កោះកុងៈ មេអណ្តើកហ្លួងចំនួន ៥ ក្បាល ដែលចិញ្ចឹមក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងបានពងជាលើកដំបូងសរុបបានចំនួន ៧១ ពង ខណៈអ្នកជំនាញកំពុងសិក្សាស្វែងរកកន្លែងភ្ញាស់។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ wcs កាលពីម្សិលមិញ។
លោក លាក់ រតនា មន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS ប្រចាំកម្ពុជាថ្លែងថា អណ្តើកទាំង ៥ ក្បាលនោះបានពងក្នុងពេល ២ សប្តាហ៍មុន នៅលើឆ្នេរខ្សាច់សិប្បនិមិ្មតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង សរុបមានចំនួន ៧១ ពង។ លោកថា ពងអណ្តើកហ្លួងទាំងអស់នោះគឺពងចេញមេអណ្តើកហ្លួង ៥ ក្បាល ដែលក្រុមការងារបានយកទៅចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលនោះកាលពីជាង ១០ ឆ្នាំមុន។
លោកបានថ្លែងថា៖ «មេអណ្តើកហ្លួងទាំង ៥ នោះគឺមាន ៤ ក្បាល ត្រូវបានក្រុមការងារយកពីតាមឆ្នេរខ្សាច់ក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្រោយញាស់ភ្លាម និង ១ ក្បាលទៀត ត្រូវបានពលរដ្ឋនៅខេត្តកោះកុងយកមកប្រគល់ឱ្យកាលពីឆ្នាំ ២០១៧»។
លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុង និងមេគង្គនៃអង្គការ WCS បានថ្លែងថា ចំពោះការភ្ញាស់ពងកូនអណ្តើកហ្លួងទាំងនេះនៅមិនទាន់អាចបញ្ជាក់បានថាយ៉ាងណានៅឡើយទេ ដោយសារក្រុមការងារកំពុងស្រាវជ្រាវ។
លោកថ្លែងថា៖ «នេះជាលើកទី១ ហើយដែលអណ្តើកហ្លួងចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលនេះបានពងក្រោយពេលមេអណ្តើកហ្លួងទាំងនេះត្រូវបានយកមកចិញ្ចឹមថែទាំតាំងពីឆ្នាំ ២០០៦ មក។
ក្រុមការងារកំពុងពិភាក្សាគ្នាថា តើត្រូវសាងសង់សម្បុកសិប្បនិម្មិតដើម្បីភ្ញាស់ពងទាំងនេះ ឬមួយក៏ទុកវាឱ្យញាស់ក្នុងសភាពដើម» ។
លោក ស្ទីវិនផ្លាត អ្នកជំនាញផ្នែកឧរង្គសត្វ និងថលជលិកនៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែងថា នេះគឺជារឿងសំខាន់មួយដែលមិនគួរឱ្យជឿថា ប្រភេទសត្វអណ្តើកដ៏កម្របែបនេះអាចពងច្រើននៅទីនោះ។ ការបង្កកំណើតរបស់សត្វអណ្តើកហ្លួង គឺជាគោលដៅអភិរក្សមួយសម្រាប់ស្តារប្រភេទអណ្តើកហ្លួង ដែលជិតផុតនេះឡើងវិញនៅក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ «យើងរំពឹងនឹងអាចជំរុញការបង្កាត់ប្រភេទអណ្តើកនេះបានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះថែមទៀត និងអាចយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ»។
លោកស្រីបណ្ឌិត សុន ចាលូហ្ស៍ អនុប្រធានផ្នែកអភិរក្ស ស្រាវជ្រាវ និងពេទ្យសត្វនៃឧទ្យានសត្វព្រៃប្រទេសសិង្ហបុរី (WRS) ថ្លែងថា ឧទ្យានសត្វព្រៃប្រទេសសិង្ហបុរី (WRS) មានក្តីរំភើបដោយបានចូលរួមចំណែកក្នុងគោលដៅដ៏សំខាន់មួយទៀត ដើម្បីអភិរក្សប្រភេទអណ្តើកដ៏កម្រនេះ។
លោកស្រីថា៖ «លទ្ធផលថ្មីនេះជាការលើកទឹកចិត្តមួយសម្រាប់ពួកយើងដោយឃើញដៃគូរបស់យើងសម្រេចការងារបានលទ្ធផលល្អ ទោះបីជាស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែងដោយជំងឺរាតត្បាតនៅលើពិភពលោកក្តី» ។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលថ្លែងថា ការទទួលបានលទ្ធផលដ៏អស្ចារ្យនេះជាមោទនភាពមួយ។ ពងអណ្តើកទាំងនេះនឹងអាចញាស់បន្តពូជអណ្តើកដ៏កម្រនៅកម្ពុជាសម្រាប់អ្នកជំនាន់ក្រោយបានដឹង។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំលើកទឹកចិត្ត និងគាំទ្រពេញទំហឹង និងបន្តកិច្ចការស្រាវជ្រាវនេះទៀត ដើម្បីសម្រេចគោលដៅក្នុងពេលអនាគត ហើយយើងសង្ឃឹមថា អណ្តើកហ្លួងទាំងនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត» ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS បញ្ជាក់ថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងមានអណ្តើកហ្លួងចំនួន ១៩២ ក្បាល។ អណ្តើកហ្លួងជំទង់ចំនួន ៩៦ ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ចាប់តាំងពីឆ្នាំ ២០១៥ មក។ ជាមួយគ្នានោះក្រុមការងារគ្រោងនឹងលែង ៥០ ក្បាលទៀត នៅចុងឆ្នាំ ២០២១ ខាងមុខនេះ៕
វីដេអូ៖