃទី​ ២៦ ខែ​មេសា​ស្អែកនេះនៅក្នុង​កម្មវិធី​សម្ពោធ​គម្រោង​ទប់ស្កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ដែល​​ធ្វើ​ឡើង​នៅ​ភូមិ​បឹង​ត្រាច​ ឃុំ​ចម្ការ​លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។

កម្ម​វិធី​សម្ពោធ​និង​លែង​សត្វ​អណ្ដើក​ហ្លួង​ ២០ ​ក្បាល​នេះគឺ​មាន​ចូល​រួម​ពី​លោក អេង ជា​សាន ​ប្រតិ​ភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ជល​ផល​មន្ទីរ​ពាក់​ព័ន្ធ​ព្រះ​សង្ឃ​អាជ្ញា​ធរ​មូល​ដ្ឋាន​ម្ចាស់​ជំនួយ​សហ​គមន៍​មូល​ដ្ឋាន​សិស្ស​និង​គ្រូ​បង្រៀន​ដែល​កម្មវិធី​នេះ​សហ​ការ​រៀប​ចំ​ដោយ WCS និង​រដ្ឋ​បាល​ជលផល។

សេចក្ដី​ជូន​ដំណឹង​មួ​យ​​បាន​ចុះ​ផ្សាយ​ថា​កម្ម​វិធី​សម្ពោធ​និង​លែង​អណ្ដើក​ហ្លួង​​នា​ពេលនេះ​គឺមាន​បំណង​ដើម្បី​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​ឬ​អណ្ដើក​សរ​សៃ ដែល​គេ​ជឿថា ​បាន​ផុត​ពូជ​អស់​ហើយ​នៅ​កម្ពុជា​ ប៉ុន្តែ​មក​ដល់​ឆ្នាំ ២០០០ ​រដ្ឋ​បាល​ជល​ផល​ និង​អង្គការ​សមា​គម​អភិ​រក្ស​សត្វ​ព្រៃ​កម្ពុជា​បាន​រក​ឃើញ​សា​ជាថ្មី​នូវ​ប្រភេទ​អណ្ដើក​នេះ​មួយ​ចំនួន​តូច នៅ​សេសសល់​តាម​ដង​ព្រែក​ស្រែ​អំបិល។

សេចក្ដី​ជូន​ដំណឹង​នេះ​បន្ត​ថា «ចា​ប់តាំ​ងពី​ពេល​នោះ​មក អង្គការ​សមា​គម​អភិរក្ស​សត្វព្រៃ​និង​រដ្ឋបាល​ជល​ផល​ បាន​សហ​ការគ្នា​ដើម្បី​ការពារ​ប្រភេទ​សត្វ​អណ្ដើក​នេះ​កុំឱ្យ​ផុត​ពូជ​រួម​មាន កម្មវិធី​ការពារ​សម្បុក​អណ្ដើក​ហ្លួង ការ​ចិញ្ចឹម​ថែទាំ​ក្រោយ​ពេល​ញាស់ ​ការទប់ស្កាត់​​ការជួ​ញដូរ​ខុសច្បាប់ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​ការ ពិនិត្យ​តាម​ដាន ការ​ផ្សព្វ​ផ្សាយនិង​ការគាំទ្រ​លើ​ជីវភាព​រស់នៅ​របស់​សហគមន៍»។

លោក សោម​ ស៊ីថា ទីប្រឹក្សា ប​ច្ចេកទេស​គម្រោង​នៃ​អង្គការ​ WCS បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​បន្ថែម​កាល​ពី​ថ្ងៃ អង្គារ​​ថា ការសម្ពោ​ធ​គម្រោង​ដើម្បី​ទប់​ស្កាត់​ការជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នេះគឺជា​គម្រោង​ថ្មី​មួយ​ដែល​សំដៅ​ទៅដល់​ការ​អភិរក្ស​សត្វ​ព្រៃ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​ត្រឹម​តែ​សត្វ​អណ្ដើក​ហ្លួង​នេះ​ទេ ជា​ពិសេស​គឺ​ទប់​ស្កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ឆ្លង​ដែន ​ចេញពី​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រទេស​ជិត​ខាង។

លោក​បាន​បញ្ជាក់​ថា៖ ​«គម្រោង​ទប់​ស្កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ហ្នឹង គឺ​មាន​រយៈ​ពេល ៤ ​ឆ្នាំ ពី​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២២»។​

លោក ​ស៊ីថា​ បន្ត​ថា គម្រោង​ទប់ស្កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​នេះគឺ​ឧបត្ថម្ភ​ថវិកា​ដោយ​សហ​ភាព​អឺរ៉ុប ប៉ុន្តែ​លោក​មិន​បាន​ដឹង​អំពី​ទំហំ​ទឹក​ប្រាក់​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា ការ​លែង​សត្វ​អណ្ដើក​ហ្លួ​ង​ទាំង ​២០​ ក្បាល​នេះ​ គឺជា​ការ​លែង​ទ្រង់ទ្រា​យ​ធំ​លើក​ទី ៣​ ហើយ​ ដោយ​លើក​ទី​ ១​ កាលពី​ឆ្នាំ​ ២០១៥ ​ខាង​ WCS ​និង​រដ្ឋបាល​ជល​ផល​​លែង​ ២១ ​ក្បាល និង​លើក​ទី ២​ ក្នុង​ឆ្នាំ ២០១៧ បាន​លែង​ចំនួន​ ២៥​ ក្បាល ហើយ​បច្ចុប្បន្ន​នេះ សត្វ​អណ្ដើក​ប្រភេទ​នេះគឺមាន​រស់នៅ​តែ​តាម​ដង​ព្រែក​អំបិល ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះសី​ហនុ​និង​ខេត្ត​កោះកុង​ប៉ុណ្ណោះ។

ចំណែក​លោក ​អេង ជា​សាន ប្រតិភូ​រាជរដ្ឋា​ភិបា​ល​ទទួលប​ន្ទុក​រដ្ឋបាល​ជល​ផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា សព្វថ្ងៃ​សត្វ​អណ្ដើក​ហ្លួង​ត្រូវការ​ពារ​តាម​រយៈ​ការ​ទប់​ស្កាត់​កុំឱ្យ​មាន​ការបូម​ខ្សាច់​ដែលជា​ទីជម្រក​របស់​វា​ស្ថិត​ក្នុង​ព្រែក​ស្រែ​អំបិល និង​កា​រផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​នេ​សាទ​ឱ្យ​ស្គាល់​អំពី​ប្រភេទ​សត្វ​អណ្ដើក​នេះ ដើម្បី​ការពារ​កុំឱ្យ​ពួក​គាត់​ចាប់​យក​ទៅ​បរិភោគ​នៅ​ពេល​នេសាទ​បាន។

លោក​បានបញ្ជាក់ថា៖ ​«អណ្ដើក​ហ្នឹង​យើង​លែងគឺ​ដើម្បី​ការ​ពារ ព្រោះ​អា​ហ្នឹង​វា​ជា​ប្រភេទ​ជិត​ផុត​ពូជ»៕