ភ្នំពេញៈ អតីត​មន្ត្រី​ក្រឡាបញ្ជី​សាលា​ឧទ្ធរណ៍ ​លោក​ ទេព ធីរិទ្ធ ​ដែលរង​ការចាប់​ឃាត់ខ្លួន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​កាលពី​ថ្ងៃសុក្រ​នោះ ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​វិញហើយ​ កាល​ពី​ថ្ងៃ​អាទិត្យ ​ប៉ុន្តែ​បាន​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការត្រួត​ពិនិត្យ​តាម ផ្លូវ​តុលាការ។

អ្នក​នាំពាក្យ​នៃ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​ គុជ គឹមឡុង ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា​ ក្រោយពី​បញ្ចប់​ការសាកសួរ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ​ជនសង្ស័យ​ឈ្មោះ​ ទេព ធីរិទ្ធ ​អាយុ ៤៦ ឆ្នាំ ​ជា​អតីត​មន្ត្រី​ក្រឡា​បញ្ជី​សាលា​ឧទ្ធរណ៍ ​ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់​ពីបទ ​«វីតិក្រម» ​តាម​មាត្រា ៥៩៣ នៃ​ក្រម​ព្រហ្មទណ្ឌ ​ បទ​ល្មើស​ដែលត្រូវ​អនុវត្ត​ការផ្តន្ទាទោស​ដាក់​ពន្ធនា​គារ​ពី​ ២ ឆ្នាំ​ ទៅ ៥ ឆ្នាំ ​និងពិន័យ​ជា​ប្រាក់​ពី​ ៤ លានរៀល​ទៅ​ ១០ ​លានរៀល។

លោក​បានបញ្ជាក់​ថា​៖ «ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​នៅក្នុង​សំណុំ​រឿងនេះ ​បានសម្រេច​ដាក់​ជន​សង្ស័យឲ្យ​ស្ថិតនៅ​ក្រោម​ការត្រួត​​ពិនិត្យ​តាម​ផ្លូវ​តុលាការ ​ហើយ​នៅ​ពេលនេះ​ជនសង្ស័យ​ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​ជាបណ្ដោះ​អាសន្ន»។

កាលពី​ថ្ងៃទី ៥ ​ខែ កក្កដា ​ឆ្នាំ​ ២០១៩ ​លោក​ ទេព ធីរិទ្ធ ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ឃាត់ខ្លួន​ដើម្បី​សួរ​នាំ​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។ ទោះជា​យ៉ាងណា ​រហូត​មក​ទល់​ថ្ងៃ​ម្សិលមិញ​ លោក​ ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​នៅ​មិនទាន់​ទម្លាយ​ឲ្យដឹង​អំពី​ព័ត៌មាន​លម្អិត ​ទាក់​ទងនឹង​អំពើពុករលួយ ​ដែល​ជនជាប់​សង្ស័យ​ឈ្មោះ​ ទេព ធីរិទ្ធ​ បាន​ប្រព្រឹត្ត​នោះ​ទេ។

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ ​និង​មហាអយ្យការ ​បាន​គូស​បញ្ជាក់​ថា ​បុគ្គល​ឈ្មោះ ​ទេព ធីរិទ្ធ ​ជាអតីត ក្រឡា​បញ្ជី​សាលា ឧទ្ធរណ៍ ​ប៉ុន្តែ​ឈ្មោះ​នេះ​ត្រូវបាន​បញ្ឈប់​ពីការងារ​តាំង​ពីថ្ងៃ​ទី ២​ ខែ មេសា​ ឆ្នាំ ២០១៩​ មក​ម៉េ្លះ ​ដោយ​សារ​មិន​ទទួល​យក​ការអប់​រំ​ណែនាំ ​ឬការកែតម្រូវ​នូវ​ចំណុច​អវិជ្ជមាន​របស់​ខ្លួន ​ពី​ថ្នាក់​ដឹក​នាំនៃ​សាលា​ឧទ្ធរណ៍។ ប្រភព​ដដែល​បន្ថែម​ថា ​ទោះ​បី​ជា​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក៏ដោយ​ ក៏​បុគ្គល​រូបនេះ ​នៅតែ​ឆ្លៀត​យក​តួនាទី​ជាក្រឡា​បញ្ជី ​ទៅ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។

លោក​ ទូច ថារិទ្ធ ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន ​បាន​ដាក់​ពាក្យ​បណ្តឹង ​ប្ដឹង​ប្រឆាំង​ឈ្មោះ ​ទេព ធីរិទ្ធ ​មក​អគ្គលេខាធិការដ្ឋាន​សាលាឧទ្ធរណ៍​ដោយ​ចោទ​ប្រកាន់​អតីត​មន្ត្រី​ក្រឡា​បញ្ជី​រូបនេះ​ថា ​បាន​យក​លុយ ​ឬស៊ីដាច់​លុយ​របស់​ពួកគេ។

លោក​បញ្ជាក់​ថា​៖ «អតីត​មន្ត្រី​ក្រឡា​បញ្ជី​រូបនោះ ​ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​ប្ដឹង​ចោទប្រកាន់​ថា ​បាន​ស៊ី​ដាច់​លុយ​របស់​ពួកគេ ​ប៉ុន្តែ​ក្នុង​រឿង​អ្វី​ឲ្យពិត​ប្រាកដ​នោះ ​ខ្ញុំ​មិនបាន​ដឹង​ច្បាស់​នោះទេ ​ព្រោះ​វា​ជារឿង​បុគ្គល»៕