The Phnom Penh Post Search

Search form

អណ្តើក​ហ្លួង​ កំពុង​រង​ការ​គំរាម​កំហែង​​ដោយ​ការ​បូម​ខ្សាច់

ក្រុម​អភិរក្ស​លែង​អណ្តើក​ហ្លួង​​ចូល​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​វិញ​កាលពី​ពេល​កន្លង​មក​។
ក្រុម​អភិរក្ស​លែង​អណ្តើក​ហ្លួង​​ចូល​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​វិញ​កាលពី​ពេល​កន្លង​មក​។ រូបថត WCS

អណ្តើក​ហ្លួង​ កំពុង​រង​ការ​គំរាម​កំហែង​​ដោយ​ការ​បូម​ខ្សាច់

កោះកុងៈ សត្វ​អណ្តើក​ហ្លួង​ដែល​ជិត​ផុត​ពូជ​ពី​ក្នុង​ពិភពលោក​ទៅ​ហើយ​នោះ​កំពុង​តែ​បាត់បង់​ជម្រក​ហើយ​ការ​ពង​កូន​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​អាជីវកម្ម​បូម​ខ្សាច់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដោយ​ខុស​ច្បាប់​ក្នុង​ខេត្ត​កោះកុង។

សត្វ​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ​កំពុង​តែ​ទទួល​រង​ការ​គំរាម​កំហែង​ក្នុង​ការ​រស់នៅ​ពិសេស​គឺ​ «សកម្មភាព​បូម​ខ្សាច់ និង​ការ​កាប់​ឆ្ការ​ព្រៃ​លិច​ទឹក»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ម្សិលមិញ​របស់​អង្គការ​ WCS។

សេចក្តី​ប្រកាស​នោះ​បាន​សរសរ​ថា​អណ្តើក​នេះ​គឺជា​អណ្តើក​មួយ​ប្រភេទ​ក្នុង​ចំណោម​អណ្តើក ២៥ ប្រភេទ​ដែល​កំពុង​តែ​រងគ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ រីឯ​​នៅ​ប្រទេស​កម្ពុជា​វិញ​វា​ត្រូវ​បាន​រកឃើញ​មាន​នៅ​តែ​ព្រែក​ស្រែ​អំបិល​ក្នុង​ខេត្ត​កោះកុង​តែ​មួយ​កន្លែង​ប៉ុណ្ណោះ។

អង្គការ​នេះ​បញ្ជាក់​ថា៖ «រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​​នៅ​សេសសល់​តិចតួច​របស់​អណ្តើក​ហ្លួង​នៅ​កម្ពុជា​មាន​ប្រហែល​តិច​ជាង ១០ ក្បាល។ ការ​កើនឡើង​នូវ​ការ​រំខាន​ដល់​ជម្រក​របស់​ពួកវា​ថ្មីៗ​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​សត្វ​នេះ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ដែល​ឈាន​ដល់​ការ​ផុត​ពូជ»​។

Content image - Phnom Penh Post
សត្វ​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ​កំពុង​តែ​ទទួល​រង​ការ​គំរាម​កំហែង​ក្នុង​ការ​រស់នៅ​ពិសេស​គឺ​ «សកម្មភាព​បូម​ខ្សាច់ និង​ការ​កាប់​ឆ្ការ​ព្រៃ​លិច​ទឹក»។ WCS

លោក​ សោម ស៊ីថា ទីប្រឹក្សា​គម្រោង​តំបន់​អភិរក្ស​ស្រែ​អំបិល​បាន​ឲ្យ​ដឹង​ថា​អណ្តើក​ហ្លួង​នោះ​អាច​នឹង​បាត់បង់​ពី​ទឹកដី​កម្ពុជា​ក្នុង​រយៈពេល​ពី ៥ ទៅ​ ១០ ឆ្នាំ​ទៀត​ប្រសិន​បើ​គ្មាន​ការ​អភិរក្ស​ទេ​នោះ។

លោក​​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ ២០១៥ អណ្តើក​ហ្លួង​បាន​ពង​កូន​ចំនួន​ ៤ សម្បុក​តែ​នៅ​ឆ្នាំ ២០១៦ នេះ​មាន​តែ ១ ​សម្បុក​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖ «នៅ​ប្រទេស​ជិត​ខាង​យើង​ដូចជា​វៀតណាម និង​ថៃ​បាត់បង់​អស់​ហើយ។ ចឹង​បើ​យើង​បាត់បង់​ដែរ​វា​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់។ វា​ជា​មុខមាត់​មួយ​របស់​ប្រទេស​ជាតិ​យើង​ដែរ»។ លោក​​បន្ត​ថា​កត្តា​បូម​ខ្សាច់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ការ​ឆ្ការ​ព្រៃ​លិច​ទឹក​គឺជា​មូលហេតុ​ធំ​បំផុត​ដែល​​បណ្តាល​ឲ្យ​បាត់បង់​ជម្រក​អណ្តើក​ហ្លួង​នេះ។

លោក​ថា​អណ្តើក​ហ្លួង​បំផ្លាស់​ទី​តាម​ដង​ទន្លេ​ជាង ៩០ គីឡូម៉ែត្រ​នៅ​ព្រែក​អំបិល​នោះ​ហើយ​អង្គការ​ WCS បាន​កំពុង​តែ​សហការ​ជាមួយ​នឹង​រដ្ឋបាល​ជលផល​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ដើម្បី​ចុះ​ល្បាត​ការពារ​ជម្រក និង​​កន្លែង​ពង​កូន​របស់​សត្វ​នេះ។

Content image - Phnom Penh Post
ក្រុម​អភិរក្ស​លែង​អណ្តើក​ហ្លួង​​ចូល​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​វិញ​កាលពី​ពេល​កន្លង​មក​។ រូបថត WCS

លោក​ស៊ី​ថា​មិន​ទាន់​បាន​ដឹង​ពី​ព័ត៌មាន​លម្អិត​ពី​ករណី​បូម​ខ្សាច់​នោះ​ទេ​ដោយ​លោក​ថ្លែង​ថា​មន្ត្រី​រដ្ឋបាល​ជលផល និង​អង្គការ​លោក​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​ហើយ​។

អង្គការ WCS ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​អណ្តើក​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «ហ្លួង» គឺ​ដោយសារ​មាន​តែ​គ្រួសារ​រាជវង្ស​ទេ​ដែល​អាច​សោយ​វា​បាន​កាលពី​មុន​។ លើស​ពី​នោះ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០០៥ បាន​ដាក់​បញ្ជូល​អណ្តើក​ហ្លួង​ជា​ប្រភេទ​ល្មូន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៀត​ផង។

កាលពី​មុន​ឆ្នាំ ២០០០ អណ្តើក​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បាន​បាត់បង់​ពី​ទឹកដី​កម្ពុជា​ទៅ​ហើយ។ តែ​រដ្ឋបាល​ជលផល​ និង​អង្គការ ​WCS បាន​សហការ​គ្នា​ធ្វើការ​ស្រាវជ្រាវ​នឹង​រកឃើញ​នៅ​ព្រែក​ស្រែ​អំបិល​នោះ​។

លោក អ៊ិន ហ៊ុល មន្ត្រី​ជលផល និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​អភិរក្ស​បាន​ថ្លែង​ថា​ការ​បូម​ខ្សាច់​កំពុង​បំផ្លាញ​ជម្រក​ធម្មជាតិ និង​រំខាន​ការ​ពង​កូន​របស់​អណ្តើក។ លើស​ពី​នោះ​ពលរដ្ឋ​កំពុង​តែ​កាប់​ឆ្ការ​ព្រៃ​លិច​ទឹក​ធ្វើ​អុស និង​យក​ដី​ធ្វើ​កសិកម្ម​នៅ​មាត់​ព្រែក​ហើយ​ការ​ធ្វើ​កសិកម្ម​នោះ​វា​មាន​ប្រើប្រាស់​ជី​គីមី​ពុល​ហើយ​ហូរ​ចូល​ក្នុង​ទឹក​ដែល​ក៏​វា​កំពុង​បង្ក​ការ​ប៉ះពាល់​ដល់​អណ្តើក​ផង​ដែរ​។

លោក​ ហ៊ុល ​បញ្ជាក់​ថា៖ «​នៅ​តាម​ព្រែក​ស្រែ​អំបិល​ហ្នឹង​នៅ​តែ​បូម​ខ្សាច់​ធម្មតា​ចឹង។ ពេល​យើង​ទៅ​សួរ​គេ​ថា​មាន​ច្បាប់ ឬ​មិន​ប្រាប់​យើង​ទៀត។ ជនល្មើស​ខ្លះ​បូម​ដោយ​ប្រើ​ឈ្មោះ​អ្នក​នេះ​អ្នក​នោះ​ជាដើម»។

សកម្មជន​បរិស្ថាន​ក្នុង​ខេត្ត​កោះកុង​លោក ថុន រដ្ឋា បាន​សង្កេត​ឃើញ​ថា​មាន​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​ជាច្រើន​កំពុង​តែ​កើត​មាន​ក្នុង​ទឹកដី​ខេត្ត​កោះកុង​ក្នុង​នោះ​ក៏​មាន​នៅ​ព្រែក​ស្រែ​អំបិល​ដែល​ជា​ជម្រក​អណ្តើក​ផង​ដែរ។ លោក​អះអាង​ថា​គេ​បាន​បូម​ខ្សាច់​ដើម្បី​​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ​កម្មករ​ភាគច្រើន​គឺជា​ជនជាតិ​វៀតណាម​។

សកម្មជន​បរិស្ថាន​ចំនួន​បី​នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ប្រឆាំង​ទៅ​នឹង​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​នោះ​។

ទោះ​យ៉ាង​ណា​លោក​ ឌិត ទីណា អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ថា​នា​ពេល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៤ មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​​ពី​ក្រសួង​ហើយ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទាំង​នោះ​គឺ​សុទ្ធ​តែ​ធ្វើ​ឡើង​តាម​ការ​សិក្សា​ពី​ផលប៉ះពាល់​ត្រឹមត្រូវ។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​ជា​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​គឺ​ផ្អែក​​ទៅលើ​ការ​សិក្សា និង​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ហើយ​អ្វី​ដែល​គាត់​ធ្វើ​គឺ​ស្ថិត​ក្នុង​ដែន​អាជ្ញាប័ណ្ណ​គ្មាន​ក្រៅ​ទេ»។

លោក​បាន​បន្ត​ថា​ប្រសិន​បើ​មាន​ការ​បូម​ខ្សាច់​ក្រៅ​ដែន​អាជ្ញាប័ណ្ណ​សូម​ប្រជាពលរដ្ឋ​បញ្ជាក់​ប្រាប់​ពី​បុគ្គល និង​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ឲ្យ​ក្រុម​អធិការកិច្ច​ចុះ​ទៅ​ពិនិត្យ​៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។